យោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ ខាងបុរាណវិទ្យាយើងអាចដឹងអំពីប្រភពនៃចម្លាក់តំណាង ’យក្ខិនី” ខ្មែរនាសម័យបុរេអង្គរ ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ហើយដែលបាននាំចូលប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយសាសនាឥណ្ឌា ។ នៅប្រទេសឥណ្ឌា នាសម័យបុរេប្រវត្តិសាស្ត្រក៏ដូចក្នុងសង្គមខ្មែរនាសម័យបុព្វកាល ដែរ ព្រះអាទិទេពភេទស្រី មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមរហូតដល់បច្ចុប្បន្ន ។ ព្រះអាទិទេពភេទស្រីទាំងនោះ ជួនកាលល្អ ជួនកាលអាក្រក់ ក្នុងក្រសែភ្នែករបស់អ្នកស្រុកអាយ ដែលមានជាអាទិ៍ ម្តាយដើម ជំនៀងផ្ទះ នាងប្រពៃស្រព ដែលតំណាងឲ្យធញ្ញជាតិឬស្រូវដែលជាធម្មជាតិ រមែងតែនាំមកនូវភាពសម្បូរសប្បាយផូរផង់នៃជីវិតប្រចាំថ្ងៃ តាមរយៈការគោរពបូជា ។
នៅក្នុងសម័យឥណ្ឌារូបនីយកម្ម តួនាទីរបស់ព្រះអាទិទេពអាយទាំងនោះ នៅតែរក្សានូវអាទិភាពរបស់ខ្លួនបានដដែល ។ ក៏ប៉ុន្តែគេក៏ឃើញមានទេវតាស្រីមួយចំនួនទៀតបានមកដល់ទឹកដីខ្មែរដែរដូចជា ’យក្ខិនី” តំណាងឲ្យភាពកោងកាចព្រៃផ្សៃ ឬព្រះនាងគង្គាទេវតារក្សាទឹក ដងស្ទឹង បឹងបួរ ទន្លេជាដើម ដែលតំណាងឲ្យភាពស្លូតបូត។ ក្នុងបរិបទនេះហើយដែលយក្ស និងយក្ខិនីតំណាងនូវឥទ្ធិពលនៃធម្មជាតិដែលមានមកលើសង្គមមនុស្ស ។ ក៏ដូចនៅអង្គរបុរីដែរ, វប្បធម៌សម័យចេនឡានៅខេត្តអ៊ូប៊ុន ប្រទេសថៃបច្ចុប្បន្ន មានបន្សល់ទុកជាកេរ្ដិ៍មរតកនៃវប្បធម៌បុរាណខ្មែរមួយគឺរូបចម្លាក់ថ្មតំណាងឲ្យទេពធីតាគង្គា ក្រោមរូបភាពស្ត្រីខ្មែរ។ ម្យ៉ាងវិញទៀតគេនៅចាំបានយ៉ាងច្បាស់ថា ទន្លេមេគង្គខ្មែរក៏ដូចទន្លេគង្គានៅប្រទេសឥណ្ឌាដែរ គឺតំណាងដោយព្រះនាងគង្គាដែលជាព្រះអាទិទេពស្រី ។ ដូចនេះទឹកដីតំណាងឲ្យស្ត្រីភេទ ដោយហេតុថាជីវិតចាប់បដិសន្ធិឡើងជាមួយទឹក ។ ’ទឹកគឺជីវិត” មានទឹក គឺមានជីវិត ។
ភស្តុតាងដ៏សំខាន់ស្តីពីវត្តមានរបស់ពពួកយក្សនិងយក្ខិនី ក្នុងវប្បធម៌ អង្គរបុរី អាចគូសបញ្ជាក់តាមរយៈរូបចម្លាក់ធ្វើពីដីដុតមួយចំនួន ដែលគេបានជួបប្រទះក្នុងស្ថានីយប្រវត្តិសាស្ត្រអង្គរបុរី ដែលជាទឹកដីវ័យចំណាស់មួយនៅក្នុងខេត្តតាកែវ ។
លក្ខណៈសម្បត្តិរបស់ចម្លាក់យក្ខិនី គឺមានចង្កូម និងភ្នែកលៀនហើយធំ ដែលគួរឲ្យព្រឺព្រួច ។ នោះគឺជាអ្វីមួយ ដែលវិចិត្រករខ្មែរនៅតែរក្សាបានរហូតមកដល់បច្ចុប្បន្ន។
ចំពោះភាពអសុរកាយ ឬភាពឃោរឃៅនៃយក្ខិនី សូមជ្រាបថា ត្រូវបានបង្ហាញ តាមរយៈលក្ខណៈមុខមាត់ដោយឡែកនិងវត្តមានចង្កូមទាំង ២ ដែលបានលៀនចេញពីបបូរមាត់ និងតាមរយៈវត្តមានរបស់សុដន់ទាំងគូរ ។ តែអ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះ គឺភាពស្រដៀងនៃយក្ខិនីទាំងនោះដែលស្ថិតក្នុងអំឡុងសតវត្សរ៍ទី៤ ដល់ទី ៦ នៃគ្រិស្គសករាជ ទៅនឹងចម្លាក់នាសម័យអង្គរ ។
សូមជម្រាបថា ទោះបីជាគេពុំទាន់រកឃើញនូវចម្លាក់ធ្វើអំពីលង្ហិន នៅកម្ពុជាបច្ចុប្បន្នក៏ដោយ តែមកដល់ពេលនេះក៏ពុំទាន់មានទិន្នន័យណាមួយបញ្ជាក់ឲ្យច្បាស់លាស់ថា គ្មាននៅឡើយដែរ ។ តែនៅទីក្រុងបេគ្រាំប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) ឯណោះវិញ ក៏មានវត្តមានរបស់ចម្លាក់យក្ខិនីចាប់តាំងពីសតវត្សរ៍ទី ១នៃគ្រិស្គសករាជមកម្ល៉េះ៕ (ម.ត្រាណេ)