នេះជាខណៈពេលដ៏រន្ធត់ខ្លាំងណាស់ ដែលរថយន្ត Pickup មួយគ្រឿង បានបាត់បង់ម្ចាស់ការ ក្នុងការបើកបរ បណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ យ៉ាងសាហាវតែម្តង។ ហើយអ្វីដែលបុកពោះខ្លាំងជាងនេះទៀតនោះ គឺហេតុការណ៍នេះបានកើតឡើង ខណៈនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទនៅមាត់ផ្លូវ ចម្ងាយប៉ុន្មានម៉ែត្រប៉ុណ្ណោះ មុនពេលរថយន្តក្រឡប់ដល់កន្លែងនាង។ ប៉ុន្តែ ចាត់ទុកថា ជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ ដែលនាងបានដឹងខ្លួនទាន់ រួចងើបរត់ចេញភ្លាមៗ។
ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថាបានកើតឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងទីក្រុង Rayong (ប្រទេសថៃ) ហើយត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព។
បើតាមប្រភពបានឲ្យដឹងថា មុនពេលហេតុការណ៍កើតឡើង នារីម្នាក់ឈ្មោះ Jindarat Tamtrong អាយុ ២២ ឆ្នាំ ឆ្នាំកំពុងអង្គុយមើលទូរស័ព្ទ ខណៈពេលកំពុងរង់ចាំឡានជិះ នៅមុខអាគារមួយ។ ប៉ុន្តែ ខណៈពេលនោះ ស្រាប់តែនាងបានលឺសំឡេងយ៉ាងខ្លាំង គឺរថយន្ត Pickup មួយគ្រឿង បានបាត់បង់ការគ្រប់គ្រង ក្រឡាប់ទទឹងផ្លូវចូលមក។ ភ្លាមៗនោះ Jindarat ក៏បានក្រោកឡើងរត់ចូលខាងក្នុងយ៉ាងលឿន ដោយមិនដឹងថាគ្រោះថ្នាក់អ្វីនោះទេ។
ទោះជាយ៉ាងណា យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ពុំបណ្តាលឲ្យអ្នកណាម្នាក់គ្រោះថ្នាក់ដល់អាយុជិវិតនោះទេ ខណៈអ្នកបើកបរបានរងរបួសប៉ុណ្ណោះ។ ចំណែករថយន្ត Pickup រងការខូចខាតយ៉ាងដំណំ៕ រក្សាសិទ្ធដោយ៖ លឹម ហុង





