Wednesday, March 29, 2023

សុខភាពយើង៖ បើយើងនៅតែក្នុងម្លប់រហូត តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ?

spot_img

ធាតុអាកាសក្ដៅហែង សម្បូរដោយពន្លឺថ្ងៃ ដូចនៅក្នុងប្រទេសយើង ធ្វើឱ្យកំលោះ-ក្រមុំជាច្រើន នាំគ្នារត់ចូលទៅរកកន្លែងម្លប់ៗនៅក្នុងអគារ។ មនុស្សជាច្រើន ចេញពីផ្ទះ តាំងពីព្រះអាទិត្យមិនទាន់រះ និងនៅតែក្នុងអគារកន្លែងធ្វើការពេញ ១ថ្ងៃ លុះដល់ពេលត្រឡប់ទៅផ្ទះវិញ ក៏នៅក្នុងរថយន្តទៀត ឬទម្រាំតែដល់ពេលត្រឡប់ទៅផ្ទះវិញ ព្រះអាទិត្យបានលិចបាត់ទៅហើយក៏មានដែរ។ អាជីពជាច្រើន ត្រូវពាក់អាវធំ អាវដៃវែងក្រាស់ៗ បិទបាំងស្បែកពីកម្ដៅថ្ងៃ។ ចំណែកអ្នកខ្លះទៀត ថ្ងៃសៅរ៍-អាទិត្យ ក៏នៅតែក្នុងផ្ទះរហូត និងច្រើនចេញពីផ្ទះនៅពេលយប់ ច្រើនជាងពេលថ្ងៃទៀត។

ឥឡូវ យើងនាំគ្នាមកដឹងអំពីចំណុចមិនល្អមួយចំនួន ដែលអាចកើតឡើង នៅពេលដែលយើងមិនព្រមឱ្យរាងកាយត្រូវពន្លឺថ្ងៃសោះ និងរស់នៅតែក្នុងទីម្លប់…
នៅពេលណាក៏ដោយ ដែលសាច់ និងស្បែករបស់យើង ស្ទើរតែមិនបានប៉ះនឹងពន្លឺព្រះអាទិត្យនាពេលព្រឹក និងប៉ះតែពន្លឺភ្លើងនៅក្នុងអគារ រាងកាយយើងអាចនឹងឈានឆ្ពោះទៅរកសភាវប្រឈមនឹងការស្ទើរ វីតាមីនD (សភាវស្ទើរ គឺមិនខ្វះទេ តែមានតិចខ្លាំង រហូតសឹងតែមិនគ្រប់គ្រាន់) ហើយអ្វីដែលគួរឱ្យចម្លែកចិត្តនោះគឺ ក្នុងប្រទេសយើង មានពន្លឺថ្ងៃពេញ ១ឆ្នាំសឹងតែគ្រប់រដូវកាល តែ បែរជានៅតែឃើញមានអ្នកស្ទើរវីតាមីនD ច្រើនដដែល។

នៅពេលរាងកាយស្ថិតក្នុងសភាវស្ទើរ ឬខ្វះវីតាមីនD តើវានឹងកើតផលអាក្រក់ដល់រាងកាយមនុស្សយើងយ៉ាងណាខ្លះ?
ចាប់ផ្ដើមពីរឿងរបស់បណ្ដុំគ្រោងឆ្អឹង និងសាច់ដុំ ដែលអាចនឹងមិនរឹងមាំពេញលេញដូចអ្នកដែលបានទទួលវីតាមីនDច្រើនគ្រប់គ្រាន់ ដូច្នេះទើបអាចនឹងធ្វើឱ្យមានសាច់ដុំមិនមាំមួន រហូតប្រឈមនឹងការដួលញឹកញាប់ជាងប្រក្រតី។
សម្រាប់អ្នកដែលគេចចៀសពីការប៉ះពាល់នឹងពន្លឺថ្ងៃ សម្ងំនៅតែក្នុងបន្ទប់ងងឹតៗ ដែលបិទបង្អួចគ្រប់ពេលវេលានោះ នៅមានភាពប្រឈមក្នុងការខ្វះអ័រម៉ូនប្រភេទខ្លះ ព្រោះនៅក្នុងពន្លឺថ្ងៃ ពេលប៉ះនឹងស្បែកមនុស្សយើង វានឹងជួយជំរុញឱ្យរាងកាយ ផលិតអ័រម៉ូនជាច្រើនប្រភេទឡើង មិនថាតែមេឡានីន ដែលជួយឱ្យយើងគេងលក់បានស្រួល ឬអ័រម៉ូនសេរ៉ូថូនីន ដែលធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍ថា មានសេចក្ដីសុខ ក្លៀវក្លាស្វាហាប់ (អាចសង្កេតបានតាមរយៈ អ្នកដែលចូលចិត្តធ្វើការងារនៅកណ្ដាលទីវាល ច្រើនតែជាមនុស្សរួសរាយ ស្រស់ស្រាយរាក់ទាក់ និងស្វាហាប់គ្រប់ពេលវេលា) ដូច្នេះហើយទើបអ្នកដែលមិនសូវប៉ះពាល់នឹងពន្លឺថ្ងៃ អាចប្រឈមនឹងបញ្ហាគេងមិនសូវលក់ ពិបាកក្នុងការគេងលក់ ឬអាចដល់ថ្នាក់ប្រឈមនឹងសភាវធ្លាក់ទឹកចិត្ត ឬហៅថា Depression ទៀតផង។

