Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូ​ពេទ្យ​ចិត្តធម៌ រៀបចំ​ច្រកថ្នាំ​ដូច​ថង់​សណ្តែក​ដី​ព្យួរ​លក់​តាម​តូប ដល់​អ្នកជំងឺ​វ័យ​ចំណា​ស់ ដោយសារ​បារម្ភ​រឿង​មួយ​នេះ…

spot_img

ថ្មីៗនេះ អ្នកលេង TikTok មួយឈ្មោះ tunnipapun ដែលបានបង្ហោះវីដេអូឃ្លីបបង្ហាញស្រ្តីចំណាស់ម្នាក់ លើកបង្ហាញកញ្ចប់ថ្នាំពេទ្យជាខ្សែដ៏ចម្លែក ប្រៀបដូចជាថង់សណ្តែកដី ឬ គ្រឿងផ្សំ ដែលព្យួរនៅតូបលក់ដូរ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធើរណែត។ ដំបូង គេមានការងឿងឆ្ងល់ថា តើគ្រូពេទ្យធ្វើបែបនេះ ដើម្បីអ្វី ប៉ុន្តែ ក្រោយដឹងរឿងពិត ខណៈចំណងជើងវីដេអូសរសេរថា៖ «អូន ខ្លាចយាយលេបថ្នាំច្រឡំ!» ធ្វើឲ្យម្នាក់ៗសម្តែងការកោតសរសើរទៅដល់គ្រូពេទ្យយ៉ាងខ្លាំង។

តាមបើអ្នកកាសែត Sanook បានប្រាប់ឲ្យដឹងថា អ្នកគ្រូពេទ្យនៅមន្ទីរពេទ្យ Si Satchanalai ខេត្ត Sukhothai ប្រទេសថៃ បានរៀបចំថ្នាំទៅតាមវេជ្ជបញ្ជា ប៉ុន្តែ ពុំបានដាក់ថ្នាំទាំងនោះចូលក្នុងថង់តែមួយទេ ដោយសារតែឃើញអ្នកជំងឺមានវ័យចំណាស់ទៅហើយ។ អ្នកគ្រូពេទ្យចិត្តល្អនៅទីនោះ ក៏បានពន្យល់ថា ប្រសិនបើដាក់លាយបញ្ចូលគ្នា នោះគាត់នឹងលេបច្រឡំគ្រាប់ថ្នាំ ហេតុនេះ ក៏បានចំណាយពេលបែងចែកវេចខ្ចប់ថ្នាំដាក់ជាកញ្ចប់ៗ និងកឹបភ្ជាប់ខ្សែជាបន្តបន្ទាប់គ្នា ដើម្បីឲ្យអ្នកជំងឺចំណាស់នោះងាយស្រួលក្នុងការលេបម្តង១ថង់ មិនមានការភ័ន្តច្រឡំ។

អ្នកគ្រូពេទ្យឈ្មោះ Panyaporn Ketkram និង Piriya Nuchkham បានប្រាប់ឲ្យដឹង​ថា លោកយាយ​រូប​នេះ​បាន​មក​ជួប​គ្រូពេទ្យ​រៀងរាល់ ២ ខែ​ម្តង ដោយគាត់​មាន​ជំងឺ​ពីកំណើត​ទាក់ទង​នឹង​ជំងឺ​បេះដូង​មិន​ប្រក្រតី ត្រូវ​មកទទួល​ថ្នាំ​ប្រឆាំង​ការ​កក​ឈាម​ដែល​ថ្នាំ​មាន​ផល​រំខាន ដូច្នេះ​ត្រូវ​រៀបចំ​ជា​ថង់​តូចៗ ហើយ​ដេរ​តាម​លំដាប់​កាល​បរិច្ឆេទ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ និងលេបថ្នាំក្នុងកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ។ ការ​ផ្តល់​ថ្នាំ​ដល់​ជីដូនរូបនេះ ជាថង់​បែប​នេះ គឺមាន​រយៈពេល ៤-៥​ឆ្នាំ មកហើយ រួម​ទាំង​ករណី​អ្នក​ជំងឺ​មួយ​ចំនួនផងដែរ។ ហើយដោយសារឃើញចម្លែក ក៏មាន​គេ​ថត​រូប​បង្ហោះ​លើ TikTok តែម្តងទៅ។

លោកវេជ្ជបណ្ឌិត Saksit Bor Kaew ប្រធានមន្ទីរពេទ្យ Si Satchanalai បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ និងឱសថការីរបស់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ដល់អ្នកជំងឺ ​រួម​គ្នា​រក​វិធី​ជួយ​សម្រួល​ដល់​អ្នក​ជំងឺ​ ជា​ពិសេស​មនុស្ស​ចាស់​ភ្នែក​ខ្សោយ សតិ​មិន​គ្រប់ ទទួលលេប​ថ្នាំ​បានត្រឹមត្រូវ។ ការធ្វើបែបនេះនឹងមានឥទ្ធិពលវិជ្ជមានលើការព្យាបាលអ្នកជំងឺ។

ចំណែក​លោកយាយអ្នកជំងឺ អាយុ ៧៦​ ឆ្នាំ ​ដែល​ស្ថិត​ក្នុង​ឃ្លី​ប​នោះ​ បាន​និយាយ​ថា រៀងរាល់​២​ខែ​ម្តង គាត់​ត្រូវ​ទៅ​ទទួល​ថ្នាំ​នៅ​មន្ទីរពេទ្យ Si Satchanalai ។ ដោយសារជំងឺពីកំណើត បុគ្គលិកពេទ្យបានដេរថង់កញ្ចប់ថ្នាំពណ៌ត្នោតរៀបចំដូចនេះ។ ពីមុន ថ្នាំត្រូវដាក់ក្នុងថង់រួមបញ្ចូលគ្នា ដែលធ្វើឲ្យគាត់​មាន​ការ​ច្របូកច្របល់ ដោយ​មិន​ដឹង​ថាគ្រាប់​ថ្នាំ​មួយ​ណា​ដែល​​ត្រូវលេប និង​ពេល​ណា? ព្រោះគាត់មិនចេះអានអក្សរ។ ពេល​ថង់​ថ្នាំ​ត្រូវ​បាន​ចាក់​ចេញ វា​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ទាំង​អស់ ធ្វើអោយគាត់លេបថ្នាំខុសញឹកញាប់ រហូតគ្រូពេទ្យដឹងថាគាត់លេបថ្នាំខុស។

លោកយាយរូបនេះ បន្តថា ដោយងាយស្រួល ក្នុងការលេបលែងភ័ន្តច្រឡំទៀត ធ្វើឲ្យជំងឺរបស់គាត់មិនធ្ងន់ធ្ងរ អាចរស់បានធម្មតាដូចសព្វថ្ងៃនេះ អរគុណគ្រូពេទ្យ និងឱសថការី ដែលបានជួយរៀបចំថ្នាំឲ្យ យ៉ាងយកចិត្តទុកដាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@tunnipapun คุณเภสัชกลัวคุณยายกินยาผิดวัน#ไอศครีมหมอกมิว ♬ เสียงต้นฉบับ – FRONG. 🤍🥀 – FRONG. [ ฟร้อง ] 🤍🥀
spot_img
×