Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការបតីអាល្លឺម៉ង់ កំពុងតែរងសម្ពាធកាន់តែខ្លាំងឡើង ពីប្រទេសជាសម្ពន្ធមិត្ត

spot_img

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលរុស្ស៊ីកំពុងតែបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ហើយបណ្ដាប្រទេសលោកខាងលិចជាច្រើន កំពុងតែអន្ទះសា ចង់បញ្ជូនរថក្រោះប្រយុទ្ធរបស់បស្ចិមលោក ទៅជួយដល់អ៊ុយក្រែន ផងនោះ ទើបក្រុមមេដឹកនាំ និង រដ្ឋមន្រ្ដី នៃប្រទេសជាសម្ពន្ធមិត្ត កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ទៅលើអធិការបតីអាល្លឺម៉ង់ ជំរុញឲ្យយល់ព្រម ផ្ដល់នូវការអនុញ្ញាត បញ្ជូនរថក្រោះ Leopard (ឬ រថក្រោះខ្លារខិន) ទៅជួយដល់ក្រុងកៀវ ដើម្បីបណ្ដេញទាហានក្រុងមូស្គូ ឲ្យចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែមករា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺង់ កាលពីថ្ងៃអង្គារ កំពុងតែប្រឈមមុខនឹងសម្ពាធ កាន់តែខ្លាំងឡើង ពីសមភាគីអឺរ៉ុបរបស់គាត់ ដើម្បីផ្ដល់ការអនុញ្ញាត ដល់ការនាំចេញរថក្រោះ Leopard ផលិត នៅក្នុងប្រទេសអាល្លឺម៉ង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានរិះគន់ដល់សកម្មភាពស្ទាក់ស្ទើររបស់ក្រុងប៊ែរឡាំង នៅក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ ផលិត ដោយអាល្លឺម៉ង់ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការរិះគន់នោះ ប្រមុខការពារជាតិរូបនេះ បានជំរុញឲ្យលោក អូឡាហ្វ សូលហ្ស៍ ផ្ដល់ការអនុញ្ញាតដល់ការនាំចេញរថក្រោះដ៏ទំនើបរបស់អាល្លឺម៉ង់ ទៅជួយដល់ក្រុងកៀវ។ លើសពីនេះទៅទៀត លោករដ្ឋមន្រ្ដី ថែមទាំងបានអះអាង ថា ប្រសិនបើក្រុងប៊ែរឡាំង បើកភ្លើងខៀវ នឹងមានប្រទេស ចំនួន១៤ ដែលប្រើប្រាស់រថក្រោះ Leopard នឹងបញ្ជូនរថចម្បាំង ប្រភេទនេះ ទៅជួយដល់អ៊ុយក្រែន។

ការជំរុញរបស់បណ្ដាប្រទេសជាសម្ពន្ធមិត្ត នឹងក្លាយជាសម្ពាធមួយ ធ្លាក់មកលើរដ្ឋមន្រ្ដីក្រសួងការពារជាតិថ្មីរបស់អាល្លឺម៉ង ទើបនឹងលេចឈ្មោះ កាលពីថ្ងៃអង្គារ គឺលោក បូរីស ពីស្ដូរូស (Boris Pistorius) ជាមួយនឹងជម្រើសដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់កៅអីនៅទំនេរនេះ ក្រោយពេលលោកស្រីរដ្ឋមន្រ្ដី គ្រីស្ទីន ឡាមប៊្រីច (Christine Lambrecht) បានប្រកាសលាលែង ពីតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមមេដឹកនាំ និង រដ្ឋមន្រ្ដីជាច្រើនប្រទេស រួមមាន ហ្វាំងឡង់ដ៍ លីទុយអានី ប៉ូឡូញ និង ចក្រភពអង់គ្លេស បានបន្លឺសំឡេងរបស់ពួកគេ ទាមទារកាន់តែខ្លាំងឡើង ជំរុញឲ្យក្រុងប៊ែរឡាំង ឆ្លើយបំភ្លឺ អំពីការអនុញ្ញាតនូវការនាំចេញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ សម្រាប់បញ្ជូនទៅជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែតស៊ូ ប្រយុទ្ធនឹងទាហានរុស្ស៊ី។

លោក អេនហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានរំឭកដល់អ្នកស្តាប់ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ថា ក្រុងវ៉ាសាវី បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីផ្គត់ផ្គងរថក្រោះប្រយុទ្ធ Leopard ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ចំនួន១៤គ្រឿង សម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប៉ូឡូញ ត្រូវការការយល់ព្រម ពីក្រុងប៊ែរឡាំង សម្រាប់ការនាំចេញរថក្រោះ ប្រភេទនេះ ដោយសារតែអាល្លឺម៉ង់ ជាអ្នកផលិត និង ជាអ្នកកាន់អាជ្ញាប័ណ្ណនាំចេញ។

លោកប្រធានាធិបតី ឌូដា បានបញ្ជាក់ ថា «យើងនៅតែមានក្ដីសង្ឃឹម ហើយយើងកំពុងតែព្យាយាម រៀបចំនូវកិច្ចគាំទ្រដ៏ធំ សម្រាប់អ៊ុយក្រែន។ យើងសង្ឃឹម ថា ក្រុមហ៊ុនផលិតរថក្រោះទាំងអស់របស់លោកខាងលិច ដូចជា អាល្លឺម៉ង់ ក៏នឹងចូលរួម នៅក្នុងរឿងនេះផងដែរ បើតាមគំនិតរបស់ខ្ញុំ គឺល្អ ល្អខ្លាំងណាស់….។

ទន្ទឹមគ្នានេះ លោក ប៉េកកា ហាអាវីស្ដូ (Pekka Haavisto) រដ្ឋមន្រ្ដីក្រសួងការបរទេសហ្វាំងឡង់ដ៍ ក៏បានថ្លែងជាដដែលៗ អំពីសុច្ឆន្ទៈរបស់ក្រុងហែលស៊ីងគី (Helsinki) នៅក្នុងការបញ្ជូនក្រោះប្រយុទ្ធ Leopard ជាច្រើនគ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។

ប្រមុខការទូតហ្វាំងឡង់ដ៍ រូបនេះ បានសង្កត់ធ្ងន់ ថា «យើងសង្ឃឹម ថា ការសម្រេចចិត្ត ដើម្បីផ្តល់រថក្រោះ Leopard នឹងក្លាយជាការពិត ព្រោះក្រុងហែលស៊ីងគី ពិតជាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលរួមចំណែករបស់ខ្លួន នៅក្នុងកិច្ចគាំទ្រ ជួយដល់អ៊ុយក្រែន។

ស្របគ្នានេះ លោក វីតាលី គ្លីតស្កូ (Vitali Klitschko) ចៅហ្វាយក្រុងកៀវ និង ជាអតីតកីឡាករប្រដាល់អាជីពទម្ងន់ធ្ងន់របស់អ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា គាត់បានជួបពិភាក្សាគ្នាជាមួយនឹងលោក រ៉ូប៊ឺត ហាបែក (Robert Habeck) អធិការបតីរង និង ជារដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ជុំវិញការផ្ទេរគ្រឿងសឹកចម្បាំងទាំងនេះរួចមកហើយដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×