ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈចោរស្រីម្នាក់ បានចូលលួចហាងទូរស័ព្ទមួយកន្លែង ដោយចូលយកស្រស់ៗតែម្តង ខណៈម្ចាស់រវល់ចូលបន្ទប់ទឹកតែមួយភ្លែតសោះ។ អ្វីដែលសំខាន់នោះ គឺថាបន្ទាប់ធ្វើសកម្មភាពលួចរួច បានបណ្តើរកង់ចាកចេញយ៉ាងរំភើយ ហាក់ដូចគ្មានរឿងអ្វីកើតឡើង។
នេះបើតាមម្ចាស់ហាងទូរស័ព្ទ នៅខាងកំពង់ធំ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ty Davin បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពស្តែងៗ និងភ្ជាប់ Caption បានត្រឹមហួសចិត្តយ៉ាងខ្លីថា៖ «សាំមែន ឡៃទៅបន្ទប់ទឹកតិចសោះ ចូលមកដល់លួចយកម៉ង»។ ទោះជាយ៉ាងណា ម្ចាស់ហាងទូរស័ព្ទខាងលើ ក៏បានបញ្ជាក់ថា សំណាងចេះយករបស់ធូរថ្លៃ កុំអីចប់ហើយ។
តែយ៉ាងណាមិញ បើតាមការសង្កេតឃើញផ្ទាល់ នោះចោរស្រីរូបនោះ គឺច្បាស់ណាស់ ជាមនុស្សមិនគ្រប់ទឹកតែម្តង។ ជាក់ស្តែង ក្រឡេកមកមើលមតិក្នុងខមិនវិញ ឃើញថាមានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ដែលបានស្គាល់ចោរស្រីនេះច្បាស់ បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ ស្រ្តីរូបនេះ «មិនសូវគ្រប់ទឹក» ទេ ខណៈអ្នកខ្លះថា កង់ហ្នឹងក៏ប្រហែលលួចគេដែរ ព្រោះង៉ៃមុនដើរកាត់មុខផ្ទះ អត់ឃើញមានកង់ទេ,…។
ដោយឡែក នៅពេលឃើញយកបានតែទូរស័ព្ទធូរថ្លៃ អ្នកលេងម្នាក់ក៏ចូលខមិនថា «សំណាងហើយ ប៉ះចំចោរអត់គ្រប់ទឹក បើប៉ះចំចោរផ្សេងវិញ ប្រហែលអស់ច្រើន» ។ រីឯម្នាក់ទៀតក៏ថា «សំណាងហើយ ដែលទូរដាក់ទូរស័ព្ទ oppo ថ្ងៃៗ ចាក់សោរ កុំអីក៏អស់ដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






