នៅតាមជញ្ជាំងប្រាសាទខ្មែរបុរាណនាសម័យបុរេអង្គរ និងអង្គរ គេឃើញមានចម្លាក់បុរាណជាច្រើនដូចជា ព្រះទេពី ស្រីរាំ ឬទេពអប្សរ ព្រមទាំងប្រជានុរាស្ដ្រ ដែលមានឋានៈទាប ឬខ្ពង់ខ្ពស់ជាទីបំផុត ស្ថិតនៅក្នុងឥរិយាបថលែងទ្រូងទទេដូចគ្នាដែរ។
ឧទាហរណ៍ យើងក្រឡេកមើលចម្លាក់ព្រះអង្គម្ចាស់ក្សត្រីឥន្ទ្រទេវី ជាដើម ដែលជាព្រះជាយារបស់ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែកប់កំពូល (ជ័យវរ្ម័នទី៧) ក៏ព្រះនាងស្ថិតក្នុងឥរិយាបថលែងខ្លួនទទេដែរ។ ដោយឡែកតាមការវិភាគរូបសំណាកនាសម័យនគរភ្នំ សតវត្សរ៍ទី១ ដល់ទី៧ និងសម័យចេនឡា (សតវត្សរ៍ទី៨ដល់សតវត្សរ៍ទី៩ នៃគ្រិស្ដសករាជ) ក៏បានបញ្ជាក់ នូវការនិយមប្រតិបត្ដិនូវទម្លាប់ខាងលើនេះដែរ។
យោងតាមប្រភពឯកសារបុរាណវិទ្យា យើងអាចសន្និដ្ឋានបានថា ប្រពៃណី«ដោះអាវ»នេះ មានឡើងតាំងពីសម័យបុរេប្រវតិ្ដសាស្ដ្រមកម្ល៉េះ។ ដូច្នេះទំនៀមទម្លាប់លែងខ្លួនរបស់ស្ដ្រីខ្មែរ គឺជាប្រពៃណីទូទៅ ដែលមានតាំងតែពីបុរាណកាលមក គ្មានលក្ខណៈអាវាសែទេ។ ម្យ៉ាងទៀត តាមរយៈឯកសារបានបញ្ជាក់ឱ្យដឹងថា កាលដែលគេឆ្លាក់រូបទេវតា ឬរូបមនុស្សនាសម័យបុរាណ គឺពុំមែនជារឿងប្រឌិតនោះទេ គឺជាប្រពៃណីពិតៗ ដែលទាក់ទងទៅនឹងប្រពៃណីដូនតា។
សូមបញ្ជាក់ថា ការដែលស្ដ្រីខ្មែរដោះអាវ ឬអត់អាវចំហដើមទ្រូងឱ្យលេចសុដន់ទាំងគូនៅទទេបែបនេះ គឺមិនមែនមានន័យថា ស្ដ្រីខ្មែរមិនចេះពាក់អាវនោះទេ នោះជាការនិយមឱ្យតម្លៃជាទូទៅក្នុងព្រះរាជនគរខ្មែរ បុរាណរហូតដល់សម័យបារាំងចូលមកស្រុក ទើបប្រពៃណីនោះក៏ត្រូវរអាក់រអួលទៅវិញ។
រហូតមកដល់សតវត្សរ៍ទី១៩ នៃគ្រិស្ដសករាជ ស្រីខ្មែរនៅតែនិយមប្រពៃណីដោះអាវនេះរហូត ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះវាបានក្លាយទៅជាទម្លាប់ធម្មជាតិនៅគ្រប់ទីច្រកល្ហក ទៅហើយ ប៉ុន្ដែតាមលទ្ធផលនៃការស្រាវជ្រាវក្រោយមកទៀត ទើបគេដឹងថា ប្រពៃណីនេះបានប្រែប្រួល បន្ដិចម្ដងៗរហូតដល់បាត់អស់នៅពេលដែលឥទ្ធិពលអឺរ៉ុបនិងក្លឹង្គបានជះមកលើសង្គមខ្មែរនាជំនាន់នោះ។ ប៉ុន្ដជនជាតិខ្មែរដែលរស់នៅតាមតំបន់ព្រៃភ្នំ នៅតែរក្សាប្រពៃណីនេះបានគង់វង្សស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា បងប្អូនខ្មែរលើទាំងនោះ ក៏ដូចជាបុព្វបុរសនាសម័យអង្គរនិងមុនអង្គរផងដែរ។ កាយវិការស្រាតននលដងខ្លួន ពុំមែនមានន័យថា ឆ្អេះឆ្អាបនោះទេ ក៏ប៉ុន្ដែប្រកបដោយលក្ខណៈស្អាតស្អំ បរិសុទ្ធ។ សូមជម្រាបថា ថ្មីៗនេះអ្នកស្រាវជ្រាវគេបានរកឃើញនូវរូបបុរាណនាសតវត្សរ៍ទី១២ នូវរូបអ្នករបាំបុរាណសម័យអង្គរ ពាក់អាវយ៉ាងស្ដើងខុសពីស្ដ្រីទេពអប្សរមួយភាគធំនៅលើប្រាសាទអង្គរ បាពួន….។ល៕ (ម.ត្រាណេ)