ពិតណាស់ ក្នុងអំឡុងរដូវវស្សាទឹកជំនន់ខ្លាំង ខណៈទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងគំហុក នោះតាមបណ្តាផ្លូវ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ តែងត្រូវលិចលង់ជារៀងរាល់ឆ្នាំ។
តែអ្វីដែលចម្លែកខ្លាំង និងមិននឹកស្មានដល់នោះ គឺថា ទឹកជំនន់បែរជាកើតឡើងនៅខែប្រាំងនេះទៅវិញ។ ជាក់ស្តែង ផ្ទះប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិវាលថ្លាន់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ រហូតមកទល់ពេលនេះ បានកំពុងលិចលង់ ខណៈតំបន់ខ្លះទឹកលិចដល់របងផ្ទះ ហើយបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ខុសរដូវនេះ ត្រូវហែលភៀសខ្លួនពីផ្ទះសំបែង ទៅកាន់ទីទួលមានសុវត្ថិភាព ដែលឃើញហើយពិតជាគួរឲ្យអាណិតផង អស់សំណើចផង។
ពិតណាស់ បើតាមមើលក្នុងវីដេអូ គឺពួកគាត់ហាក់ដូចជាពុំបង្ហាញទុក្ខក្រៀមក្រំប៉ុន្មាននោះទេ ដែលប្រហែលដោយសារការលិចលង់នេះ អាចជារឿងស៊ាំ ឬបទពិសោធន៍សម្រាប់ពួកគាត់ទៅហើយ។ ប៉ុន្តែ ពួកគាត់គ្រាន់តែងឿងឆ្ងល់ និងចម្លែកខ្លាំង ចំពោះជំនន់ទឹកភ្លៀងក្នុងខែប្រាំងនេះប៉ុណ្ណោះ។
តែយ៉ាងណាក៏ដោយ សារពីពលរដ្ឋម្នាក់បានឲ្យដឹងថា «ឱផ្ទះខ្ញុំអើយ ធ្លាប់តែដើរចូល ឥឡូវហែលចូល🥹 ហើយកុំនិយាយពីអីវ៉ាន់ក្នុងផ្ទះរលាយសូន្យ ព្រោះសូម្បីតែកន្លែងដេក ឬឈរគ្មានផង ទឹកជន់ម្ដងនេះឡើងហួសពីការគិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














