គួររម្លឹកថា កាលពី៤ឆ្នាំមុន ស្ពានអាកាសថ្មើរជើងទី៤ ត្រង់ចំណុចក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវបានដាក់ឈ្មោះថា «តេជោសន្តិភាពកំពង់ស្ពឺ» ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងច្បារមន និងក៏ដូចជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ ដែលប្រឈមគ្រោះថ្នាក់ចរាចរណ៍។
តែតាមការកត់សំគាល់ គឺស្ពានអាកាសដ៏ស្រស់ស្អាតមួយនេះ ដែលត្រូវបានចំណាយទឹកប្រាក់សាងសង់ប្រមាណ ៣៤ ម៉ឺនដុល្លារ និងក៏ដូចស្ពានថ្មើរជើងដទៃទៀត ហាក់ពុំសូវឃើញមានប្រជាពលរដ្ឋ និយមប្រើប្រាស់នោះទេ ដោយអ្នកថ្មើរជើងនៅតែឃើញប្រើប្រាស់ផ្លូវខាងក្រោមដដែល ដែលគេជឿថាមកពីខ្ជិលឡើងតែម្តង។ ហើយទន្ទឹមនឹងនេះ គេក៏មិនដឹងថា ស្ថានភាពលើស្ពាន នៅតែរក្សាបានសណ្តាប់ធ្នាប់ល្អស្អាត ឬយ៉ាងណានោះទេ។
ពិតណាស់ ដូចការគិតមិនខុសមែន ព្រោះថា កាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលចង់ដឹង និងចង់សាកធ្វើដំណើរឆ្លងកាត់ជាលើកទី១ បានបង្ហាញអារម្មណ៍រហួសចិត្ត និងខ្ពើមរអើមជាខ្លាំង ខណៈបានឃើញស្ថានភាពផ្នែកលើនស្ពាននេះ ពិតជាមហាសែនគគ្រេចដ៏មិននឹកស្មានដល់។
ជាក់ស្តែង តាមរយៈវីដេអូដែលបុរសរូបនោះថត បានបង្ហាញឲ្យឃើញថា ស្ពានទាំងមូល គឺចាប់តាំងពីកាំជណ្តើរ រហូតដល់លើស្ពាន គឺភាពកខ្វក់ខ្លាំង ដែលពោរពេញទៅដោយ ដី សំរាម ក្រណាត់មុងភួយ កន្ទេលរញ៉េរញ៉ៃ មានដក់ទឹក ឆ្អេះក្លិនទឹកនោម ដែលឃើញហើយ មិនគួរឲ្យចង់ដើរឆ្លងកាត់សោះឡើយ។ ហើយស្ថានភាពដ៏គគ្រិចបែបនេះ គេជឿថា ជាលទ្ធផលបន្សល់ទុករបស់ជនអនាថា និងក្រុមប្រើប្រាស់គ្រឿងញឿនតែម្តង។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអ្នកកំពង់ស្ពឺផ្ទាល់ បានបញ្ចេញមតិថា «កខ្វក់ណាស់គ្រាន់ឃើញអស់អារម្មណ៍ឆ្លងហើយ, ខ្ញុំអ្នកនៅខេត្តកំពង់ស្ពឺដែរ តែស្ពានហ្នឹងដូចជាខុសប្រក្រតីពេក ដូច្នេះខ្ញុំមិនដើរទេ, ស្ពានជាង30ម៉ឺន$ បែរជាបណ្តែតបណ្តោយឲ្យក្លាយជាបែបនេះ, លោកអធិការនិងចៅហ្វាយក្រុងរវល់ពេកបានជាភ្លេចមើល, ធ្វើស្ពានដូចយកលុយទៅបោះចោលអត់ប្រយោជន៍ បើយកលុយទៅចែកជូនប្រជាពលរដ្ឋក្រីក្រមានន័យជាង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








