នៅក្នុងវប្បធម៌ចិន សត្វអណ្តើកត្រូវបានគេចាត់ទុកជានិមិត្តរូបនៃអាយុវែង មិនត្រឹមតែតំណាងឲ្យអាយុវែងនោះទេ វាក៏ត្រូវបានគេតំណាងឲ្យភាពក្លាហានមុះមុតផងដែរ។
រឿងអណ្តើតមួយបានកើតឡើងនៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដោយគ្រួសារមួយបានយកអណ្តើកមួយក្បាលមកចិញ្ជឹម និងបានដាក់ឈ្មោះវាថា Manuela។
ថ្ងៃមួយអណ្តើកនោះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ហើយគ្រួសារនោះមានការពិបាកចិត្តយ៉ាងខ្លាំងដោយសារតែសត្វចិញ្ជឹមជាទីស្រឡាញ់របស់ពួកគេបាត់ខ្លួន។ សមាជិកក្នុងគ្រួសារបានស្វែងរកអណ្តើក Manuela គ្រប់ច្រកល្ហកក្នុងផ្ទះ ប៉ុន្តែពួកគេនៅតែមិនអាចរកវាឃើញ។
ប៉ុន្តែ ៣០ឆ្នាំក្រោយមក នៅពេលឪពុកនៃគ្រួសារនោះបានស្លាប់ កូនៗរបស់គាត់ចង់សម្អាត និងរៀបចំក្នុងបន្ទប់ដាក់អីវ៉ាន់ចេញម្តង ដោយសារបន្ទប់នោះមានដាក់របស់របរឪពុកពួកគេ។ ពេលកំពុងរៀបចំ ពួកគេបានប្រទះឃើញអណ្តើកនោះ ហើយគ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំង ដោយរកឃើញManuelaវិញ បន្ទាប់ពីបាត់ខ្លួនអស់ ៣០ឆ្នាំ។ នៅពេលជាមួយគ្នានោះទេ ពួកគេក៏មានការភ្ញាក់ផ្អើល និងឆ្ងល់ថា តើអណ្តើករបស់ពួកគេអាចរស់នៅបានយ៉ាងមិចទៅនៅក្នុងបន្ទប់ដាក់ឥវ៉ាន់ ក្នុងរយៈពេល ៣០ឆ្នាំ ដោយគ្មានអាហារ និងទឹក?
ពួកគេបានទៅពិភាក្សាជាមួយនឹងពេទ្យសត្វ ដើម្បីសួរពីបញ្ហាអណ្តើករបស់ពួកគេ ថាតើវារស់នៅបានដោយរបៀបណា ដោយគ្មានអាហាររយៈពេល ៣០ឆ្នាំ? ពេទ្យសត្វបានឆ្លើយថា អណ្តើកជើងក្រហមជាសត្វស៊ីចំណីមិនរើស ហើយវាស៊ីចំណីអាហារគ្រប់ប្រភេទទោះសត្វល្អិត ឬបន្លែក៏ដោយ។
ពពួកអណ្តើកជើងក្រហមនេះ អាចរស់នៅដោយគ្មានអាហាររយៈពេល ២ ឬ ៣ឆ្នាំបាន ហើយអណ្តើកដែលបាត់ខ្លួនអស់ ៣០ឆ្នាំនោះ ប្រហែលស៊ីឈើ និងកណ្តៀរជាអាហាររបស់វាហើយ ទើបវាអាចរស់នៅបានរហូត ៣០ឆ្នាំបែបនេះ៕ សុភ័ក្ត្រ
ប្រភព៖ Good Times