Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី សម្លឹងឃើញកម្ពុជាទទួលបាននូវការអភិវឌ្ឍ និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាប្រទេសមានសុខសន្តិភាព

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា នៅវិមានរដ្ឋសភា។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម Sudirman Haseng នៅកម្ពុជា និងបង្ហាញសេចក្ដីរីករាយគាំទ្រចំពោះលទ្ធផលផ្លែផ្កាជាច្រើន នៅក្នុងអាណត្តិការងារដែលឯកឧត្តម បានបំពេញរយៈពេលមួយអាណត្តិរហូតមកដល់ពេលនេះ។

សម្តេច មានប្រសាសន៍ថា លទ្ធផលទាំងការងារទាំងនោះពិតជាបានរួមចំណែកដល់ការពង្រឹងកិច្ចសហប្របត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ក៏ដូចជានៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរួមក្នុងតំបន់អាស៊ានទាំងមូលផងដែរ។ សម្ដេច ក៏បានជម្រាបជូនឯកឧត្ដមផងដែរ ថាកម្ពុជាទើបតែបញ្ចប់តួនាទីរបស់ខ្លួនជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០២២ ហើយតាមរយៈកិច្ចប្រជុំនេះក៏បានរួម ចំណែកនិយាយដោយឡែកពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។

សម្តេច ក៏បានថ្លែងចូលរួមអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលទទួលតួនាទីប្តូរវេនជាប្រធានអាស៊ានបន្តពីកម្ពុជា និងថាតាមរយៈជំនួបពិភាក្សាការងារកន្លងមក រវាងសម្ដេចជាមួយនឹងលោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ភាគីទាំងពីរក៏បានឯកភាព ជំរុញដល់ការពិភាក្សាទៅលើសេចក្ដីព្រាងMOU បង្កើតជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសគឺការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។

សម្ដេច ក៏សង្ឃឹមជឿជាក់ថានាពេលឆាប់ឆាប់ខាងមុខក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរនឹងជជែកពិភាក្សាលើកិច្ចការនេះ ហើយបន្ទាប់ពីសម្រេចនូវការងារទាំងស្រុងនៅពេលខាងមុខMOUនេះ នឹងបម្រើដល់ផលប្រយោជន៍រួមយ៉ាងច្រើនដល់ប្រទេសទាំងពីរ ជាពិសេសការពារផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងឥណ្ឌូនេស៊ីផ្ទាល់។

បន្ថែមពីនេះសម្ដេច ក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតដែរថា រហូតមកដល់ពេលនេះ ក្នុងរយៈពេលប្រមាណជាច្រើនឆ្នាំមកហើយ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះ កម្ពុជាក៏ធ្លាប់បានបញ្ជូនមន្ត្រីដើម្បីធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍អំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិពីសាធារណរដ្ឋឥណ្ឌូនេស៊ីផងដែរ។

ក្នុងន័យនេះសម្ដេច ក៏សូមបន្តលើកទឹកចិត្ត ដល់ភាគីទាំងពីរក្នុងការបន្តពិនិត្យពិភាក្សាលើការចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើយ៉ាងណាមកទទួលបាននូវបទពិសោធន៍ថ្មីៗល្អៗ ដើម្បីពង្រឹងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដីក៏ដូចជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ដែលបានផ្ដល់ការវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងថ្លែងអំណរគុណសម្ដេច ចំពោះការគាំទ្រដល់កិច្ចការពាក់ព័ន្ធនានា នៅក្នុងអាណត្ដិបេសកកម្មការទូត របស់ឯកឧត្ដម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះ។

ឯកឧត្តម ក៏យកឱកាសនេះចូលរួមអបអរសាទរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេនប្រកបដោយជោគជ័យ នៅក្នុងបរិយាកាសប្រកបដោយសុខសន្តិភាពពេញលេញ ដែលធ្វើឲ្យព្រឹត្តិការណ៍នានានៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំអាស៊ានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

សម្ដេច បន្តថាតាមរយៈបទពិសោធន៍ដែលកម្ពុជាទទួលបានហើយដែលឯកឧត្ដម បានមើលឃើញនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថាកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗបន្តទៀតនាពេលខាងមុខ ជាពិសេសការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះផងដែរ។

បន្ថែមពីនេះឯកឧត្តម ក៏មានសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ក្នុងការដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ក្នុងនោះដែរក៏ថ្លែងអំណរគុណអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា ទាំងកងកម្លាំងនគរបាលជាតិ និងមន្ត្រីអន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការជួយគាំទ្រដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលជួបប្រទះបញ្ហាផ្សេងផ្សេងនៅកម្ពុជានារយៈពេលកន្លងមក។

ឯកឧត្តម Sudirman Haseng ក៏សូមយកឱកាសនេះជម្រាបជូនសម្ដេច អំពីការវាយតម្លៃជារួមទៅលើ វឌ្ឍនភាព និងការអភិវឌ្ឍ នៅព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តម បានលើកឡើងថាជាក់ស្ដែងនៅកម្ពុជាទទួលបាននូវការអភិវឌ្ឍ និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ជាប្រទេសមានសុខសន្តិភាព ជាកត្តាមូលដ្ឋានគ្រឹះមួយយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការបន្តអភិវឌ្ឍប្រទេសរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅដែលរាជរដ្ឋាភិបាល បានដាក់ចេញគឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៥០។

ឯកឧត្តម ក៏បានលើកឡើងដែរថាក្នុងអាណត្តិបេសកកម្មនៅកម្ពុជាកន្លងមកនេះ ឯកឧត្តម ទទួលបាននូវអនុស្សាវរីយ៍ល្អៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ទទួលបាននូវកិច្ចសហប្រតិបត្តិការដ៏ល្អពីបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធដែលនេះជាអ្វីនាំឲ្យចងចាំហើយឯកឧត្តម ក៏សង្ឃឹមថានឹងបានវិលត្រឡប់មកកម្ពុជានៅក្នុងឱកាសណាមួយនាពេលអនាគតខាងមុខ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃ និងពាក្យពេចន៍ប្រកបដោយការលើកទឹកចិត្តរបស់ឯកឧត្ដម ចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសម្ដេច ក៏ជម្រាបជូនថាសម្ដេច ផ្ទាល់ត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយនឹងអគ្គរដ្ឋទូតថ្មីដែលត្រូវបន្តអាណត្តិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×