Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ជីវិតយុវវ័យរបស់អ្នក នឹងកាន់តែមានសេចក្ដីសុខឡើង បើអាចចៀសវាងទង្វើ ៥យ៉ាងនេះ

ជឿថា មនុស្សយើងគ្រប់រូប សុទ្ធតែចង់បានសេចក្ដីសុខច្រើនៗនៅក្នុងជីវិត តែយើងក៏ជឿដូចគ្នាដែរថា អ្នកខ្លះចង់បានសេចក្ដីសុខ តែពេលខ្លះក៏មិនចង់ផ្លាស់ប្ដូរអ្វីៗច្រើនឡើយដែរ ដូច្នេះហើយទើប យុវវ័យថ្ងៃនេះ មានអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយមកជម្រាបជូនយុវវ័យយើង ដូចជា យើងមិនចាំបាច់ត្រូវផ្លាស់ប្ដូរអ្វីច្រើនទេ តែវាជារឿងដែលយើងគួរតែចៀសវាង ដើម្បីឱ្យជីវិតរបស់យើងកាន់តែមានសេចក្ដីសុខឡើង…

១-ឈប់ប្រកាន់ខ្ជាប់នឹងកំហឹងក្រេវក្រោធ និងការស្អប់ខ្ពើម
ចូរព្យាយាមកុំទៅក្រោធខឹង ឬស្អប់ខ្ពើមអ្នកដទៃ ព្រោះវាមិនហុចផលល្អចំពោះសុខភាពផ្លូវចិត្ត និងសេចក្ដីសុខរបស់យើងឡើយ និងថែមទាំងហុចផលអាក្រក់ដល់សុខភាពរាងកាយរបស់យើងទៀតផង។ មុនពេលគេង ចូរព្យាយាមតាំងសមាធិ កម្ចាត់អារម្មណ៍ទាំងអស់នោះចេញឱ្យអស់ និងចូរចាំថា ការអភ័យទោសឱ្យ វាងាយស្រួល និងប្រកបដោយថាមពលខ្លាំងជាង។

២-ឈប់ប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ
មនុស្សយើងច្រើនតែប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃជានិច្ច។ មានមនុស្សតែម្នាក់គត់ ដែលយើងគួរប្រៀបធៀប គឺខ្លួនយើងកាលពីថ្ងៃម្សិលមិញ ព្រោះវានឹងជួយឱ្យយើងបានស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើង និងអភិវឌ្ឍខ្លួនតទៅទៀតបាន។ កុំជឿលើអ្វីគ្រប់យ៉ាង ដែលបានឃើញនៅក្នុងបណ្ដាញសង្គមអនឡាញ ព្រោះទិដ្ឋភាពដែលយើងមើលឃើញនោះ ភាគច្រើនមានតែភាពជោគជ័យ តែយើងមិនបានដឹងពីជ្រុងម្ខាងនៃទិដ្ឋភាពទាំងនោះឡើយ។

៣-បើអាចទៅរួច កុំរស់នៅម្នាក់ឯងយូរពេក
មនុស្សគ្រប់រូប មានពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯងគ្រប់គ្នា វាជារឿងប្រក្រតី តែកុំភ្លេចយកខ្លួនឯងទៅនៅជាមួយអ្នកឯទៀតខ្លះផង ទៅជួបមិត្តភក្តិខ្លះផង ទៅនៅជាមួយធម្មជាតិខ្លះផង ព្រោះវានឹងជួយឱ្យយើងកាន់តែមានសេចក្ដីសុខច្រើនឡើង។

៤-ឈប់ធ្វើជាមិត្តភក្តិជាមួយមនុស្សដែលធ្វើឱ្យយើងពុល ឬដែលគេហៅថាមនុស្សToxic
មនុស្សជាច្រើនព្យាយាមជួយកែប្រែមិត្តភក្តិដែលToxic…អូខេ! វាជារឿងល្អ តែបើសិនជា មិត្តម្នាក់នោះ វាToxicខ្លាំងពេក ហើយគ្មានសញ្ញាណាមួយថានឹងកែប្រែវាបាននោះ ចូរកុំខាតពេលជីវិត និងសុខភាពផ្លូវចិត្តជាមួយមនុស្សប្រភេទនោះអី។ យើងណែនាំឱ្យព្រលែងពួកគេទៅប្រសើរជាង តែមិនមែនមានន័យថា ឱ្យឈប់ធ្វើជាមិត្តភក្តិនោះទេ គ្រាន់តែឱ្យថយចេញឆ្ងាយក្នុងកាលៈទេសៈខ្លះ ដើម្បីសេចក្ដីសុខចំពោះខ្លួនឯងតែប៉ុណ្ណោះ។

៥-ព្យាយាមកុំធ្វើជាផ្នែកមួយក្នុងរឿងដ្រាម៉ាណាមួយ
មិនថាចង់មានរឿងរ៉ាវអ្វីកើតឡើង មិនថាចង់ឈ្លោះគ្នា ឬនិយាយដើមគ្នាក្ដី ចូរព្យាយាមកុំក្លាយជាផ្នែកមួយនៅក្នុងរឿងនោះឱ្យសោះ។ ទុកពេលវេលាសាងសេចក្ដីសុខ សាងអំឡុងពេលល្អៗឱ្យខ្លួនឯងវិញប្រសើរជាង។
រឿង ៥យ៉ាងដែលគួរធ្វើ ឬព្យាយាមចៀសវាងឱ្យបាន ដើម្បីជីវិតយើងមានសេចក្ដីសុខច្រើនឡើងនេះ ចូរសាកល្បងបើកចិត្ត និងធ្វើវាបន្តិចម្ដងៗឱ្យបាន នោះអ្នកនឹងបានជួបភាពផ្លាស់ប្ដូរថ្មី ដែលកើតចេញពីរឿងតូចតាច ដែលអ្នកបានធ្វើនោះជាមិនខាន៕

×