អ្នករាយការណ៍ព័ត៌មានឆ្លើយឆ្លងស្រីសញ្ជាតិកូឡុំប៊ីស្រស់ស្អាតម្នាក់ នៅឯព្រឹត្តិការណ៍ប្រកួត World Cup ក្នុងប្រទេសរុស្ស៊ី ត្រូវបានបុរសម្នាក់រំលោភបំពានកេរ្តិ៍ខ្មាស់ ខណៈនាងកំពុងផ្សាយបន្តផ្ទាល់ និងបង្ហោះវីដេអូនៃហេតុការណ៍គួរឲ្យអាម៉ាសនេះ នៅលើបណ្តាញសង្គម ។
នាង Julieth González Therán បានកំពុងរាយការណ៍ព័ត៌មានពីទីក្រុង Saransk សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន Deutsche Welle’s Spanish កាលពីថ្ងៃសុក្រ នៅពេលនោះ ស្រាប់តែនាងត្រូវបានយាយីដោយបុរសម្នាក់ ដែលបានរត់ចេញយ៉ាងលឿន ។
អ្នករាយការណ៍ព័ត៌មានអាជីពរូបស្រស់នេះ បានកំពុងនិយាយដាក់កាមេរ៉ា នៅពេលនោះ ក៏ស្រាប់តែបុរសម្នាក់បានមកចាប់ក្រសោបសុដន់ខាងឆ្វេង និងថើបថ្ពាល់នាងយ៉ាងលឿន ។
ទោះយ៉ាងណា González Therán នៅតែរក្សាភាពស្ងប់ស្ងាត់ និងបន្តរាយការណ៍ព័ត៌មានរហូតចប់ ។
នាងបានប្រាប់បណ្តាញផ្សព្វផ្សាយអាល្លឺម៉ង់ Deutsche Welle ថា៖ «ខ្ញុំស្ថិតនៅកន្លែងកើតហេតុ អស់រយៈពេល២ម៉ោង ដើម្បីរៀបចំសម្រាប់ការចាក់ផ្សាយ ហើយមិនមានការរំខានទេ ។ ប៉ុន្តែ នៅពេលយើងកំពុងផ្សាយបន្តផ្ទាល់ ស្រាប់តែបុរសម្នាក់ឆ្លៀតឱកាស ធ្វើរឿងមិនសមរម្យនេះមកលើរូបនាងខ្ញុំតែម្តង» ។
បន្ទាប់ពីបង្ហោះវីដេអូនេះនៅលើគណនី Instragram របស់នាង González Therán បានអំពាវនាវមនុស្សឲ្យមានការគោរពបន្ថែម ចំពោះអ្នកកាសែតស្រីដូចជារូបនាង ។
នាងសរសេរថា៖ «យើងមិនសមនឹងទទួលការព្យាបាទនេះទេ ។ យើងមានវិជ្ជាជីវៈ មានសេចក្តីថ្លៃថ្នូររបស់យើង ក្នុងការខ្ញុំចែករំលែកភាពរីករាយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែ យើងត្រូវកំណត់ព្រំដែនរវាងក្តីស្រលាញ់ និងការរំខាន» ។
ទោះយ៉ាងណា បុរសដែលយាយី González Therán មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ ៕ ចន្ទី