ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែមករា នេះ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសាធារណរដ្ឋសិង្ហបុរី គណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជា រួមជាមួយលោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យ ដឹកនាំការសម្តែង និងក្រុមការងារប្រតិបត្តិសរុបចំនួន ៣៥នាក់ ដឹកនាំដោយ លោកជំទាវ ដាំ ដារិនី អនុប្រធាន ស.ស.យ.ក. នឹងអញ្ជើញទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈឆ្នាំ២០២៣ នៅទីតាំង F1 Pit Building,សាធារណរដ្ឋសិង្ហបុរី។

សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។ ដោយឡែកនៅក្នុងឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នឹងរៀបចំឡើងដោយមានការរំពឹងទុកអ្នកចូលរួមជាង ១០.០០០នាក់ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិ សាសន៍រៀងៗខ្លួន នៅក្នុងក្បួនដង្ហែ «ឈីងហ្គេ” ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋសិង្ហបុរី។

សូមជម្រាបជូនដែរថា តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណៈរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍កូនដង្ហែឈីងហ្គេ ចំនួនពីរលើករួចមកហើយ។ ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រតិភូកម្ពុជាបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ «សុខដុមក្នុងភាពចម្រុះនៃវប្បធម៌ (Unity in Cultural Diversity)»។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន៥ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖ «ភាពសុខដុម (HARMONY)»។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេឆ្នាំ២០២៣» នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ « Embrace Tomorrow» ហើយប្រទេសកម្ពុជាបានត្រៀមនូវការសម្ដែងដ៏ពិសេសមួយក្រោមប្រធានបទ៖ «ក្តីសង្ឃឹមរបស់យើង (Our Hopes)» ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក ដើម្បីយកទៅសម្ដែងជូនដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែរដោយផ្ទាល់ ឬ ទស្សនាតាមការផ្សព្វផ្សាយនានា។ ការសម្តែងទាំងមូល នឹងបង្ហាញក្តីសង្ឃឹម និងភាពសុខដុមរបស់ប្រជា ជាតិខ្មែរ ក៏ដូចជាភាពស្រស់ត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព៕ រក្សាសិទ្ធិដោយៈ ចេស្តារ



