ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា និងសហការី ដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក គិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ថា ភ្នាក់ងារ UN ជាដៃគូដ៏សំខាន់របស់កម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រោមកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) និងអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) បានសហការជាមួយគណៈកម្មការទី៨ របស់រដ្ឋសភា រៀបចំកម្មវិធី «សភាត្រាប់» សំដៅលើកកម្ពស់សិទ្ធិ និងចំណេះដឹងដល់យុវជន និងយុវតីកម្ពុជា ក្នុងភាពជាអ្នកដឹកនាំ។ កម្មវិធីសភាត្រាប់ នេះ ទទួលបានជោគជ័យនិងទទួលបាននូវការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសពីសំណាក់យុវជនកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជាបិតាក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយក្នុងនីតិកាលបន្ទាប់នេះ សម្តេចបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនស្រ្តី ក្នុងតួនាទីសម្រេចចិត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ចក្ខុវិស័យនេះ ត្រូវបានបន្តអនុវត្តយ៉ាងខ្លាំងក្លានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកថាស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គម។ សម្តេចធិបតី បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាកម្ពុជាកំពុងបោះជំហានកាន់តែខិតជិត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសហប្រជាជាតិ (SDGs) និងចក្ខុវិស័យរបស់ខ្លួន ឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយពីបានផ្តល់សច្ចាប័នលើរបៀបវារៈ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នាឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្របសម្រួល និងអនុវត្តគោលដៅអភិវឌ្ឍន៍ SDGs ឱ្យស្របទៅនឹងអាទិភាពជាតិ។ ក្របខណ្ឌនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ជាតិ និងផែនការតាមវិស័យ រួមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ផងដែរ។
ពាក់ព័ន្ធនឹងវិស័យសក្ដានុពល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្តេចបានមានប្រសាសន៍ថា គួរតែបន្តពង្រីកវិសាលភាពនៃកិច្ចសហការបន្ថែមទៀត លើការអនុវត្តអាទិភាពគន្លឹះដែលផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេស សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI), ការប្រែប្រួលអាកាសធាតុ, ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍយុវជន ជាដើម។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភាបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍស្ថាប័នជាសភាឌីជីថល និងការពង្រឹងសមត្ថភាពមន្ត្រីដើម្បីផ្តល់សេវានិងបច្ចេកទេសកាន់តែល្អប្រសើរដល់តំណាងរាស្ត្រដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ ក្នុងនោះអគ្គលេខាធិការដ្ឋានក៏បានប្រុងប្រៀបបង្កើតអង្គភាពស្រាវជ្រាវនិងបណ្តុះបណ្តាល និងជំរុញលើកកម្ពស់សមត្ថភាពមន្ត្រី និងទីស្នាក់ការតំណាងរាស្រ្តខេត្ត ក្រុង ដែលជាអ្នកផ្តល់សេវាជាប់ជាមួយនឹងប្រជាពលរដ្ឋឱ្យកាន់រហ័ស និងមានប្រសិទ្ធភាព។ សម្តេចមានការជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការជួយជំរុញវឌ្ឍនភាពរបស់យើង ឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់ និងផ្អែកលើនវានុវត្តន៍ជាគោល។
លើសពីនេះទៅទៀត សម្តេចប្រធានរដ្ឋសភា បានជម្រាបជូន លោកស្រី អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងស្ថានភាពទំនាស់ព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើច្បាប់សមុទ្រ ក៏ដូចជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ សម្តេចបានសង្កត់ធ្ងន់លើជំហរដ៏រឹងមាំនិងមិនកែប្រែរបស់កម្ពុជា
ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញាពាក់ព័ន្ធ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូន សម្តេចប្រធានរដ្ឋសភាដែលបានផ្តល់ឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រីនៅក្នុងឱកាសនេះ និងបានសម្របសម្រួលការងារ ដល់ក្រុមការងារលោកស្រី បានបំពេញភារកិច្ចនានា ប្រកបដោយជោគជ័យនាពេលកន្លងមក។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ជាពិសេសបេសកកម្មរក្សាសន្តិភាពពិភពលោក ដោយបានក្លាយពីប្រទេសដែលទទួលកងទ័ពមួកខៀវ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងមួកខៀវជាបន្តបន្ទាប់ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានថ្លែងនូវការកោតសរសើរ និងពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រសួង-ស្ថាប័នរបស់កម្ពុជា ពិសេសរវាងរដ្ឋសភាជាមួយនឹងទីភ្នាក់ងារនានារបស់ UN នៅកម្ពុជា លើការអនុវត្តវិស័យសំខាន់ៗរួមមាន វិស័យសុខាភិបាល ការអប់រំ បច្ចេកវិទ្យា និងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រី។ ក្នុងនោះតាមរយៈកម្មវិធី «សភាត្រាប់» ដែលបានរៀបចំនៅវិមានរដ្ឋសភានាពេលថ្មីៗនេះសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់។ ទីភ្នាក់ងារ UN នៅកម្ពុជានឹងបន្តពង្រឹងភាពជាដៃគូយ៉ាងសកម្មជាមួយបណ្តាក្រសួង-ស្ថាប័ន និងរដ្ឋសភាកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជួយកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាឆ្នាំ២០២៩ ខាងមុខ។
ចំពោះបញ្ហាព្រំដែន លោកស្រីបានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដោយលោកស្រីបានសង្កត់ធ្ងន់ និងសម្តែងការជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថា ប្រទេសជិតខាងទាំងពីរ កម្ពុជានិងថៃ នឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធី ស្របតាមស្មារតីនៃធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភានិងលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានឯកភាពគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យការបំពេញ មុខងាររបស់រដ្ឋសភា បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិកាន់តែមានប្រសិទ្ធភាពឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី










