ភូមិតូចមួយស្ថិតនៅចន្លោះជួរភ្នំភាគខាងលិចប្រទេសរ៉ូម៉ាន់ ជាកន្លែងដ៏សុខសាន្ត និងសុវត្ថិភាពបំផុត ។ ប្រជាជននៅទីនេះរស់នៅសាមញ្ញ និងពុំដែលបារម្ភពីការបាត់បង់ទ្រព្យសម្បត្តិ ។ នៅទីនេះគ្រោះលួចប្លន់ពុំដែលកើតមានឡើយ ។ ភូមិ Eibenthal ត្រូវបានប្រសិទ្ធនាមជាភូមដ៏ចម្លែក ព្រោះវាខុសទាំងស្រុង ប្រៀបនឹងទីកន្លែងជាច្រើនលើពិភពលោក ពុំដែលស្គាល់អ្វីហៅថាចោរ និងថែមទាំងពុំមានកងកម្លាំងការពារបញ្ហាសណ្តាប់ធ្នាប់សង្គម ។
ទិដ្ឋភាពដ៏សុខសាន្តរបស់ភូមិ សុវត្ថិភាពបំផុត
ដោយសារគ្មានគ្រោះលួចប្លន់ ហេតុនេះភូមិ Eibenthan ពុំត្រូវការមានប៉ុស្តិ៍ប៉ូលិស ។ ប្រជាជននៅទីនេះល្បីឈ្មោះរស់នៅដោយសន្តិភាព គោរពគ្នាទៅវិញទៅមក ។
ទីនេះប្រហែលជាទីកន្លែងតែមួយគត់លើពិភពលោក ដែលអាចដាក់ប្រាក់ដោយសេរីក្នុងថង់រួចព្យួរចោលនៅតាមបង្គោលភ្លើង ឬរបង ។ ថង់នេះមានភារកិច្ចរក្សាទុកប្រាក់ ។ បន្ទាប់មកអ្នកប្រគល់នំប៉័ងនឹងមកយកប្រាក់ និងទុកចំនួននំទៅតាមសំណូមពរលើបង្គោលភ្លើងឬរបង ។ ជាង ២០ឆ្នាំកន្លងទៅអ្នកភូមិពុំដែលត្អូញត្អែរពីប្រាក់ ឬនំប៉័ងត្រូវគេលួចបាត់ ។
អ្នកភូមិព្យួរថង់ប្រាក់ចោលតាមផ្លូវដោយមិនខ្លាចបាត់ ។
ពុំត្រឹមតែរឿងនំប៉័ង ឬចំនួនប្រាក់តិចតួច តាំងពីដើមមកអ្នកភូមិ Eibenthal មានទម្លាប់គោរពទ្រព្យសម្បត្តិឯកជនរបស់គ្នា ។ ពួកគេមិនដែលឈានឡើងលើផ្ទះអ្នកដទៃ ដោយពុំទាន់បានការអនុញ្ញាតពីផ្ទះម្ចាស់ ។ ប្រសិនចង់ចូលផ្ទះនរណានោះគេនឹងហៅពីមាត់របង ។ ពុំមាននរណាឆ្លើយតប គេននឹងត្រឡប់ទៅវិញភ្លាម ។ សូម្បីអ្នកភូមិទុករបស់របរមានតម្លៃក្នុងផ្ទះ ដោយបើកទ្វារចោលពេញ១ថ្ងៃក៏ពុំដែលត្រូវបាត់បង់អ្វីឡើយ ។ អាចនិយាយថា Eibenthal ជាភូមិអារ្យធម៌បំផុតពិភពលោក ៕ លីសា