មហាជន នៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង នៅពេលបានឃើញប៉ូលិសមួយក្រុម ត្រូវបានបុរសម្នាក់ព្រលះឲ្យយ៉ាងចាស់ដៃ បន្ទាប់ស្ទាក់ចាប់ម៉ូតូរបស់គាត់ ដោយសារឃើញម៉ូតូពណ៌ក្រហម ខណៈម៉ូតូអត់កញ្ចក់ម្ខាងមិនចាប់ បែរជាចាប់សង្ស័យរឿងម៉ូតូប្តូរពណ៌ទៅវិញ។
តាមរយៈវីដេអូ បានបង្ហាញបុរសម្នាក់ជិះម៉ូតូអត់កញ្ចក់ម្ខាង ដាក់កាមេរ៉ាថត ដើម្បីការពារក្រែងលោប៉ូលិស ចង់ធ្វើស៊ីចោទថាល្មើសភ្លើងស្តុប។ តែលុះជិះហួសភ្លើងស្តុប ស្រាប់តែប៉ូលិសចេញស្ទាក់ឃាត់ម៉ូតូគាត់ ឲ្យចូលអែបខាងតែម្តង ហើយភ្លាមៗនោះ គាត់ក៏បានសួរថា តើខុសអី ប៉ូលិសម្នាក់ក៏បាននិយាយថា សង្ស័យម៉ូតូបិទតែមពណ៌ក្រហម និងថាហៅត្រួតពិនិត្យប័ណ្ណបើកបរម៉ូតូ។
ទោះជាយ៉ាងណា ដោយសារឃើញបុរសរូបនោះបង្ហាញភាពមិនខ្លាចញញើត និងផ្ទុះប្រតិកម្មខ្លាំងៗ ដោយនៅតែសួរថា ខុសអី? ស្រាប់តែក្រុមប៉ូលិសវែនតាខ្មៅ ឃ្មុំមុខជិតទាំងនោះ ដែលរកចាប់កំហុសអ្វីពុំបាន ក៏សំណូមពរឲ្យសម្រួលអារម្មណ៍ ចិត្តត្រជាក់ៗ កុំមាត់លឺពេកផ្អើលគេ កុំប្រកែប្រកាន់ ព្រោះកម្រឃើញម៉ូតូក្រហមចឹង។
បុរសរូបនោះ ក៏បានស្តីឲ្យថា បើគាត់ខុសជិះល្មើសភ្លើងស្តុប សូមចាប់ចុះ តែបើជិះសុខៗ ហៅឃាត់បែបនេះ គឺធ្វើឲ្យរំខាន ខាតពេលវេលាធ្វើការរកស៊ី និងដាក់ឲ្យឡើងស្ងាត់មាត់ថា អគ្គស្នងការ បានបញ្ជាក់រួចហើយថា មិនឲ្យចេះតែហៅចាប់ឡានម៉ូតូគេ ដែលគ្មានបទល្មើសនោះទេ ហេតុអីអស់លោកនៅតែធ្វើបំពានបែបនេះ។
ក្រោយពីឃើញហួសចិត្តខ្លាំងពេក មហាជនជាច្រើនបាននាំគ្នាផ្ទុះសំណើច និងដាក់ឲ្យថា៖ «ធ្វើស៊ីខុសកន្លែងហើយមេ អត់មានកញ្ចក់មិនមើល ទៅមើលខុសពណ៌ទៅវិញ ហ្នឹងបានគេថាសំណាង1ក្នុង100គ្រោះថ្នាក់, ចុម! មើលពីចម្ងាយដឹងម៉ូតូដូរពណ៍ទៀត ប្រយ័ត្នអ្នកជិះឡានស្ងោរដូរពណ៍, សុទ្ធតែវែនតាខ្មៅអីណា ខ្លាចគេឃើញមុខ!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





