ជឿថាប្រិយមិត្តជាច្រើន ជាពិសេអ្នកស្នេហាវិស័យកីឡាប្រដាល់ បានទទួលជ្រាបរួចហើយ ដែលកាលពីប៉ុន្មានឆ្នាំមុន កីឡាករជើងខ្លាំងរហ្សនាមអ្នកលេងគុនខ្មែរដៃរហ័សលោក កែវ រំចង់ ធ្លាប់បានប្រកាសឈប់ប្រកួតជាមួយកីឡាករក្នុងស្រុកដូចគ្នា ប៉ុន្តែ លោកមិនបានលាឈប់ពីអាជីពនៅលើសង្វៀនប្រដាល់ទេ ដោយលោកបានបញ្ជាក់ថា គឺនៅតែប្រកួត ប្រសិនបើមានគីឡូជាមួយកីឡាកក្រៅស្រុក។
ពិតណាស់ ក្រោយប្រកាសឈប់ប្រកួតជាមួយកីឡាករក្នុងស្រុក កែវ រំចង់ ហាក់មិនសូវមានវត្តមាននៅលើសង្វៀនទៀតដូចមុនទៀតឡើយ តែទន្ទឹមនឹងនោះ កីឡាករប្រដាល់ដែលមានឈ្មោះបោះសំឡេងរូបនេះ ក៏ល្បីកំពុងជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យរបស់ខ្លួន ហើយក៏មិនដែលបានឃើញលោកនឹកនារឿងវៃតប់លើសង្វៀនរហូតមកដល់ពេលនេះ។
តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ ស្រាប់តែ កែវ រំចង់ បានចេញវីដេអូសម្តែងការតូចចិត្តខ្លាំង ដោយសារពុំមានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនឹងគេ។ តាមរយៈការឡាយវីដេអូ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនជាង១ម៉ោង ក្នុងនោះ លោក កែវ រំចង់ បាននិយាយបែបនេះថា៖ «»ហេតុអ្វីស៊ីហ្គេម២០២៣ គ្មានឈ្មោះ កែវ រំចង់ ? ខ្ញុំអន់ចិត្តណាស់ហេតុអ្វីមិនដាក់ឈ្មោះខ្ញុំប្រកួតតំណាងប្រទេសក្នុងស៊ីហ្គេមប្រទេសយើង ? ទាំងដែលខ្ញុំធ្លាប់កសាងឈ្មោះ ធ្លាប់ជួយលើកមុខមាត់ប្រទេសជាតិម្នាក់ដែរ។ រឿងគីឡូមិនមែនជាបញ្ហាទេ ប្រសិនបើប្រាប់ថាជ្រើសរើសខ្ញុំ ខ្ញុំអាចធ្វើបាន។ ខ្ញុំមានតែសំពះសុំបងប្អូនជួយចែករំលែក និងផ្សព្វផ្សាយព័ត៍មានដើម្បីឲ្យខ្ញុំបានប្រកួតផង»។
ទោះយ៉ាងណា ក្រោយពីបានឃើញ កែវ រំចង់ ចេញមកនិយាយហាក់អន់ចិត្តចាប់ខ្លាំងបែបនេះ ក៏មានអ្នកធ្លាប់គាំទ្រជាច្រើន បានបញ្ចេញមតិប្រាប់ទៅវិញថា៖ «រំចង់អើយរំចង់ មើលរូបរាងយើងឥឡូវហ្នឹងផង កីឡាករមិនចំកីឡាករ អ្នកលក់សាច់ជ្រូកសមណាស់ ស៊ីហ្គេមមិនអាចលេងសើចបានទេ, ចុះចាំបាច់អីត្រូវទាមទារបែបនេះ ? ? ? បងចាស់ហើយ កម្លាំងក៏មិនដូចមុនដែរ ហើយធនធានមនុស្ស (កីឡាករ) យើងរលកក្រោយ ក៏ល្អៗដែរ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




