ភ្នំពេញ៖ ម៉ូតូកង់បី១៧០គ្រឿង ផលិតនៅឥណ្ឌា ដែលកងកម្លាំងសមត្ថកិច្ច នគរបាល បានធ្វើការឃាត់ យកមករក្សាទុក នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបំពេញសំណុំបែបបទស្របច្បាប់ និងស្លាកលេខផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញរៀបចំបំពេញបែបបទ ចុះបញ្ជីធ្វើស្លាកលេខ ជូនម៉ូតូកង់បីទាំងអស់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ទាល់ ដោយពុំមានការផាកពិន័យ ចាប់ពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះតែម្តង។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ខែវិច្ឆិកា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូកង់បី (ផលិតនៅប្រទេសឥណ្ឌា) ប្រមាណជា ១៧០គ្រឿង ដែលកំពុងប្រកបអាជីវកម្ម រត់ឈ្នួលនៅរាជធានីភ្នំពេញ ដោយពុំបានចុះបញ្ជី និងពុំមានស្លាកលេខសម្គាល់ត្រឹមត្រូវ មករក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី បានបញ្ជាក់ថា “ករណីខាងលើនេះ ដោយមើលឃើញពីការខ្វះខាតជីវភាព របស់ម្ចាស់ម៉ូតូកង់បីមួយចំនួន ក៏ដូចជា ដើម្បីសម្រួលការងារដល់បងប្អូន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ រៀបចំបំពេញបែបបទ ចុះបញ្ជីធ្វើស្លាកលេខជូនម៉ូតូកង់បីទាំងអស់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ទាល់ ដោយពុំមានការផាកពិន័យ ចាប់ពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះតែម្តង។ ដូច្នេះ សូមបងប្អូនម្ចាស់ម៉ូតូកង់បី កំពុងរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ និងទៅចុះបញ្ជីធ្វើស្លាកលេខ ឱ្យបានត្រឹមត្រូវទាំងអស់គ្នា។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានចេតនាបង្កការរំខាន ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការ ប្រកបអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូន ម្ចាស់ម៉ូតូកង់បីខាងលើនេះឡើយ ផ្ទុយទៅវិញ នេះជាការអនុវត្តច្បាប់ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះ”៕ ដោយ៖កូឡាប