ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ អមដំណើរដោយមន្រ្តីបច្ចេកទេស នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យជាក់ស្តែងនៅលើទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីណែនាំ ជំរុញការងារដល់ក្រុមមន្ត្រីបច្ចេកទេសដែលកំពុងប្រចាំការអស់ប្រមាណជិត ១សប្តាហ៍កន្លងមក នៅលើទីតាំងដែលកំពុងគម្រាមកំហែង និងកន្លែងខ្លះត្រូវបានលិចលង់ដោយទឹកជំនួនខុសរដូវ។
ខណៈពេលជាមួយគ្នានេះផងដែរអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ដ្រីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ខុសរដូវ នៅសណ្ដស្ទឹងព្រែកត្នោត បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បណ្ដាលឲ្យទឹកជន់ឡើងខ្លាំង និងមួយផ្នែកបានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីខណ្ឌដង្កោ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ខុសរដូវនេះ បានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង ១ពាន់ខ្នងផ្ទះ មាន ២៥ភូមិ ស្មើនឹង១០សង្កាត់ នៅខណ្ឌដង្កោ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញ ទៅឡើងគោករកកន្លែងសុវត្ថិភាព ពួកគាត់សង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ឱ្យសហការជាមួយមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ, មិនតែប៉ុណ្ណោះលោកបានចាត់ឱ្យមន្ត្រីអាជ្ញាធរច្រកដីខ្សាច់ទប់ទឹក ដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការលើកបើកខ្សាច់ទប់ទេនោះ ទឹកនឹងហូរលិចផ្ដាច់ផ្លូវតំបន់ក្នុងសណ្ដស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដស្ទឹងមិនខានឡើយ។
ងាកមក ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ វិញ បានតាមដាន និងវាយតម្លៃបន្ថែមលើផ្នែកជលសាស្ត្រ រវាងកម្លាំងទឹកចូល និងលទ្ធភាពដោះទឹកដែលហូរចេញ ដើម្បីមានវិធានការកែលម្អជាបន្ទាន់ ព្រោះការដ្ឋាននេះ ភាគីមិត្តចិនបាននិងកំពុងដំណើរការសាងសង់នៅឡើយ។
គិតដល់ពេលនេះ ស្ថានភាពទឹកនៅចំណុចទំនប់ទ្វារទឹក ៧មករា មានសភាពនៅទ្រឹង, ឯការលិចលង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅមានតែក្នុងតំបន់ក្រៅសណ្តតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មន្ដ្រីក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ភ្លៀងខុសរដូវបានធ្លាក់ជាច្រើននៅអាងស្ទឹងព្រែកត្នោត ក្នុងកម្រិត ២០០មីល្លីម៉ែត្រ ទៅ ៣០០មីល្លីម៉ែត្រ ហើយបានធ្វើឲ្យមានជំនន់កេីតមានឡេីង នៅតាមដងស្ទឹងព្រែកត្នោត។
ជាក់ស្តែងនៅថ្ងៃទី១៣-១៤ ខែមករា នេះ ក្រុមការងារបានប្រចាំការតាមដាន និងវាយតម្លៃស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងនៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយបានចាត់វិធានការណ៍ជាក់ស្តែង ទាំងយប់ទាំងថ្ងៃ ដែលរហូតមកដល់ពេលនេះ ស្ថានភាពទឹកពុំមានហូរចូលតំបន់ក្នុងសណ្តស្ទឹងទេ មានតែការលិចតាមមាត់ស្ទឹង ក្រៅសណ្ត តែប៉ុណ្ណោះ ដែលជាធម្មតាតែងតែលិចនៅពេលមានជំនន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN