Monday, March 27, 2023

តុលាការកំពូល តម្កល់ទោស បុរសញៀនល្បែងម្នាក់ ដែលជាប់គុក១៣ ឆ្នាំ ដោយសារតែ ចាប់បុគ្គលិកហាងម្នាក់ ចាក់សម្លាប់ ដើម្បីប្លន់យកលុយ ដែលចាញ់ល្បែងនោះវិញ !

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទម្នាក់ ដែលជាមនុស្សញៀននឹងល្បែងស៊ីសង ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ ពីបទ: ឃាតកម្មគិតទុកជាមុន ដោយធ្វើសកម្មភាព ចាក់សម្លាប់យុវជន ម្នាក់ ដែលជា បុគ្គលិកហាងល្បែងអនឡាញ មួយកន្លែង ដើម្បីប្លន់យកលុយដែលខ្លួនលែងចាញ់ល្បែងចំនួន ១១០ដុល្លារនោះវិញ ដោយសារតែ ខឹងការល្បែងចាញ់អស់លុយ ប្រព្រឹត្តនៅចំណុចផ្ទះបើកអុីធើរណិតយីហោ: ក្រុងណិតតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ ២០១៧ ។

លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ អុឹង ចាន់រតនៈ ភេទប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរមិនចាប់ខ្លួន
ជាអ្នកលក់ដូរ មានទីលំនៅ អចិន្ត្រៃក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ មានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិករបស់ ហាងក្រុងណិតតាខ្មៅ និង ស្នាក់នៅកន្លែងធ្វើការ (ក្រុមហ៊ុន) នៅ ភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកស្រីចៅក្រមបានឱ្យដឹងទៀតថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ អុឹង ចាន់រតនៈ ត្រូវបានសាលាដំបូងខេត្ត កណ្តាល កាលពីឆ្នាំ ២០១៨ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ និង បង្គាប់ឱ្យសង ជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ ចំនួន ២០ លានរៀល ពីបទ « ឃាតកម្មគិតទុកជាមុន » តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ឈ្មោះ អ៉ឹង ចាន់រតនៈ បាន ប្តឹងរឧទ្ទរណ៍។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានតម្កល់សាលក្រមរបស់ សាលាដំបូងខេត្តកណ្តាល ដដែលតែ បានកែប្រែចោទប្រកាន់របស់គាត់ ពីបទ:
ឃាតកម្មគិតទុកជាមុន តាម បញ្ញត្តិ មាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ មកជាបទ: លួចមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពរបស់ជនរងគ្រោះ តាមបញ្ញត្តិមាត្រា ៣៦០ នៃក្រមព្រហ្មទណ្ឌ វិញ និង បានសម្រេចកែប្រែទណ្ឌកម្មរបស់គាត់ ពីត្រូវជាប់ពន្ធនាគារ ១៧ ឆ្នាំ មកនៅត្រឹម កំណត់ ១៣ ឆ្នាំ វិញ។

ជនជាប់ចោទ ឈ្មោះ អ៉ឹង ចាន់រតនៈ បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ឈ្មោះ អ៉ឹង ចាន់រតនៈ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួន កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចំណតរថយន្តរិទ្ធិមុន្នី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប,
ខេត្តសៀមរាប បន្ទាប់ពី គាត់បាន ចាក់សម្លាប់ ជនរងគ្រោះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល រួចរត់គេចខ្លួន ទៅលាក់ខ្លួន នៅក្នុងខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២