ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារ នៅសាលប្រជុំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម កែវ រ៉េមី បានសម្ដែងការស្វាគមន៍ចំពោះ លោក Benjamin Moreau និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ ដែលទទួលបានមកពី ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសថៃនិងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុំឱ្យមានការរើសអើងឬប្រើអំពើហិង្សាលើជនជាតិថៃដែលកំពុងរស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិត លើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការដាក់ចេញនូវវិធានការ និងការប្រើប្រាស់យន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្នុងការសម្របសម្រួលនិងគាំទ្រការវិលត្រឡប់របស់ពលករទេសន្តប្រវេសន៍ មកប្រទេសកម្ពុជាវិញ។
ក្នុងកិច្ចជំនួបនេះ លោក Benjamin Moreau បានថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្តី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកនិងសហការី បានចូលជួបពិភាក្សាការងារ។ លោក Benjamin បានគូសបញ្ជាក់ពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះ លោក Benjamin បានរំលេចពីតួនាទី របស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មាន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាពនិង គណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ។ លោក Benjamin ក៏បានគូសបញ្ជាក់ពីគម្រោងក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង OHCHR ប្រចាំប្រទេសកម្ពុជា និងគ.ស.ម.ក. ដូចជា កិច្ចសហការរៀបចំការលើកកម្ពស់ការយល់ដឹង ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារបាយការណ៍ពាក់កណ្ដាលអាណត្តិក្នុងការអនុវត្តអនុសាសន៍ UPR ជុំទី៤ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វាគមន៍នូវគម្រោងកិច្ចសហប្រតិបត្តិការនេះ ជាពិសេស សិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹង ស្ដីពីស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ពីគម្រោង សហការជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងនិងការ ចែករំលែកការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី












