តាកែវ ៖ ប្រជាពលរដ្ឋរស់នៅឃុំត្រាពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវជិត៣០០គ្រួសារដែលកន្លងមកតែងតែមានទំនាស់ដីធ្លីមិនដែលដាច់ជាមួយនិងភាគីពីរផ្សេងគ្នានោះ ពេលនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញ ស.ជ.ណ ប្រគាល់ដីនិងធ្វើប្លង់រឹងជូនពួកគាត់តាមទំហុំដីនៃការរស់នៅអាស្រ័យផលដើម្បីបញ្ចប់ទំនាស់។
ការយកសេចក្តីជូនដំណឹងទៅបង្ហាញប្រាប់ប្រជាពលរដ្ឋដែលធ្លាប់មានបញ្ហាដីធ្លីកន្លងមកនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានឯឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធជាច្រើនផងដែរ។
នៅក្នុងសេចក្តីជូនដំណឹងដែលបានផ្សព្វផ្សាយនោះមាន លេខ៩៦៨ស.ជ.ណ របស់រាជរដ្ឋាភិបាលលើករណីបណ្តឹងរបស់តំណាងប្រជាពលរដ្ឋចំនួន១៣៧គ្រួសារ សុំជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ស៊ុន ហួរ នៅចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងសេចក្តីជូនដំណឹងលេខ៩៦៩ស.ជ.ណ លើករណីបណ្តឹងប្រជាពលរដ្ឋ១៣៨គ្រួសារ សុំអន្តរាគមន៍ដោះស្រាយដីធ្លីពួកគាត់ជាមួយឈ្មោះ តូច បញ្ញា លើដីទំហំ៩១៥ ហិកតា នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង។
នៅក្នុងឱកាសចុះផ្សព្វផ្សាយ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមានប្រសាសន៍នៅចំពោះមុខប្រជាពលរដ្ឋទីនោះថា ដោយមើលឃើញពីការលំបាកនិងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋដែលធ្លាប់មានកន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពបញ្ចប់ទំនាស់នេះតាមរយៈការចេញសេចក្តីជូនដំណឹង ដោយបានប្រគល់ដីជូនប្រជាពលរដ្ឋដែលមានទំនាស់ជាមួយនឹងឈ្មោះ ស៊ុន ហួរ និងឈ្មោះ តូច បញ្ញា មកវិញតាមទំហំដីដែលពួកគាត់បានកាន់កាប់ និងបង្កបង្កើនផលតាមការរស់នៅជាក់ស្តែង ហើយក្នុងនោះក៏បានរៀបចំផ្តល់ជូលននូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ផងដែរ ដើម្បីជាគុណប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋក្នុងការ ប្រើប្រាស់ អស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងពុំមានការភ័យខ្លាចតទៅទៀត។
តាមរយៈការបញ្ចប់ទំនាស់និងផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់នេះក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសគឺការជួយដល់ពួកគាត់ឲ្យមានដីប្រើប្រាស់បង្កបង្កើនផលដើម្បីជីវភាពក្នុងគ្រួសារឈានទៅកាត់បន្ថយភាពក្រីក្រ។
ក្រោយពីបានស្តាប់ការប្រកាសផ្សព្វផ្សាយស.ជ.ណរបស់រាជរដ្ឋាភិបាលរួចមក ប្រជាពលរដ្ឋដែលមានទំនាស់ខាងលើបានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង ព្រមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋហើយបានប្រគល់ដីនិងធ្វើបណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់៕ តាកែវ