ភ្នំពេញ ៖ តំណាងដ៏ខ្ពង់ខ្ពស់ឱ្យ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី “សិទ្ធិមានសេរីភាព” ក្រោមកិច្ចសហការរៀបចំរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) ដោយមានការអញ្ជើញចូលរួមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញាមកពីតំបន់សាលាឧទ្ធរណ៍ចំនួន ៦ (រួមមានសាលាឧទ្ធរណ៍ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង និងកំពង់ឆ្នាំង) មេធាវីស្ម័គ្រចិត្តសិទ្ធិមនុស្ស ព្រមទាំងមន្រ្តីរាជការ គ.ស.ម.ក. សរុបប្រមាណ ៤០នាក់។
សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ រាជធានីភ្នំពេញ ក្នុងគោលបំណង (១) ពង្រឹងការអនុវត្តជាក់ស្ដែងនៃបទដ្ឋានជាតិនិងអន្តរជាតិ ស្ដីពីសិទ្ធិមានសេរីភាពក្នុងចំណោមតួអង្គយុត្តិធម៌ក្នុងការអនុវត្តការងារប្រចាំថ្ងៃ (២) រួមចំណែកក្នុងការបង្កើតនូវវិធីសាស្រ្តដែលមានលក្ខណៈស៊ីសង្វាក់ក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ដើម្បីធានាការអនុវត្តសិទ្ធិមានសេរីភាពដែលមានសង្គតិភាព ក្នុងប្រព័ន្ធយុត្តិធម៌ (៣) កំណត់វិធានការដែលអាចមានក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ស្របពេលជាមួយគ្នានោះ ក៏ធានាបទដ្ឋានច្បាប់ទាក់ទងនឹងការឃុំខ្លួនបណ្ដោះអាសន្ន អនុវត្តគោលការណ៍ដាក់ទោសទណ្ឌដោយសមស្រប និងបង្កើនការប្រើជម្រើសជំនួសការឃុំខ្លួន។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ិត រ៉ាឌី បានគូសបញ្ជាក់ថា៖ “ច្បាប់អន្តរជាតិ និងច្បាប់ជាតិកម្ពុជាធានានូវគោលការណ៍ដែលថា ជនត្រូវចោទត្រូវតែមានសេរីភាព ហើយការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានអនុញ្ញាតតែក្នុងករណីលើកលែង និងបំពេញតាមលក្ខខណ្ឌជាក់លាក់មួយចំនួន។ ចៅក្រមគួរតែវាយតម្លៃដោយប្រុងប្រយ័ត្នលើករណីរបស់បុគ្គលនីមួយៗ ដើម្បីកំណត់ថាតើលក្ខខណ្ឌជាក់លាក់ទាំងនោះត្រូវបានបំពេញដែរឬទេ និងផ្ដល់នូវការសម្អាងហេតុផ្នែកច្បាប់ឱ្យបានរឺងមាំ នៅពេលដែលសម្រេចលើការឃុំខ្លួនបណ្ដោះអាសន្ន”។
អង្គសិក្ខាសាលាទាំងមូលក៏បានចែករំលែកនូវចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពាក់ព័ន្ធនឹង (១) ច្បាប់និងបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមានសេរីភាព និងការឃុំខ្លួន (២) ការឃុំខ្លួននិងសិទ្ធិមានសេរីភាពដែលមានចែងក្នុងច្បាប់កម្ពុជា (៣) ស្ថានភាពបច្ចុប្បន្ននៃកន្លែងឃុំឃាំងនៅកម្ពុជា (៤) យុត្តិធម៌សម្រាប់កុមារ៖ នីតិវិធីបង្វែរ និងការផ្ដល់នីតិសម្បទាឡើងវិញ។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តល់វេទិកាជូនសិក្ខាកាមក្នុងការពិភាក្សាជាក្រុមលើករណីសិក្សា ដើម្បីទទួលបាននូវការចែករំលែកនូវបទពិសោធនានានិងបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងព្រមទាំងលើកឡើងនូវធាតុចូលសម្រាប់ជាដំណោះស្រាយសមស្របផងដែរ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់សិក្ខាកាមដែលមានភាពសកម្មក្នុងការចូលរួមចែករំលែកបទពិសោធ និងធាតុចូលសម្រាប់ការពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី












