ពេលវេលា ជារបស់មានតម្លៃ ព្រោះយើងមិនអាចទាញវាត្រឡប់មកវិញបានឡើយ។ គូស្នេហ៍ជាច្រើនគូ មានអារម្មណ៍ថា បានប្រើពេលវេលាយ៉ាងខ្ជះខ្ជាយ គ្មានប្រយោជន៍ មានអារម្មណ៍សោកស្ដាយពេលវេលា និងមានអារម្មណ៍ថា សេពគប់គ្នាយូរមកហើយ តែហាក់ដូចជានៅតែមើលមិនឃើញពីគុណតម្លៃនៃសេចក្ដីស្នេហារវាងគ្នាសោះឡើយ។ ទោះជាយ៉ាងដូច្នេះក្ដី ក៏គូស្នេហ៍ជាច្រើនគូ នៅតែអាចនឹកមិនឃើញថា តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យពេលវេលាដែលបាននៅជាមួយគ្នា កាន់តែមានតម្លៃរហូតគួរឱ្យចងចាំពីគ្នាទៅវិញទៅមក? ថ្ងៃនេះ យើងមានវិធីងាយៗ ៣យ៉ាង ដែលជួយឱ្យគូស្នេហ៍ទាំងឡាយ មើលឃើញពីគុណតម្លៃរបស់ពេលវេលាកាន់តែខ្លាំងឡើង…
១- អរគុណ និងលាគ្នា
តាមរយៈការសិក្សាស្រាវជ្រាវរបស់ The Gottman Institute បានបង្ហាញថា យើងគួរតែផ្ដល់ភាពសំខាន់ជាមួយពាក្យស្វាគមន៍ និងពាក្យលាគ្នាជាមួយមនុស្សសំខាន់របស់យើងឱ្យបានខ្លាំងឡើង ដូចជា បក់ដៃស្វាគមន៍ពេលជួបគ្នា ឬឱបគ្នាយ៉ាងកក់ក្ដៅពេលឃ្លាតគ្នា ថើបថ្ពាល់យូរមួយកន្លែងប្រមាណ ៧វិនាទី ព្រោះវានឹងក្លាយជាការដាស់តឿន និងបញ្ជាក់ថា ទាំងរូបយើង និងភាគីម្ខាងទៀតនោះ សំខាន់ប៉ុនណាសម្រាប់គ្នាទៅវិញទៅមក? ហើយវានឹងជួយឱ្យយើងមានអារម្មណ៍ដឹងពីគុណតម្លៃរបស់ពេលវេលាដែលមានជាមួយគ្នានេះកាន់តែខ្លាំងឡើង។
២- រកកិច្ចការងារ ធ្វើជាមួយមនុស្សសំខាន់របស់យើង
សាកល្បងរកមើលកិច្ចការងារណាមួយធ្វើជាមួយគូស្នេហ៍ ឬជាមួយមនុស្សសំខាន់របស់យើង ព្រោះការមានកិច្ចការងារដែលបានធ្វើរួមគ្នា ដូចជាធ្វើការងារបន្ទាប់បន្សំថ្មីៗផ្សេងៗជាមួយគ្នា មានសញ្ញាថា នឹងធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍ រឹតតែល្អ និងចាក់ស្រែះឡើង និងបានមើលឃើញពីគុណតម្លៃរបស់ពេលវេលា ដែលបាននៅជាមួយគ្នាកាន់តែខ្លាំងឡើងទៀតផង។
៣- ព្យាយាមមាន Sex ជាមួយគ្នា យ៉ាងតិច ១សប្ដាហ៍ ១ដង
Sex ជារឿងធម្មជាតិ និងប្រាកដណាស់ថា វាមិនអាចបង្ខំគ្នាបានឡើយ តែវាក៏ជាជម្រើសមួយ ដ៏គួរឱ្យចាប់អារម្មណ៍ដែរ។ ស្នាដៃដែលបានបោះពុម្ពផ្សាយនៅក្នុង Social Psychologycal and Personality Science បានបង្ហាញឱ្យដឹងថា គូស្នេហ៍ដែលបានរួម Sex យ៉ាងតិច ១សប្ដាហ៍ ១ដង មានភាពពេញចិត្តក្នុងសម្ព័ន្ធភាពរបស់ពួកគេ ខ្លាំងជាងគូ ដែលមាន Sex តិចជាងនេះ។
មូលហេតុដែលទៅជាដូច្នេះ ព្រោះតែការរួម Sex ឬសូម្បីតែការឱបថើបក៏ដោយ ក៏ធ្វើឱ្យយើងមានអារម្មណ៍ថា មានសេចក្ដីសុខ និងពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅជាមួយដៃគូរបស់យើងខ្លាំងឡើងដែរ។ នេះគឺជាកិច្ចការងារ ១ទៀត ដែលនឹងធ្វើឱ្យមានអារម្មណ៍ថា ពេលបាននៅជាមួយគ្នា វាពិតជាមានតម្លៃអស្ចារ្យមែន។
ពេលវេលា គឺជាធនធានដែលមានកំណត់ ជ្រើសរើសយកអ្វីដែលល្អបំផុតសម្រាប់ខ្លួនយើង និងគូស្នេហ៍របស់យើង ដើម្បីសម្ព័ន្ធភាព ដែលស្ថិតស្ថេរគង់វង្សយូរអង្វែង និងដើម្បីមិនមានអារម្មណ៍នឹកស្ដាយពេលវេលាដែលកន្លងទៅ៕