ទោះជារដូវរងានៅស្រុកយើង មិនសូវជារងាប៉ុន្មានក្ដី តែក៏មានជំងឺរាតត្បាតរដូវរងា ដែលមនុស្សគ្រប់វ័យ គួរតែប្រយ័ត្នប្រយែងដែរ ជាពិសេសក្មេងតូចៗ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ត្រូវប្រយ័ត្នជំងឺឈឺថ្កាត់ ដោយអាចចាក់វ៉ាក់សាំងការពារ និងឧស្សាហ៍ថែទាំរក្សាសុខភាពឱ្យរឹងមាំជាប់ជានិច្ច។
ក្រុមមនុស្សប្រឈមនឹងជំងឺរាតត្បាតក្នុងរដូវរងា មានដូចជា…
-ក្មេងតូច អំឡុងអាយុពី ០-៥ឆ្នាំ
-មនុស្សចាស់
-អ្នកដែលមានរោគប្រចាំកាយ
ដោយក្រុមមនុស្សទាំងនេះ អាចនឹងឈឺថ្កាត់ដោយជំងឺដែលចូលមកព្រមជាមួយរដូវរងា ដូចជា…
១- ជំងឺគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ
អាការសំខាន់ គឺក្ដៅខ្លួន ឈឺក្បាល ហៀរសំបោរ ឈឺ ឬក្រហាយបំពង់ក។
សម្រាប់គ្រុនផ្ដាសាយធំ ច្រើនមានអាការធ្ងន់ធ្ងរជាងគ្រុនផ្ដាសាយធម្មតា គឺក្ដៅខ្លួនខ្លាំង រងាញាក់ ឈឺក្បាល ឈឺឆ្អឹងឆ្អែង និងសាច់ដុំ ឬអាចមានអាការក្អួតចង្អោរ រួមជាមួយផង។
២-ជំងឺឆ្លងមេរោគវីរុស RSV
មានអាការសំខាន់ៗ ដូចនឹងជំងឺគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំដែរ ដោយអ្នកជំងឺ ច្រើនតែជាបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល ១-២សប្ដាហ៍ តែសម្រាប់ក្មេង ដែលមានអាយុទាបជាង ៥ឆ្នាំ រួមទាំងអ្នកជំងឺរ៉ាំរ៉ៃ ជាមួយបេះដូង និងសួត និងអ្នកជំងឺដែលមានភាពស៊ាំប្រឆាំងជំងឺមិនមាំមួន បើដឹងថា មានអាការគ្រុនក្ដៅខ្លួនខ្លាំង សីតុណ្ហភាពខ្ពស់ជាង ៣៩អង្សាសេ ក្អកមានស្លេស្ម៍ ដកដង្ហើមញាប់ៗ និងខ្លាំងៗ នឿយដង្ហក់ ឬមានសូរសំឡេង “វីតៗ” ខណៈពេលដកដង្ហើមផងនោះ ត្រូវតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់។
៣-ជំងឺ ដៃ ជើង មាត់
អាការសំខាន់ គឺមានគ្រុនក្ដៅខ្លួន ២-៤ថ្ងៃ មិនឃ្លានបាយ មានពងបែកស្រដៀងអាការក្ដៅក្នុងនៅក្នុងមាត់ អណ្ដាត អញ្ចាញធ្មេញ ជញ្ជាំងថ្ពាល់ខាងក្នុង និងឡើងពងកន្ទួលក្រហមៗ ដែលតមកទៀត នឹងកើតមានពងតូចៗដែលមានទឹកថ្លាៗ ក្រហមៗនៅលើបាតដៃ បាតជើង គល់ភ្លៅ ឬនៅលើកំប៉េះគូទ។ មិនមានអាការរមាស់ទេ និងបើមិនមានអាការអ្វីផ្សេងមកជ្រៀតជ្រែកទេ អាការទាំងអស់នោះ នឹងធូរស្រាល ហើយបាត់ទៅវិញក្នុងរយៈពេល ១០ថ្ងៃ។
៤-ជំងឺរលាកបំពង់ខ្យល់ និងហើមសួត
អាការសំខាន់គឺ ក្ដៅខ្លួន ក្អកមានស្លេស្ម៍ តឹងដើមទ្រូង ដកដង្ហើមមិនរួច និងហត់ដង្ហក់។ បើអាការទាំងនោះកាន់តែធ្ងន់ធ្ងរឡើង ត្រូវប្រញាប់ទៅមន្ទីរពេទ្យ កុំទុកយូរ។
៥-ជំងឺរាករូស ដោយសារមេរោគវីរុសរ៉ូតា
អាការសំខាន់គឺ គ្រុនក្ដៅខ្លួន ក្អួត បន្ទោបង់ចេញមក រាវដូចទឹក តែអាការរាកនេះ នឹងបាត់ទៅវិញក្នុងអំឡុង ៣-៧ថ្ងៃ។
ក្រៅពីនេះ នៅមានផលប៉ះពាល់ពីល្អងធូលី ដែលអាចធ្វើឱ្យកើតរោគផ្សេងៗ ដូចជា ប្រតិកម្មចាញ់ ឬអាលែកហ្ស៊ី រលាកក្រហាយស្បែក និងភ្នែកក្រហម ជាដើម។
វិធីមើលថែទាំខ្លួន កាត់បន្ថយភាពប្រឈមនឹងជំងឺរាតត្បាតរដូវរងា
១-ឧស្សាហ៍មើលថែទាំសុខភាពរាងកាយ ឱ្យនៅរឹងមាំជាប់ជានិច្ច និងរៀបចំត្រៀមសម្លៀកបំពាក់ដែលផ្ដល់ភាពកក់ក្ដៅដល់រាងកាយ។
២-ទទួលទានអាហារដែលមានប្រយោជន៍ ញ៉ាំអាហារក្ដៅៗ ឬអាហារចម្អិនឆ្អិនថ្មីៗ។
៣-ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់។
៤-ពាក់ម៉ាស់អនាម័យ លាងសម្អាតដៃនឹងទឹកស្អាតជាមួយសាប៊ូឱ្យបានញឹកញាប់ ឬជូតសម្អាតដៃ ដោយអាល់កុលកម្រិត ៧០អង្សា។
៥-បើសិនមានកូនចៅឈឺថ្កាត់ ចូរឱ្យសម្រាកព្យាបាលខ្លួននៅក្នុងផ្ទះ និងគួរផ្អាកទៅសាលារៀន រហូតទាល់តែជាសះស្បើយឡើងវិញ។
៦-មើលថែទាំអនាម័យជុំវិញកន្លែងរស់នៅ ដោយការបោសសម្អាតកម្ចាត់សំរាម និងវត្ថុកខ្វក់ ឱ្យបានស្អាតត្រូវតាមក្បួនសុខភាពអនាម័យ ឱ្យបានជាប់ជាប្រចាំរៀងរាល់សប្ដាហ៍៕