Monday, December 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក

ព្រៃវែង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង កម្ពុជា) – តឹនណាម (ខេត្តតៃនិញ វៀតណាម) ” ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នំា ២០២៥ ថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាន និង កំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព, ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ, សេវា, និងជាព្រំដែន ដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ និង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា នៅពេលនេះ នឹងចូលរួមជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ, និយាយជារួម, ខេត្តព្រៃវែងរបស់កម្ពុជា និង ខេត្តតៃនិញរបស់វៀតណាម, និយាយដោយឡែក, តាមរយៈ ការលើកកម្ពស់ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, វប្បធម៌ និង សន្តិសុខ ។ ក្នុងន័យនេះ, សម្តេចបវរធិបតីលើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម ឱ្យបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្តសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់រំហូរទំនិញ, សេវា និង សកម្មភាពធុរកិច្ច ជាពិសេស ក្នុងវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃសម្រាប់ការនាំចេញ ជាដើម, ព្រមទាំង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។

សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យកា្លយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌។ ជាក់ស្តែង, ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ នាពេលនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្រ្តថ្មីមួយទៀត នៃការរីកចម្រើន ផ្នែកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម លើគ្រប់វិស័យ និង គ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។

មុនបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋាភិបាល និង ប្រជាពលរដ្ឋវៀតណាម ដែលតែងតែរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ, ព្រមទាំង ផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ, ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍របស់ប្រទេស និង ប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ។ បន្ថែមពីនេះ, សម្ដេចបវធិបតី ជឿជាក់ថា, ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា, កម្ពុជា និង វៀតណាម នឹងបន្តរក្សា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និង មានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ តរៀងរហូតដល់អ្នកជំនាន់ក្រោយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×