តើយើងឱបអ្នកដទៃដោយសារអ្វី? រំភើបចិត្ត? មានសេចក្ដីសុខ? កម្សត់សោកសៅ? ព្យាយាមលួងលោមគ្នា? ពេលជួបគ្នា? ពេលបែកគ្នា?…មិនថាដោយមូលហេតុអ្វីក៏ដោយ តែយើងមើលឃើញថា ការឱប កើតមាននៅក្នុងគ្រប់កាលៈទេសៈរបស់យើង។ ការឱប បានទទួលការពិសោធរួចហើយថា បានហុចផលល្អចំពោះទាំងសុខភាពរាងកាយ និងផ្លូវចិត្ត…ថ្ងៃនេះ យើងមកដឹងពីហេតុផលទាំងអស់គ្នាថា តើហេតុអីបានយើងគួរតែឱបគ្នាឱ្យកាន់តែច្រើនឡើង?
១- ជួយបន្ថយភាពឈឺចាប់
ខណៈពេលឱបគ្នា រាងកាយនឹងបញ្ចេញអ័រម៉ូននៃសេចក្ដីសុខ គឺ អុកស៊ីថូស៊ីន ចេញមក។ អ័រម៉ូននេះ ជួយបន្ធូរភាពតានតឹងរបស់សាច់ដុំក្នុងរាងកាយ បង្កើនការហូរវិលរបស់លោហិត ហុចផលឱ្យអាការឈឺចាប់ផ្សេងៗបានធូរស្រាលឡើង។
២- កាត់បន្ថយភាពភ័យខ្លាច
ការឱប ជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន ដូចជាក្ដីភ័យខ្លាច កំហឹង និងភាពមិនពេញចិត្ត ជាដើម។ មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការឱប បានជួយឱ្យអ្នកដែលមានអារម្មណ៍មិនសូវប្រាកដចំពោះខ្លួនឯង អ្នកដែលមានភាពគោរពជឿជាក់ចំពោះខ្លួនឯងទាប ឱ្យមានអារម្មណ៍ល្អ និងជឿជាក់លើខ្លួនឯងខ្លាំងឡើងវិញ។ ក្រៅពីនេះ គេនៅបានរកឃើញទៀតថា សូម្បីតែឱបវត្ថុគ្មានជីវិត ដូចជាតុក្កតាជាដើម ក៏អាចជួយបានដូចគ្នាដែរ។
៣- ឱប ជួយកាត់បន្ថយឱកាសឈឺថ្កាត់
ការឱប អាចជួយការពារយើងពីអាការឈឺថ្កាត់បាន។ ការពិតទៅ វាជាលទ្ធផលបណ្ដាលមកពីភាពធុញថប់តានតឹងដែលថយចុះ ពេលយើងបានឱបគ្នា ឬត្រូវបានអ្នកដទៃឱប។ តាមរយៈការស្រាវជ្រាវនៅលើមនុស្សធំជាង ៤០០នាក់ គេបានរកឃើញថា ការឱប អាចកាត់បន្ថយឱកាស ដែលមនុស្សយើងប្រុងនឹងឈឺថ្កាត់បាន និងមានសញ្ញាថា អាការឈឺថ្កាត់ នឹងល្អប្រសើរឡើងជាងអ្នកដែលមិនបានទទួលការឱប។
៤- ឱប ជួយឱ្យបេះដូងរឹងមាំ
មានការពិសោធនៅលើក្រុមមនុស្សធំប្រមាណជា ២០០នាក់ ដោយបែងចែកជា ២ក្រុម…
-ក្រុមទី១ ជាក្រុមគូស្នេហ៍ ដោយតម្រូវឱ្យចាប់ដៃគ្នារយៈពេល ១០នាទី បន្តដោយការឱបគ្នា
២០វិនាទី។
-ក្រុមទី២ ជាគូស្នេហ៍ដូចគ្នា តែឱ្យអង្គុយនៅស្ងៀម រយៈពេល ១០នាទី ២០វិនាទី។
លទ្ធផលចេញមកឃើញថា ក្រុមទី១ មានសម្ពាធឈាម និងអត្រាការលោតរបស់បេះដូង ថយចុះច្រើនជាងក្រុមទី២ ដែលអាការនេះ មានផលល្អដល់សរសៃឈាម និងបេះដូង។
៥- ការឱប ជួយឱ្យយើងយល់ពីអ្នកដទៃច្រើនឡើង
ការទំនាក់ទំនងរបស់មនុស្ស ភាគច្រើនតែកើតឡើងតាមរយៈពាក្យសម្ដី តាមរយៈការបង្ហាញខាងទឹកមុខ តែការឱប ជាការប៉ះពាល់ ដែលនឹងជួយតាមវិធី ១ទៀតក្នុងការធ្វើឱ្យយើងយល់ដឹងពីអ្នកដទៃបានច្រើនឡើង។
ការឱប ជួយឱ្យយើងបានយល់ដឹងពីការគិត និងដឹងពីអារម្មណ៍របស់ភាគីម្ខាងទៀតបានដោយមិនចាំបាច់និយាយអ្វីច្រើនឡើយ ព្រោះការឱប វាធ្វើឱ្យយើងយល់ពីភាគីម្ខាងទៀតកាន់តែច្រើនឡើង។
ធ្លាប់មានពាក្យគេនិយាយថា យើងត្រូវការឱប ៤ដងក្នុង ១ថ្ងៃ ដើម្បីសុវត្ថិភាព, ឱប ៨ដងក្នុង ១ថ្ងៃ ដើម្បីការព្យាបាល និង ១២ដង ដើម្បីរាងកាយធំធាត់ឡើង ដូច្នេះហើយ ទើបយើងចង់ឱ្យនៅក្នុងជីវិតពិត គួរតែមានការឱបឱ្យបានច្រើនបំផុត តាមតែយើងមានឱកាស ព្រោះវានឹងល្អចំពោះខ្លួនយើង និងមនុស្សដែលយើងឱប យ៉ាងពិតប្រាកដ៕