Sunday, March 26, 2023

ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ

spot_img

ភ្នំពេញ៖ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ ចំពោះសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ​​កម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេក​វិទ្យានៃកម្ពុជា បន្ទាប់ពីក្រមនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាតម្រង់ទិសនិងការពង្រឹងការអនុវត្តក្រមប្រតិបត្តិម្រាប់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក Raymond Sia  ប្រធានក្រុមប្រឹក្សាភិបាលសមាគម ធនាគារនៅកម្ពុជា មានប្រសាសន៍ផ្តោតសំខាន់ថា៖ “នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, អាកប្បកិរិយា និងសកម្មភាពរបស់គ្រឹះស្ថាននីមួយៗ មានសារៈសំខាន់ណាស់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសុចរិតភាព និងជំនឿទុកចិត្តជាមួយនឹងអតិថិជននិងសាធារណជន។ លោក Raymond Sia  បន្តថា ជាតំណាងធនាគារនីមួយៗ យើងត្រូវផ្សព្វផ្សាយ និងជំរុញគុណតម្លៃទាំងនេះ ដើម្បីទទួលបានឧត្តមភាពនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ”។

លោក Raymond បានគូសបញ្ជាក់ថា៖«ខ្ញុំសូមប្រកាសថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យអនុវត្តពេញលេញចាប់ពីខែមករាឆ្នាំ ២០២៣នេះតទៅ ចំពោះសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងអនុវត្តក្រមនេះ ហើយបានដាក់ក្រមនេះចូលទៅក្នុងគោលនយោបាយផ្ទៃក្នុង និងនិតីវិធីផ្ទៃក្នុងមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។

សូមបញ្ជាក់ថា​ ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្តស្របទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីធានាពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុមាននិរន្ទរភាព ភាពធន់ លើកកម្ពស់និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌ និងវីជ្ជាជីវៈសម្រាប់គ្រឹះស្ថាធនាគារ និងហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីក្រមប្រតិបត្តិត្រូវបានដាក់ឱ្យអនុវត្តសាកល្បងជិតមួយឆ្នាំមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រម តាមរយៈសិក្ខាសាលាថ្នាក់តំបន់ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាព គ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។ សិក្ខាសាលាដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នោះ មានការចូលរួមពីថ្នាក់ដឹកនាំភូមិភាគ សាខា របស់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រមាណជា ៨០០នាក់ នៅ
ទូទាំងប្រទេស។

លោក សុខ វឿន ដែលជាប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍បន្តថា៖ ”យើងសង្កេតឃើញថាគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី បានខិតខំយកចិត្តទុកដាក់ក្នុងការអនុលោមតាមវិធាននៃក្រមប្រតិបត្តិ     បើទោះជាវាមិនមានភាពងាយស្រួលក៏ដោយ ក៏ប៉ុន្តែដើម្បីបុព្វហេតុនៃការចូលរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ ប្រកបទៅដោយបរិយាបន្ន និងកិច្ចការពារអតិថិជន គ្រឹះស្ថានទាំងអស់បានខិតខំពុះពារធ្វើយ៉ាងណា ឱ្យ ខានតែបានក្នុងការកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួន ដើម្បីធានាថាគ្រឹះស្ថានរបស់ខ្លួនអនុវត្តបានយ៉ាងពេញលេញតាមស្តង់ដារដែលបានចែងនៅក្នុងក្រមនេះ។”

ថ្លែងសុន្ទរកថាបើកនៅក្នុងអង្គសិក្ខាសាលាតម្រង់ទិស ស្តីពី ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ដល់អ្នកចូលរួមជាង ៦០០នាក់ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានកោតសសើរដល់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា  ដែលបានផ្តួចផ្តើមរៀបចំ និងអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ដែលជាសមិទ្ធផលសំខាន់សម្រាប់រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន។ គ្រឹះស្ថានជាសមាជិក ដែលបានខិតខំអនុវត្តតាមគោលការណ៍នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទានក៏ជាកត្តាចាំបាច់មួយទៀត ដើម្បីរួមគ្នារក្សាបាននូវការផ្តល់នៃក្រមប្រតិបត្តិសីលធម៌វិជ្ជាជីវៈមានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

លោក គិត សុវណ្ណារិទ្ធ បន្ថែមថា ការរក្សាបាននូវស្ថិរភាព និងចីរភាពនៃការអភិវឌ្ឍវិស័យ ធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា ការពង្រឹងការអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមពីធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារឯកជន។       

លោក សុវណ្ណារិទ្ធមានប្រសាសន៍បញ្ជាក់ថា៖​ “ខ្ញុំសូមគ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុបន្តទៀត និងត្រូវចាត់ទុកការងារនេះជាការងារអាទិភាព និងសំខាន់ចាំបាច់ ព្រមទាំងត្រូវធានាថាគ្រឹះស្ថានរបស់ខ្លួនធ្វើប្រតិ​បត្តិការ និងប្រកួតប្រជែងយកអតិថិជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។”

លោក សុវណ្ណារិទ្ធបន្ថែមទៀតថា ការរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន គឺជាវេទិកាមួយជួយឱ្យគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ទាំងអស់នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ព្រមទាំងមានឱកាសលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈម ដែលជួបប្រទះ បន្ទាប់ពីការដាក់ចេញឱ្យអនុវត្តជាបណ្តោះអាសន្ននូវក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាននេះ។ 

លោកបន្តថា សិក្ខាសាលានេះក៏នឹងជួយធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ដែលនឹងក្លាយជានិយាមមួយដ៏សំខាន់ក្នុងការពង្រឹងការអនុវត្តទីផ្សារ ព្រមទាំងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការរក្សាបាននូវតម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួតប្រជែង ដើម្បីបន្តធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២