នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ គេហទំព័រ South China Morning Post បានរាយការណ៍ថា រូបភាពកូនក្រមុំអាយុ ២០ ឆ្នាំ ដែលបានចូលរោងការទាំងទឹកភ្នែក បានកំពុងបង្កការជជែកវែកញែកយ៉ាងខ្លាំង នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន ក្រោយកូនក្រមុំខូចចិត្ត បានសារភាពថា រូបនាងគ្មានចិត្តស្រលាញ់បុរសដែលនាងរៀបការជាមួយសូម្បីបន្តិចសោះឡើយ។ ប៉ុន្តែនាងបង្ខំចិត្តយល់ព្រមរៀបការ ព្រោះតែដើម្បីធ្វើឱ្យឪពុកម្តាយរបស់នាងបានសប្បាយចិត្តប៉ុណ្ណោះ។
កូនក្រមុំដែលមានឈ្មោះ Yan A មកពី Guizhou ប្រទេសចិន បានប្រាប់ឲ្យដឹងថា នាងមិនទន្ទឹងរង់ចាំរៀបការទេ បន្ទាប់ពីធ្វើពិធីមួយជាមួយបុរសម្នាក់នោះ ដែលនាងបានជួបគ្នាតាមរយៈការណាត់ជួបគ្នាមិនច្បាស់លាស់។ នាងបន្តថា នាងគ្រាន់តែមានអារម្មណ៍ថា នាងត្រូវតែរស់នៅតាមការរំពឹងទុករបស់ឪពុកម្តាយ និងបទដ្ឋានសង្គមឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។
ជាក់ស្តែង កូនក្រមុំបាននិយាយថា៖ «ឪពុកម្តាយខ្ញុំចាស់ហើយ ខ្ញុំក៏អ៊ីចឹងដែរ» ។ នាងបន្ថែមថា «សាច់ញាតិជេរខ្ញុំ ហើយអ្នកជិតខាងក៏និយាយដើមខ្ញុំដែរ»។
យ៉ាងណាមិញ ឃ្លីបដែលកំពុងត្រូវបានចែករំលែក បានបង្ហាញ Yan ស្ថិតក្នុងឈុតកូនក្រមុំពណ៌ស ទឹកមុខក្រៀមក្រំ គ្មានស្នាមញញឹមនោះទេ មុនពេលនាងងាកចេញពីកាមេរ៉ាទាំងស្រក់ទឹកភ្នែក។ ក្រោយមក នាងបានទម្លាយពាក្យក្នុងចិត្តថា សម្ពាធដែលនាងប្រឈមមុខ គឺធ្វើឱ្យនាងស្វែងរកបុរសម្នាក់មកធ្វើជាប្ដីរបស់នាង រហូតទាល់តែបានជួបបុរសម្នាក់ក្នុងថ្ងៃណាត់បិទភ្នែកបែបនេះ ដែលនាងបានសម្រេចចិត្តរៀបការទាំងគ្មានការចាប់អារម្មណ៍ និងចិត្តស្រលាញ់។
នាងនិយាយថា៖ «អាពាហ៍ពិពាហ៍នេះ គឺដើម្បីផ្តល់ឱ្យឪពុកម្តាយរបស់ខ្ញុំសន្តិភាពនៃផ្លូវចិត្តប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា គ្មានអនាគតសម្រាប់ខ្ញុំទេ»។
រឿងរបស់ Yan បានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមចិន ជាមួយនឹងការបញ្ចេញមតិជាង 11,000 លើវីដេអូឃ្លីប ដែលបានផ្សព្វផ្សាយតាមរយៈ Douyin ។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនគិតថា នារីវ័យក្មេងរូបនេះពិតជាមិនសប្បាយចិត្ត ក្នុងការរៀបការ ខណៈអ្នកខ្លះទៀតសង្ឃឹមថានាងនឹងរកឃើញសុភមង្គលដែលនាងសមនឹងទទួល។
គួរបញ្ជាក់ថា រឿងដែលបានរៀបរាប់ខាងលើ គឺជាបទដ្ឋាននៃសង្គមចិន ដែលមានរហូតមកដល់បច្ចុប្បន្ន។ យោងតាមការស្ទង់មតិជាផ្លូវការក្នុងឆ្នាំ ២០១៦ គេបានរកឃើញថា ក្នុងឆ្នាំនោះ គឺនៅក្នុងខេត្ត Henan, Sichuan និង Guangdong ជាតំបន់ដែលឪពុកម្តាយបង្ខំកូនឱ្យរៀបការពិបាកបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






