លោក Tapas Sandilya ដែលជាបុគ្គលិករដ្ឋាភិបាលចូលនិវត្តន៍ មកពី West Bengal ប្រទេសឥណ្ឌា បានបាត់បង់ប្រពន្ធរបស់គាត់ដែលមានអាយុ ៣៩ ឆ្នាំ កាលពីក្នុងឆ្នាំ ២០២១ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ផ្ទុះឡើង។
ប្រពន្ធរបស់គាត់ឈ្មោះ Indrani ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលគាត់ត្រូវបានបង្ខំឱ្យរស់នៅឯកោ ដូច្នេះគាត់មិនអាចនៅក្បែរប្រពន្ធបានទៀតឡើយ ពេលនាងទទួលមរណភាព។ តែទោះយ៉ាងណា ដើម្បីបំពេញនូវបំណងប្រាថ្នាចុងក្រោយរបស់ភរិយា (បាននៅតែនៅជាមួយគ្នារហូត) លោក Tapas បានចាប់ផ្តើមស្វែងរកសិល្បករម្នាក់ ដែលអាចបង្កើតរូបសំណាកស៊ីលីកូនរបស់ Indrani ហើយបានចំណាយពេល ៦ ខែ និងទឹកប្រាក់ប្រហែល ៣,០០០ ដុល្លារ លើគម្រោងដ៏មិនធម្មតានេះ។
លោក Tapas បានប្រាប់កាសែត The Times of India ថា «ពួកយើងបានទៅទស្សនាប្រាសាទ Iskcon ក្នុងទីក្រុង Mayapur កាលពី១០ឆ្នាំមុន ហើយមិនអាចបំភ្លេចការកោតសរសើរ ចំពោះស្នាដៃរូបសំណាកដ៏រស់រវើករបស់ស្ថាបនិកក្រុមហ៊ុន AC Bhaktivedanta Swami បានទេ។ ពេលនោះ Indrani ចង់បានរូបសំណាកបែបនេះ ប្រសិនបើនាងលាចាកលោកទៅ»។
កាលពីឆ្នាំមុន លោក Tapas បានរកឃើញជាងចម្លាក់ម្នាក់ ខណៈមានបំណងធ្វើការលើគំរូស៊ីលីកូនរូបសំណាកភរិយារបស់គាត់ ហើយបានចំណាយពេលជាច្រើនថ្ងៃធ្វើការជាមួយជាង ទៅលើតួខ្លួនដីឥដ្ឋ ដែលក្រោយមកនឹងក្លាយជាមូលដ្ឋាននៃការផលិតស៊ីលីកូន។ បុរសវ័យ ៦៥ ឆ្នាំរូបនេះ បានកំណត់ថា ធ្វើយ៉ាងណាចេញរូបរាងតាមការពេញចិត្តរបស់គាត់ ជាពិសេសផ្ទៃមុខរបស់ Indrani គឺត្រូវតែដូចមនុស្សនៅមានជីវិតពិតៗអ៊ីចឹង។
នៅទីបំផុត ជាងចម្លាក់នោះ ធ្វើរូបសំណាក Indrani ពីស៊ីលីកូន ទម្ងន់ ៣០ គីឡូក្រាម ដោយស្លៀកសម្លៀកបំពាក់សារីសូត្រ Assamese ដែលស្ត្រីរូបនេះបានពាក់ក្នុងពិធីទទួលអាពាហ៍ពិពាហ៍របស់កូនប្រុសនាង ហើយឥឡូវនេះ បានអង្គុយជាអចិន្ត្រៃយ៍នៅលើទោងគ្រែក្បាច់ដ៏ស្រស់ស្អាត -ដែលជាកន្លែងសំណព្វរបស់នាងនៅក្នុងផ្ទះគ្រួសារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


