គេហទំព័រ ETtoday កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានលាតត្រដាងថា តារាម៉ូដែលវ័យក្មេងដ៏ស្រស់ស្អាតជនជាតិជប៉ុនម្នាក់ បានធ្វើឱ្យមនុស្សក្នុងពិភពអនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ Instagram ដែលមិនមែនជារូបរបស់នាងទេ ប៉ុន្តែ ទាំងនោះគឺជារូបថតលោកយាយរបស់នាង កាលពី ៥០ ឆ្នាំ មុនប៉ុណ្ណោះ។
ជាក់ស្តែង កាលពីថ្ងៃចូលឆ្នាំកន្លងទៅថ្មីៗនេះ Mirei បានបង្ហោះរូបថតលោកយាយរបស់នាងអាយុ ៧0 ឆ្នាំ ពីអាល់ប៊ុមរូបថតចាស់ ដោយបានសរសេរថា «កាលខ្ញុំនៅក្មេង រៀននៅសាកលវិទ្យាល័យ ពេលនោះយាយមើលទៅស្រស់ស្អាត និងពូកែណាស់។ ទាំងរូបរាង មុខមាត់ ម៉ូដសក់ក៏ដូចជាម៉ូដសម្លៀកបំពាក់ គឺថាស្រស់ស្អាតខ្លាំងតែម្តង។ មិនថាមនុស្សក្នុងជំនាន់តែមួយ ឬមនុស្សសម័យនេះទេ ក្រោយពីបានឃើញហើយ ពិតជាចាប់អារម្មណ៍ខ្លាំងណាស់»។
បន្ទាប់ពីរូបភាពទាំងនេះ ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឃើញថាទទួលបានប្រជាប្រិយភាព និងចាប់អារម្មណ៍ខ្លាំង រហូតកម្មវិធីទូរទស្សន៍ TBS របស់ប្រទេសជប៉ុន ចាក់ផ្សាយផងដែរ។
ក្រោយពីបានឃើញហើយ អ្នកខ្លះបានប្រៀបធៀបរូបថតរបស់នាង និងយាយរបស់នាងថា មើលទៅដូចគ្នាមិនគួរឱ្យជឿ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានចូលបញ្ចេញមតិសរសើរថា៖«លោកយាយស្អាតណាស់ មើលទៅដូចសម័យឥឡូវអ៊ីចឹង មិនមែនសម័យកាលនោះទេ, មើលទៅស្រដៀងគ្នាខ្លាំងណាស់ ស្អាតណាស់ ជាពិសេសច្រមុះ Copy តែម្តង, ក្នុងទសវត្សរ៍ទី៥០ តែសម្រស់របស់លោក ពិតជាមិនធម្មតានោះទេ, ម៉ូដបែបនេះមានការពេញនិយមតាំងពី៥០ឆ្នាំមុន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











