តើធ្លាប់ដែលឮចាស់ៗនិយាយថា “ញ៉ាំសណ្ដែកដីស្ងោរ នឹងធ្វើឱ្យផោមច្រើន” ដែរឬទេ? តើការពិត ដូចអ៊ីចឹងមែនឬ? តើហេតុអីបានមនុស្សយើងចាំបាច់ផោម? តើហេតុអ្វីបានក្លិនផោម ត្រូវតែស្អុយ? និងបើសិនយើងទ្រាំមិនផោម តើរាងកាយនឹងមានគ្រោះថ្នាក់ដែរឬទេ? ថ្ងៃនេះសុខភាពយើង មានចម្លើយមកជម្រាបជូន…
១-យើងអាចផោមញឹកញាប់ ច្រើនរហូតដល់ទៅ ១៤ដងឯណោះក្នុង ១ថ្ងៃ
២-បើលោកអ្នកផោម ចូរដឹងថា លោកអ្នកជាមនុស្សមានសុខភាពល្អ គ្មានបញ្ហារឿងប្រព័ន្ធការរំលាយអាហារ និងការបន្ទោបង់ទេ តែបើតាំងពីកើតមក មិនដែលផោមសោះ សូម្បីតែ ១ដង គួរតែទៅជួបលោកគ្រូពេទ្យហើយ។
៣-ចំណែកផ្សំនៅក្នុងខ្យល់ផោម ដែលចេញមកតាមរន្ធគូទនោះ មានអាស៊ីដស្ពាន់ធ័រជាចំណែកផ្សំ ដូចជា ដៃ-មេ-ធីល-សាល់ហ្វេត និង មេថា-នេ-ធិ-អូល។
៤-ល្បឿនរបស់ខ្យល់ដែលផោមចេញមកពីក្នុងរាងកាយរបស់យើង មានកម្លាំងរុញច្រានខ្លាំង ធ្វើឱ្យមានល្បឿនខ្យល់លឿនរហូតដល់ ១០ហ្វ៊ុតក្នុង ១វិនាទី ឬប្រមាណ ១១គីឡូម៉ែត្រក្នុង ១ម៉ោង។
៥-អ្នកដែលចូលចិត្តទំពាស្ករកៅស៊ូ និងញ៉ាំទឹកភេសជ្ជៈមានជាតិហ្គាសញឹកញាប់ ចូរចៀសចេញឱ្យឆ្ងាយពីអ្នកទាំងនោះ កុំទៅជិតឱ្យសោះ ព្រោះមនុស្សទាំងនោះ ច្រើនតែបញ្ចេញខ្យល់ផោមញឹកញាប់ និងច្រើនជាងអ្នកដទៃ។
៦-មនុស្សយើង ផោមពេលគេងលក់គ្រប់គ្នា គ្រាន់តែយើងមិនបានដឹងខ្លួន (បើមិនជឿសួរអ្នកគេងក្បែរទៅ ដឹងហើយ!)។
៧-កណ្ដៀរ គឺសត្វដែលផោមច្រើនបំផុត ក្រៅពីនោះនៅមានសត្វអូដ្ឋ សេះបង្កង់ គោ ដំរី និងសត្វឆ្កែ។
៨-តើលោកអ្នកធ្លាប់នឹកឆ្ងល់ឬទេថា ហេតុអ្វីបានសំឡេងផោមរបស់មនុស្សម្នាក់ៗ ឮមិនដូចគ្នា? មូលហេតុដោយសារតែសំឡេងរបស់ការបញ្ចេញខ្យល់នេះ មានបច្ច័យជាច្រើនដែលធ្វើឱ្យឮខុសប្លែកពីគ្នា តាំងពីបរិមាណជាតិហ្គាស ភាពខ្ជឹបខ្លួនរបស់សាច់ដុំគូទ និងកម្លាំងរុញច្រានខ្យល់ពីខាងក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ដែលរុញជាតិហ្គាសចេញមក។
៩-មនុស្សប្រុស អាចផោមញឹកញាប់ជាងមនុស្សស្រី ព្រោះមនុស្សប្រុស តែងព្រលែងវាចេញមកតែម្ដង មិនសូវជាទ្រាំទុកដូចមនុស្សស្រីប៉ុន្មានឡើយ តែផោមរបស់មនុស្សស្រី ច្រើនមានក្លិនខ្លាំងក្លាជាង។
១០-តើអ្នកធ្លាប់ស្ថិតក្នុងស្ថានការណ៍ដែលត្រូវតែទ្រាំមិនផោមដែរឬទេ? ដូចជាអាចនៅក្នុងបន្ទប់ប្រជុំ នៅក្នុងបន្ទប់ជណ្ដើរយន្ត នៅជាមួយគូស្នេហ៍ ឬនៅក្នុងរោងកុន ជាដើម ការខំទ្រាំទប់ផោម មិនបានធ្វើឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីដល់រាងកាយរបស់យើងទេ គ្រាន់តែមិនបានហុចផលល្អដល់ខ្លួនយើងប៉ុណ្ណោះ ព្រោះអាចនឹងធ្វើឱ្យកើតប៉គ្រីវកាច់ ឬមានសម្ពាធខ្យល់ច្រើន ដែលនឹងក្លាយជាជាតិហ្គាសក្នុងប្រអប់ពោះ រហូតដល់អាចនឹងឈឺពោះដោយមិនចាំបាច់ទៀតផង។
១១-ម្ហូបអាហារដែលបន្ថែមជាតិហ្គាសក្នុងក្រពះ មានច្រើនណាស់ និងសុទ្ធតែជាអាហារដែលមានប្រយោជន៍ចំពោះរាងកាយទៀតផង ដូចជា ផ្កាខាត់ណា ស្ពៃក្ដោបតូចៗ សណ្ដែក ប្រូកខូលី និងកន្ទក់ រួមទាំងជាតិស្ករនៅក្នុងផ្លែឈើ និងផលិតផលពីទឹកដោះទៀតផង។
១២-បើមិនចង់ផោមញឹកញាប់ យើងមានវិធីជួយបែបងាយៗដូចតទៅ គឺទទួលទានបាយយឺតៗ ទំពាឱ្យកាន់តែម៉ដ្ឋឡើងមុននឹងលេប ព្រោះវានឹងជួយឱ្យក្រពះកាន់តែងាយស្រួលរំលាយអាហារទាំងនោះ ហើយការហាត់ប្រាណ ក៏ជួយកាត់បន្ថយជាតិហ្គាសក្នុងក្រពះបានដូចគ្នាដែរ។
បានដឹងទាំងអស់គ្នាច្បាស់ហើយមែនទេថា រឿងបញ្ចេញខ្យល់ផោម គឺជារឿងធម្មជាតិរបស់មនុស្ស បើសិនបានឃើញមនុស្សក្បែរខ្លួនយើងគេផោម ចូរកុំទៅថាអីឱ្យគេ ឱ្យគេបញ្ចេញមកចុះ តែបើសិនជាផោមរបស់អ្នក មានក្លិនស្អុយខ្លាំងក្លាដូចអាវុធជីវសាស្ត្រវិញនោះ គួររកទីកន្លែងណាដែលនៅឆ្ងាយពីមនុស្សម្នា ហើយចាត់ការធ្វើធុរៈនោះឱ្យរួចរាល់ រួចសឹមវិលមកចូលរួមជាមួយគេឯងដូចធម្មតាវិញប្រសើរជាង ទាំងអស់នេះ គឺដើម្បីសុខភាពច្រមុះរបស់មិត្តភក្តិយើងហ្នឹងឯង៕