Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ ៥វិធី បង្ហាញឱ្យកំលោះដែលអ្នកហ្មាយប៉ង ដឹងខ្លួនថា អ្នក “មានចិត្តលើគេ”

ដោយសារតែយុគសម័យនេះ ជាយុគសម័យដែលស្ត្រីយើង មានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើង ទើបការសម្ដែងចេញក្នុងផ្នែកផ្សេងៗ អាចកើតឡើងបានយ៉ាងជឿជាក់ បែបមិនចាំបាច់ខ្វល់ពីអ្វីឡើយ សូម្បីតែក្នុងរឿងស្នេហាក៏ដោយ។ ដូច្នេះបើកញ្ញាៗណាកំពុងលួចហ្មាយប៉ងកំលោះណាម្នាក់ និងបើសិនអ្នកត្រូវការចង់បង្ហាញឱ្យគេដឹងខ្លួនថា អ្នកលួចមានចិត្តលើគេ តែនៅរកនឹកមិនទាន់ឃើញថា តើនឹងត្រូវធ្វើយ៉ាងណាឱ្យជោគជ័យនោះ ថ្ងៃនេះ យុវវ័យ និងស្នេហា យើងមានចម្លើយមកជម្រាបជូន…

១- ធ្វើជាអ្នកស្ដាប់ដ៏ល្អជានិច្ច
ព្រោះការដែលអ្នកព្រមទទួលស្ដាប់រឿងរ៉ាវ ឬអ្វីដែលកំលោះម្នាក់នោះនិយាយរៀបរាប់ឱ្យស្ដាប់ មិនថាតែការអាប់ឌែតរឿងរ៉ាវជីវិតទូទៅ ការត្អូញត្អែរពាក់ព័ន្ធនឹងបញ្ហា ឬជាការនិយាយពីរឿងរ៉ាវផ្សេងៗឥតប្រយោជន៍ក្ដី នឹងបង្ហាញឱ្យគេបានដឹងថា អ្នកកំពុងផ្ដល់ភាពសំខាន់ និងមានចំណាប់អារម្មណ៍លើរូបគេខ្លាំងហើយ។

២- ទិញវត្ថុដែលគេចូលចិត្តឱ្យ
កញ្ញាៗយើង សាកល្បងជ្រើសរើសទិញវត្ថុ ឬក៏កាដូណា ដែលភាគីម្ខាងនោះគេចូលចិត្ត យកទៅធ្វើឱ្យគេស៊ើផ្រៃស៍ លមើល មិនថាតែខោអាវ ស្បែកជើង ឬសៀវភៅរឿង ឬក៏អ្វីក៏ដោយ ដែលគេចូលចិត្ត ព្រោះថា បើគេបានទទួលហើយ ធានាថាគេច្បាស់ជារំភើបចិត្តមិនខាន។

៣- ផ្ដល់កម្លាំងចិត្តក្នុងពេលដែលគេត្រូវនរណាម្នាក់ជួយ
ការដែលមានរូបអ្នកនៅក្បែរ នៅចាំផ្ដល់កម្លាំងចិត្ត ក្នុងគ្រាដែលគេត្រូវការនរណាម្នាក់ជួយ ដូចជាក្នុងពេលដែលគេកំពុងជួបនឹងបញ្ហា ឬពេលដែលគេអស់សង្ឃឹម ហើយគេមានរូបអ្នកនៅក្បែរកាយ នៅចាំផ្ដល់កម្លាំងចិត្ត នៅក្បែរគេជាប់ជានិច្ច ច្បាស់ជានឹងធ្វើឱ្យគេមានអារម្មណ៍ និងបានដឹងថា យើងបារម្ភ និងស្មោះស្ម័គ្រចំពោះរូបគេខ្លាំងប៉ុនណាមិនខាន។

៤- ធ្វើកិច្ចការងាររួមគ្នា
កញ្ញាៗយើង សាកល្បងបបួលកំលោះម្នាក់នោះកិច្ចការងាររួមគ្នា ២នាក់លមើល មិនថាតែជាការបបួលទៅមើលកុន ដើរសបភីង ឬទៅរកអាហារឆ្ងាញ់ៗ ញ៉ាំ ២នាក់ ដើម្បីជាការបង្ហាញឱ្យគេមានអារម្មណ៍ដឹងថា យើងចង់ចំណាយពេលវេលានៅជាមួយគ្នា ២នាក់គេខ្លាំងប៉ុនណា និងថែមទាំងជាវិធីដែលធ្វើឱ្យនារីៗយើង បាននៅជិតដិតនឹងកំលោះដែលខ្លួនស្រឡាញ់ខ្លាំងឡើងទៀតផង។

៥-ផ្ញើសារពីរោះៗទៅឱ្យម្ដងម្កាល
កញ្ញាៗយើង កុំភ្លេចផ្ញើសារពីរោះៗ គួឱ្យស្រឡាញ់ តាមរយៈតួអក្សរទៅឱ្យគេខ្លះផង ដូចជា សម្រាកខ្លះផងណា៎, កំពុងធ្វើអីហ្នឹង?, កុំភ្លេចញ៉ាំបាយណា៎, គេងយល់សប្តល្អណា៎ -ល- សូមប្រាប់ទៅចុះថា នៅពេលកំលោះម្នាក់នោះ បានទទួលសារនោះញឹកញាប់ ហើយបើកអានពេលណា នឹងច្បាស់ជាធ្វើឱ្យគេមានអារម្មណ៍ល្អ និងបានដឹងពីក្ដីកង្វល់បារម្ភរបស់អ្នកយ៉ាងពិតប្រាកដ។

សម្រាប់ការបង្ហាញឱ្យគេដឹងថា “ស្រឡាញ់” មិនចាំបាច់ប្រើតែពាក្យសម្ដីទេ តែយើងអាចប្រើប្រាស់ទង្វើ ដើម្បីបង្ហាញពីអារម្មណ៍យើង ឱ្យភាគីម្ខាងនោះបានដឹងដែរ ព្រោះសេចក្ដីស្នេហាដែលពិតប្រាកដ សុទ្ធតែអាស្រ័យលើទង្វើ និងការយកចិត្តទុកដាក់ មើលថែទាំគ្នា ខ្លាំងជាងពាក្យសម្ដីទាំងអស់។ ចុងក្រោយនេះ កុំភ្លេចនាំយកវិធីល្អៗក្នុងការបង្ហាញថា ស្រឡាញ់ ឱ្យមនុស្សណាម្នាក់បានដឹងខ្លួននេះ ទៅប្រើជាមួយអ្នកកំលោះដែលអ្នកលួចស្រឡាញ់នោះខ្លះផង។ មិនប្រាកដដែរណា៎ ជួនកាលគេ ក៏កំពុងតែរង់ចាំ ឱ្យរូបអ្នកបើកភ្លើងខៀវឱ្យគេដូចគ្នាដែរ អ្នកណាទៅដឹង?៕

×