Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ញ៉ាំប្រៃ ហានិភ័យស្ងាត់ៗ បំផ្លាញសុខភាព

បើសិនអ្នក ជាមនុស្សម្នាក់ដែលមានទម្លាប់ញ៉ាំអ្វី ក៏ត្រូវតែមានទឹកត្រីម្ទេស ឬទឹកស៊ីអ៊ីវ ដើម្បីបន្ថែមភាពប្រៃនៅក្នុងអាហារជាប្រចាំ ដោយអាងហេតុផលថា ទាល់តែប្រៃបន្តិចទើបឆ្ងាញ់នោះ តើអ្នកមានដឹងទេថា ភាពឆ្ងាញ់ដែលអ្នកបានទទួលនោះ នឹងក្លាយជា “ហានិភ័យស្ងាត់ៗ” ដែលបំផ្លាញសុខភាពរបស់អ្នកដោយមិនដឹងខ្លួន។
ជាទូទៅ រាងកាយមនុស្សយើង ត្រូវការសូដ្យូមប្រមាណ ២ ៤០០មិល្លីក្រាម ក្នុង១ថ្ងៃ ឬបើគិតជាអំបឹល គឺត្រឹមតែប្រមាណជា ១ស្លាបព្រាកាហ្វេប៉ុណ្ណោះ តែបច្ចុប្បន្នមនុស្សភាគច្រើន ញ៉ាំសូដ្យូម លើសពីភាពចាំបាច់ដល់ទៅជាង ៣ដងឯណោះ។ ដូច្នេះនៅពេលយើងញ៉ាំប្រៃចូលទៅច្រើន លើសពីរាងកាយយកទៅប្រើប្រាស់អស់នោះ យូរថ្ងៃទៅ បើមិនព្រមផ្លាស់ប្តូរទង្វើក្នុងការបរិភោគទេនោះ វានឹងនាំឆ្ពោះទៅរកបច្ច័យប្រឈមនឹងជំងឺផ្សេងៗ ដូចជា…

១-ជំងឺសម្ពាធឈាមឡើងខ្ពស់ ឬលើសឈាម
នៅក្នុងរាងកាយយើង មានក្រលៀន ជាអវយវៈដែលជួយសម្រួលកម្រិតជាតិសូដ្យូម និងទឹកក្នុងរាងកាយឱ្យស័ក្តិសមល្មម តែនៅពេលណាដែលរាងកាយមានសូដ្យូមខ្ពស់ ហើយក្រលៀនមិនអាចសម្រួលសូដ្យូមឱ្យស័ក្តិសមល្មមជាមួយនឹងទឹកបាន បរិមាណសូដ្យូម និងទឹកក្នុងរាងកាយ ក៏នឹងកើនខ្ពស់ឡើង ហើយឈាមដែលមានទឹក ជាចំណែកផ្សំសំខាន់ ក៏នឹងឡើងខ្ពស់ដែរ ហើយមានឈាមរត់ឆ្លងទៅរកសរសៃឈាមកាន់តែច្រើនឡើង និងនៅទីបំផុតក៏ធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់។

២-ជំងឺបេះដូង
នៅពេលសម្ពាធឈាមឡើងខ្ពស់ បេះដូងក៏ត្រូវតែស្រូបច្របាច់ឈាមកាន់តែខ្លាំងឡើង លោតកាន់តែញាប់ឡើង ឬនិយាយងាយៗ គឺធ្វើការកាន់តែខ្លាំងឡើង ព្រោះបរិមាណឈាមក្នុងរាងកាយឡើងខ្ពស់ ដែលក្រៅពី
មានផលប៉ះពាល់ដល់សម្ពាធឈាមហើយ បរិមាណសូដ្យូមដែលច្រើនជ្រុល នឹងបង្កឱ្យកើតអាការខ្លួនប្រាណឡើងហើម ដែលបើសិនជាកើតសភាវធ្ងន់ធ្ងរផងនោះ អាចដល់ថ្នាក់ធ្វើឱ្យគាំងបេះដូងបាន។

៣-ជំងឺក្រលៀន
នៅពេលកើតជំងឺលើសឈាម ក្រលៀនត្រូវតែធ្វើការធ្ងន់ និងខ្លាំងឡើងជារឿយៗ ហុចផលឱ្យក្រលៀនចុះខ្សោយ មិនអាចបញ្ចេញវត្ថុអាក្រក់ក្នុងរាងកាយមកក្រៅបាន និងកើតជំងឺខ្សោយក្រលៀន ហើយគាំងក្រលៀននៅទីបំផុត។

៤-ស្ពឹក ពិការ
បើកើតជំងឺលើសឈាមរយៈពេលយូរ ក៏នឹងកើតការបំផ្លាញជញ្ជាំងសរសៃឈាម និងនាំឆ្ពោះទៅរកការបំផ្លាញអវយវៈកន្លែងសំខាន់ៗ ជាពិសេសខួរក្បាល ដែលមានភាពប្រឈមនឹងការកើតជំងឺស្ពឹកពិការ ១ចំហៀងខ្លួន ដោយសារតែជំងឺសរសៃឈាមក្នុងខួរក្បាលបែក ត្បៀត និងស្ទះ។

មិនមែនតែប៉ុណ្ណឹងទេ ការញ៉ាំប្រៃខ្លាំងជ្រុលពេក ថែមទាំងបណ្ដាលឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរឡើង ជាមូលហេតុធ្វើឱ្យកើតអាការឈឺក្បាល ម៉ៃក្រេន រួមទាំងបន្ថែមភាពប្រឈមក្នុងការកើតជំងឺពុកឆ្អឹង និងមហារីកក្រពះអាហារទៀតផង។

ដូច្នេះ បើអាចទៅរួច អ្នកណាដែលចូលចិត្តញ៉ាំប្រៃជាប្រចាំនោះ គួរតែបន្ថយការញ៉ាំប្រៃឱ្យតិចជាងមុន និងហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ព្រោះវានឹងជួយឱ្យអ្នកមានសុខភាពកាន់តែល្អឡើង៕

×