Friday, March 31, 2023

អង់គ្លេសសម្លឹងឃើញពីការរីកចម្រើនរបស់កម្ពុជា ប្ដេជ្ញាខិតខំជំរុញធុរជនមកកម្ពុជា ខណៈវិស័យកសិកម្មមានសក្ដានុពល

spot_img

ភ្នំពេញ ៖ ក្នុងពេលជួបពិភាក្សាជាមួយ ឯកអគ្គរាជទូតអង់គ្លេស ដោយបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើអង់គ្លេស វិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្មនៅកម្ពុជា។

ជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងលោក ដូមីនិក វីល្លៀម (Dominic WILLIAMS) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរាជទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលតែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់កម្ពុជា លើវិស័យសក្តានុពលនានា រួមមាន ៖ ពាណិជ្ជកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបរិច្ចាគវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាដើម។

បន្ទាប់ពីភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើឱ្យ លោកឯកអគ្គរាជទូត បន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ជាពិសេសក្នុងពេលបច្ចុប្បន្ន ចង់បានវិនិយោគិនអង់គ្លេស វិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ កសិឧស្សាហកម្ម និងអាជីវកម្មផ្សេងៗទៀតនៅកម្ពុជា។

ជាការឆ្លើយតប លោក ដូមីនិក វីល្លៀម (Dominic WILLIAMS) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានថ្លែងថា យើងបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងប្រទេសទាំងពីរ ហើយយើងក៏បានមើលឃើញកម្ពុជាមានការរីកចម្រើនលឿនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ហេតុដូច្នេះ យើងនឹងត្រូវខំពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២