វិធីបន្ថែមវីតាមីនD ដល់រាងកាយ អាចធ្វើបានយ៉ាងងាយៗ មិនលំបាកឡើយ គឺគ្រាន់តែចេញទៅខាងក្រៅអគារ ដើម្បីឱ្យស្បែករបស់យើងបានប៉ះជាមួយពន្លឺព្រះអាទិត្យ នៅអំឡុងម៉ោង៩.០០-១៥.០០ រយៈពេល ៥នាទីរៀងរាល់ថ្ងៃ វានឹងជួយបន្ថែមវីតាមីនD ដល់រាងកាយបានច្រើន ដល់ទៅ ៩០%ឯណោះ។ ការអនុញ្ញាតឱ្យរាងកាយបានកែច្នៃវីតាមីនD ពីស្រទាប់ស្បែកដោយខ្លួនឯង គឺជាវិធីមួយដ៏មានប្រសិទ្ធភាពខ្លាំងបំផុត ក្នុងការបន្ថែមវីតាមីនD ដល់រាងកាយ។

យ៉ាងណាក៏ដោយ បើសិនអ្នកណានៅតែមានកង្វល់ ពីរឿងពន្លឺថ្ងៃ ដែលក្ដៅខ្លាំងជ្រុលពេកនៅក្នុងស្រុកយើង ដែលទោះជាលាបឡេការពារកម្ដៅថ្ងៃហើយក៏ដោយ ក៏នៅតែមិនហ៊ានចេញទៅឱ្យស្បែកប៉ះនឹងពន្លឺថ្ងៃដោយផ្ទាល់ទៀតនោះ ចូរសាកល្បងជ្រើសរើសប្រើវិធីបន្ថែមវីតាមីនD ដល់រាងកាយ តាមរយៈអាហារការហូបចុកក៏បាន ដោយមុខម្ហូបដែលមានវីតាមីនDច្រើន មានដូចជា ខ្លាញ់ថ្លើមត្រី ទឹកដោះគោស្រស់ ត្រីសាល់ម៉ុន ត្រីប្លាធូ ត្រីធូណា សាច់ហ៊ែម ស៊ុតមាន់ សាច់ជ្រូកចិញ្ច្រាំ សាច់មាន់ ផ្សិតចិន និងឈីស ជាដើម តែការបន្ថែមវីតាមីនD ដោយការទទួលទានអាហារ ជួយឱ្យរាងកាយទទួលបានវីតាមីនD ត្រឹមតែ ១០%ប៉ុណ្ណោះ។

ដូច្នេះ ការបានចេញទៅធ្វើកិច្ចការងារនៅខាងក្រៅផ្ទះខ្លះ មិនថាតែចេញទៅដើរលេង លេងកីឡានៅទីវាល ស្រោចដំណាំ ហោលខោអាវ ហែលទឹក ឬកិច្ចការងារផ្សេងៗទៀត នៅអំឡុងពេលថ្ងៃ ក្នុងរយៈពេលខ្លីៗត្រឹមតែ ៥នាទី ក្នុង ១ថ្ងៃ ក៏អាចជួយឱ្យលោកអ្នក មិនប្រឈមនឹងសភាវស្ទើរវីតាមីនD បានដែរ៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២