ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពេលវេលាល្អសម្រាប់អ្នកដែលធ្វើការនៅកន្លែងផ្សេង ត្រឡប់មកលេងស្រុកកំណើត ដើម្បីសួរសុខទុក្ខគ្រួសារ សាច់ញាតិ។ តែយ៉ាងណាមិញ ថ្មីៗនេះ ស្ត្រីម្នាក់នៅចិនដីគោក ដែលបានខំទិញអំណោយជាច្រើន ដើម្បីជូនឪពុកម្តាយ ប៉ុន្តែ បែរត្រូវប្រឈមមុខនឹងស្ថានភាព “មិនអាចចូលផ្ទះបាន” ដោយសារឪពុករបស់នាង ខឹងរឿងនាងនៅលីវមិនព្រមរកគូស្រករនឹងគេ។
យោងតាមរបាយការណ៍របស់ Dynamic News ស្ត្រីម្នាក់នៅទីក្រុង Shandong (ចិនដីគោក) បានទិញអង្ករចំនួន ៥ គីឡូក្រាម និងស្ពៃក្តោប ៥ គីឡូក្រាម និងរួមទាំងរបស់របរជាច្រើនមុខទៀត ដើម្បីយកទៅជូនឪពុកម្តាយ និងផ្ទះធ្វើម្ហូបសម្រាប់ថ្ងៃចូលឆ្នាំ។ ប៉ុន្តែនៅពេលទៅដល់ ជំនួសឱ្យការរំភើបចិត្ត និងស្វាគន៍កូនស្រីបានត្រឡប់មកផ្ទះវិញ ស្រាប់តែនាងត្រូវឪពុកដេញចេញពីផ្ទះភ្លាមៗ នៅពេលដឹងថានាងមកតែម្នាក់ឯង ពោលគឺនៅតែបន្តភាពនៅលីវ បើទោះជានាងមានអាយុរាងជ្រេជាង ៣០ ឆ្នាំ ទៅហើយ។
អ្វីកាន់តែហួសចិត្តទៀតនោះ គឺប្អូនស្រីរបស់នាង ពុំត្រឹមតែជួយអង្វរឪពុកទេ តែបានទាំងទាញទូរស័ព្ទថត ហើយសើចចំអក និងថែមទាំងព្យាយាមដេញបងស្រីចេញពីផ្ទះទៀតផង។ លើសពីនោះ ប្អូនស្រីរូបនោះ ក៏បាននិយាយបែបនេះថា៖ «ខ្ញុំមិនដឹងថា ប៉ាមិនពេញចិត្តបងត្រលប់មកតែម្នាក់ឯងទេ ឬ ក៏មិនចូលចិត្តបង ដែលទិញអំណោយមកតិចតួចពេកនោះទេ!»។
ក្រោយឃើញវីដេអូនេះ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានបញ្ចេញមតិថា « គួរឲ្យអស់សំណើច ប្អូនស្រីម្នាក់នេះណាស់ តែគង់មានថ្ងៃនេះដែរទេ ព្រោះថា ប៉ុន្មានឆ្នាំទៀត ម៉ែក៏មិនឲ្យចូលផ្ទះដែរ ព្រោះគិតតែដូចគ្នាហ្នឹង, នាងមើលទៅស្អាត មិនគួរណានាងចង់នៅលីវសោះ, ហេតុអ្វីមនុស្សស្រីក៏ពិបាកម្ល៉េះ គ្រាន់តែស្វែងរកបុរសម្នាក់ដើម្បីរៀបការ»។
តែទន្ទឹមនឹងនេះ ក៏មានអ្នកខមិនប្រាប់មូលហេតុ ឪពុកនាងខឹង គឺដោយសារ «នាងចាស់ហើយមិនទាន់រៀបការ ធ្វើឲ្យឪពុកម្តាយខ្មាសគេ និងព្រួយបារម្ភកូនស្រីថា បើមនុស្សស្រីធំឡើង មិនព្រមរៀបការ នោះនាងនឹងគ្មានផ្ទះសម្បែងទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



