Thursday, June 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធជួលឃាត.ក ក្នុងតម្លៃ១,០០០ដុល្លារ សម្លា.ប់ប្ដីខ្លួនឯង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល, ប្រពន្ធ និងឃាត.ករ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយ នៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថាសាកសពស្លា.ប់ដោយសាររឹតក និងឆក់ (ឃាត.កម្ម)។

ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួននិងឈ្មោះ វី ភេទ ប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកស.ម្លាប់ប្តី របស់ខ្លួន ដោយធ្វើការឆក់ និងរិតករស.ម្លាប់ ។

តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារ ក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។

លុះដល់ម៉ោង១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វាបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តី ចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរ ពណ៌ក្រហម-ស មានក្រឡាពងជីងចក់ក្រហម-ខ្មៅ។

បន្ទាប់មកឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួច ខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅនីតា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួច ខ្លួន និងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេ។ ហើយចំណែកប្រាក់ចំនួន១,០០០ដុល្លារថ្លៃឈ្នួល គឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ។

តាមចម្លើយសារភាពរបស់ឈ្មោះ ធួក រ៉ាវី ហៅជា បានឆ្លើយសារភាពថា ឈ្មោះ សាន់ ធីតា ភេទស្រី បានជួលខ្លួនឲ្យសម្លាប់ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ (ប្តីរបស់ឈ្មោះសាន់ ធីតា) ក្នុងតម្លៃ១,០០០ដុល្លារ ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឈ្មោះ សាន់ ធីតា ភេទស្រី បានវេលុយតាម Wing ចូលលេខទូរស័ព្ទរបស់ខ្លួន ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន៧ម៉ឺនរៀល ក្រោយពីខ្ញុំដកលុយបានហើយ ខ្ញុំក៏បានជិះម៉ូតូឌុបពីខណ្ឌដង្កោ មកជួបឈ្មោះ សាន់ ធីតា នៅរង្វង់មូលព្រះនរាយណ៍រួចខ្ញុំក៏បានទិញខ្សែភ្លើងតាមផ្លូវចំនួន១០ម៉ែត្រ។

លុះពេលមកដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឈ្មោះ សាន់ ធីតា ភេទស្រី បានជិះរថយន្តមួយគ្រឿង Toyota Camry ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ 2BP-1150 មកយកខ្ញុំឲ្យទៅពួន នៅក្នុងផ្ទះរបស់គាត់ដើម្បីត្រៀមសម្លាប់ប្តីរបស់គាត់ ពេលខ្ញុំចូលទៅដល់ក្នុងផ្ទះរបស់ឈ្មោះ សាន់ ធីតា ភេទស្រី ខ្ញុំក៏បានយកជម្រឹងដែក (ដែកឆ័ត្រ) យកមក.តជាមួយនឹងខ្សែភ្លើងទុកសម្រាប់ឆក់ឈ្មោះ ខឹម ផល្លី។

លុះដល់ម៉ោង២៣៖៤៥នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ សាន់ ធីតា បានបើកទ្វាបន្ទប់របស់គាត់ ដើម្បីឲ្យខ្ញុំចូលទៅធ្វើសកម្មភាពសម្លាប់ឈ្មោះ ខឹម ផល្លី (ប្តីរបស់ឈ្មោះ សាន់ ធីតា) ពេលនោះឈ្មោះ សាន់ ធីតា បានយកខ្សែភ្លើងទៅដោតនៅព្រីភ្លើង រួចខ្ញុំក៏បានយកខ្សែភ្លើងទៅឆក់ឈ្មោះ ខឹម ផល្លី ភេទប្រុស ដោយឆក់ក្រោមក្លៀកខាងស្តាំ ភ្លាមនោះខ្ញុំក៏បានយកដែកសម្រាប់លើកអាំងទែ វាយចំបំពង់កចំនួន០៣ដង និងក្បាលផ្នែកខាងក្រោយ ០១ដង។

បន្ទាប់មកខ្ញុំក៏បានយកហ្វ្រាំងកង់ប្រវែងប្រហែល០.៨ម៉ែត្រ រឹត.ក ឈ្មោះ ខឹម ផល្លី បន្ថែមរហូតដាច់ខ្យល់ស្លាប់ រួចខ្ញុំបានយកក្រម៉ា ចងដៃចងជើងឈ្មោះ ខឹម ផល្លី ចង់ភ្ជាប់គ្នា បន្ទាប់មកឈ្មោះ សាន់ ធីតា បានយកភួយ និងកម្រាលពូកដើម្បីរុំសពប្តីរបស់គាត់ ញាត់ចូលក្នុងកាបូបយូពណ៌ក្រហមស មានក្រឡាពងជីងចកក្រហមខ្មៅ ពេលច្រករួចខ្ញុំ និងឈ្មោះ សាន់ ធីតា បានយកសពឈ្មោះ ខឹម ផល្លី ដាក់ចូលក្នុងឡានកៅអីផ្នែកខាងក្រោយ ប៉ុន្តែពេលលើកដាក់ចូលឡានមិនរួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បានហៅ ឈ្មោះ ផាន ភ័ក្ត្រា ភេទស្រី ឲ្យមកជួយលើក។

បន្ទាប់មកខ្ញុំ និងឈ្មោះ សាន់ ធីតា បានបើកឡានដឹកសពឈ្មោះ ខឹម ផល្លី មកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះ សាន់ ធីតា បានហុចកាបូបស្ពាយ ពណ៌ខ្មៅ មកឲ្យខ្ញុំបោះចោលក្បែរសាកសព ប៉ុន្តែខ្ញុំមិនដឹងថានៅក្នុងកាបូបនោះ មានសម្ភារៈអ្វីខ្លះនោះទេ។

រួចខ្ញុំ និងឈ្មោះ សាន់ ធីតា ក៏បានបើករថយន្តត្រឡប់មកផ្ទះរបស់ឈ្មោះ សាន់ ធីតា វិញ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលមកដល់ឈ្មោះ សាន់ ធីតា បានឲ្យប្រាក់មកខ្ញុំចំនួន៥ម៉ឺនរៀល និងឲ្យខ្ញុំជិះម៉ូតូប្តីរបស់គាត់ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IW-9363 ដើម្បីជិះគេចខ្លួន។ ចំណែកឯប្រាក់ថ្លៃឈ្នួលចំនួន ១,០០០ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បានប្រគល់ឲ្យខ្ញុំទេ ពេលនោះខ្ញុំក៏បានជិះម៉ូតូខាងលើយកទៅលាក់ទុកនៅវាលស្រែ ស្ថិតក្នុងភូមិតបបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុ នៃការរៀបចំគម្រោងសម្លាប់ប្ដី តាមការបញ្ជាក់របស់ប្រពន្ធឈ្មោះ សាន់ ធីតា បានឲ្យដឹងថា៖ ប្ដីរបស់ខ្លួនឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះពីរ ឬបីថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅរករឿងវ៉ៃប្រពន្ធរហូត ហេតុដូចនេះហើយក៏ជួលគេ១,០០០ដុល្លារ ឲ្យស.ម្លាប់ប្ដី។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះធួក រ៉ាវី ហៅជា ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។

បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×