Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​ស្ថាបនា​ផ្លូវ​បេតុង​២​ខ្សែ តាម​សំណូមពរ​និង​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ឱ​ឡោក​

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី ពិនិត្យ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​មុន​នៃ​ការបើក​ការដ្ឋាន​ស្ថាបនា​ជូន​ពួកគាត់​ចំនួន​២​ខ្សែ ក្រោយពី​មាន​សំណូមពរ​និង​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ឱ​ឡោក ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ វិច្ឆិកា​នេះ​។​

​បើតាម​ការ​ឱ្យដឹងពី​លោក​ចៅសង្កាត់​ឱ​ឡោក​ថា ផ្លូវ​ចំនួន​២​ខ្សែ​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ ហើយ​ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ឯកភាព​ផ្តល់ជូន​នេះ ខ្សែ​ទី​១ ផ្លូវ​ទួល​លាភ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ត្នោត ភូមិ​ត្រពាំង​អារក្ស ដោយ​ចាប់ពី​រង្វង់​មូល​លោកតា ក្រម ង៉ុ​យ ទៅដល់​ភូមិ​ត្រ​ពាំ​ត្នោ​យ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ប្រវែង​ជាង​២៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ។​ចំណែក​ផ្លូវ​១​ខ្សែ​ទៀត​ក៏​ចេញពី​រង្វង់​មូល​លោកតា ក្រម ង៉ុ​យ​ដែរ ឆ្ពោះទៅ​វត្ត​អង្គ​ស្តុ​ប ជាប់​ព្រំប្រទល់​ផ្លូវ​លេខ​៤២ មាន​ប្រវែង​១០០០​ម៉ែត្រ ដោយ​នឹ​ត្រូវ​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ទទឹង​៥​ម៉ែត្រ ដូចគ្នា​។​

​ចំពោះ​ផ្លូវ​ទាំង​២​ខ្សែ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​ឡើង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ដាក់ជូន​ប្រជាពលរដ្ឋ​បាន ប្រើប្រាស់​ខណៈ​ផ្លូវ​ទាំង​២​ខ្សែ​នេះ នៅ​រដូវប្រាំង​ហុយ​ខ្លាំង​និង​នៅ​រដូវវស្សា​មាន​ភក់​ពិបាក​ក្នុងការ​ធ្វើដំណើរ​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​ពិបាក​ក្នុងការ​ធ្វើដំណើរ និង​ក្រោយពី​មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​តាមរយៈ​អាជ្ញាធរ ស​ង្លា​ត់​ឱ​ឡោក ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ជា​ភរិយា​ចុះមក​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​និង​គល់​ជូន​តែម្តង​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា ការសម្រេច​អោយមាន​ការស្ថាបនា​ផ្លូវ​ទាំង​២​ខ្សែ​នេះ គឺ​ដោយ​មើលឃើញ​ពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​នេះ​ជានិច្ច​ជាការ​តែង​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ក្រោយ​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត​កន្លងមក​។ នេះ​បានបង្ហាញ​អោយឃើញ​ពី​ការគិតគូរ​ពី​សុខ ទុក្ខ​ប្រជាពលរដ្ឋ​របស់លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ពោលគឺ​បើ​កន្លែង​ណា​មានការ​លំបាក ក្នុងនាម​អាជ្ញាធរ ដែលជា​អាណាព្យាបាល ជា​ម៉ែ ជា​ឳ​របស់​ប្រជាពលរដ្ឋ តែង​ជួយ​ប្រជាពលរដ្ឋ​ជានិច្ច​៕ ដោយ​៖​កូ​ឡាប​

×