ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជជែកពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់បារាំង និងបានឯកភាពធ្វើការពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីយកការសិក្សារួមគ្នានេះ មកអនុវត្តសេវាកម្មគមនាគមន៍ ខណ:កម្ពុជាកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

គម្រោងអភិវឌ្ឍន៍ផ្លូវដែកលើផ្លូវថ្នល់នេះ រំលេចឡើងក្នុងពេល លោក ហ្វ្រង់ស្វ័រ កូប៊ីន (François Corbin) តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
ជាមួយនឹងគម្រោងវិនិយោគផ្លូវដែកលើផ្លូវថ្នល់នៅកម្ពុជានេះដែរ ជាការយល់ឃើញ គឺគណៈប្រតិភូបារាំង បានថ្លែងថា ក្រុមខ្លួនផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា ដែលនេះបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបារាំង ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក លោក ហ្វ្រង់ស្វ័រ កូប៊ីន (François Corbin) ដែលជាតំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន បានថ្លែងដោយរីករាយថា កម្ពុជាពិតជាបានព្យាយាមអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេស គម្រោងផ្លូវថ្នល់ថ្មីៗ និងផែនការបន្ត បាននិងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លង ទៅបួនគន្លង, ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេស គឺបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានការងារធ្វើគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















