នៅលើបណ្តាញសង្គម បានកំពុងចែករំលែកវីដេអូដ៏រន្ធត់ចិត្តមួយ កើតឡើងនៅក្នុងប្រទេសចិន ដែលបង្ហាញឲ្យឃើញស្រ្តី២នាក់ នៅក្នុងភោជនីយដ្ឋានមួយ ធ្វើពីសកម្មភាពដ៏ស្មោគគ្រោក ដែលឃើញហើយពិតជាហួសចិត្តខ្លាំងបំផុត។
វីដេអូប៉ុន្មានវិនាទី បានបង្ហាញស្រ្តីពាក់អាវធ្វើការផ្នែកចុងភៅ បានកំពុងដួស «ទឹកខ្លាញ់» ចេញពីសំណល់អាហារនៅក្នុងធុងសម្រាម មុនពេលយកចូលខាងក្នុងភោជនីយដ្ឋានវិញ។
យោងតាមគេហទំព័រ Sina វីដេអូនៃហេតុការណ៍នេះ ត្រូវបានគេថតបាននៅភោជនីយដ្ឋានមួយ ស្ថិតទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣។ បន្ទាប់ពីឃ្លីបវីដេអូនេះត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញ ឃើញថាបានទទួលរងការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ជាច្រើន ដែលបានអំពាវនាវឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតលើភោជនីយដ្ឋាននោះ។
បន្ទាប់ពីករណីនេះ បានក្លាយជាបញ្ហាសង្គមរួចមក នៅថ្ងៃទី១៦ ខែមករា បុគ្គលិករបស់ភោជនីយដ្ឋានដែលលេចមុខក្នុងវីដេអូឃ្លីបនោះ បានចេញមុខឆ្លើយតបដោយអះអាងថា «ទឹកប្រេងឆា» ដែលបានដួសចេញពីសំណល់អាហារធុងសម្រាមនោះ មិនបានប្រើប្រាស់ឡើងវិញតាមមធ្យោបាយណាមួយឡើយ ប៉ុន្តែប្រមូលយកទៅលក់ឱ្យអ្នកធ្វើចំការ ដើម្បីធ្វើម៉ាស៊ូតប៉ុណ្ណោះ។
តែបើទោះជាខាងហាងបានចេញមុខបំភ្លឺយ៉ាងដូច្នេះក៏ដោយ ក៏អ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែមានមន្ទិល និងថាការបកស្រាយបែបនេះហាក់មិនសមហេតុផលទាល់តែសោះ។ ក្នុងនោះ សំនួរចាក់ដោតបានសួរថា៖ «តើនេះជាការចម្រាញ់ប្រេងម៉ាស៊ូតឬ? ខ្ញុំមិនដែលលឺពីក្រុមហ៊ុនដែលមានជំនាញក្នុងការកែច្នៃប្រេងឆាបែបនេះទេ ហើយហេតុអ្វីបានជាអ្នកយកវាដាក់ក្នុងឆ្នាំង និងក្នុងខ្ទះ? តើវានឹងប្រើសម្រាប់ធ្វើម្ហូបឬ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


