បុរសជនជាតិរុស្សីម្នាក់ ដែលមិនចង់ឆ្លើយការអំពាវនាវរបស់លោក ពូទីន ឲ្យកាន់អាវុធ និងចូលរួមសង្គ្រាមរបស់ប្រទេសខ្លួន ប្រឆាំងនឹងអ៊ុយក្រែន បានកំពុងរស់នៅតែម្នាក់ឯងកណ្តាលព្រៃយ៉ាងជ្រៅ អស់រយៈពេលជិត៤ខែមកហើយ។
បុរសរុស្ស៊ីរូបនេះ ដែលមានឈ្មោះហៅក្រៅ Adam Kalinin បានប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែនតាំងពីដំបូង។ គាត់ត្រូវបានចាប់ខ្លួនរយៈពេល ២ សប្តាហ៍ និងពិន័យសម្រាប់ការបង្ហាញផ្ទាំងបដាដែលសរសេរថា “No to war” នៅខាងក្រៅអគារផ្ទះល្វែងរបស់គាត់។ ប៉ុន្តែនៅពេលដែលលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាចល័ត ដោយហៅបុរសជនជាតិរុស្សីប្រហែល ៣០០,០០០ នាក់ ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន លោក Kalinin ក៏បានរកវិធីដើម្បីចៀសវាងការបញ្ជូនទៅជួរមុខ។
បញ្ហាហិរញ្ញវត្ថុ មិត្តភ័ក្តិរបស់គាត់ និងគំនិតទូទៅនៃការចាកចេញពីមាតុភូមិ បានរារាំងអ្នកជំនាញផ្នែកព័ត៌មានវិទ្យាវ័យក្មេងរូបនេះ មិនឱ្យរត់ទៅប្រទេសផ្សេង ដូច្នេះគាត់បានធ្វើអ្វីដែលល្អបំផុត គឺថើបប្រពន្ធរបស់គាត់ ហើយលាទៅលាក់ខ្លួននៅកណ្តាលព្រៃត្រជាក់ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត៤ខែហើយ។
បុរសវ័យ ៣០ ឆ្នាំរូបនេះ បានប្រាប់ BBC ថា «ការចាកចេញអាចជាជំហានដ៏លំបាកមួយចេញពីតំបន់សុខស្រួលរបស់ខ្ញុំ ។ វាមិនសូវស្រួលនៅទីនេះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្រៅបែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីជៀសវាងការចល័តរបស់លោកពូទីន។ ប្រសិនបើអាជ្ញាធររកមិនឃើញខ្ញុំ ដើម្បីប្រគល់ខ្លួនតាមដីកានោះទេ ខ្ញុំមិនអាចត្រូវបានគេហៅឱ្យចូលរួមសង្គ្រាមដោយស្របច្បាប់ឡើយ។ ដូច្នេះ ខ្ញុំសម្រេចចិត្តបន្តរស់នៅក្នុងតង់ដែលមានសីតុណ្ហភាពទាបរហូតដល់ -១១ អង្សារសេ ហើយរស់រានមានជីវិតពីការផ្គត់ផ្គង់ជាប្រចាំដោយប្រពន្ធរបស់ខ្ញុំ»។
លោក Kalinin បាននិយាយថា «ប្រសិនបើពួកគេមិនអាចចាប់ខ្ញុំ ហើយនាំខ្ញុំទៅការិយាល័យចុះឈ្មោះ នោះគឺជាការការពារ 99% ប្រឆាំងនឹងការចល័ត ឬការយាយីផ្សេងទៀត»។
អ្នកឯកទេសផ្នែកព័ត៌មានវិទ្យារូបនេះ បានអរគុណចំពោះអង់តែនអ៊ីនធើរណែត រយៈចម្ងាយឆ្ងាយចងជាប់នឹងដើមស្រល់ ដែលវាធ្វើឲ្យគាត់អាចបំពេញការងារស្ទើរតែដូចដែលគាត់បានធ្វើមុន ពេលផ្លាស់ចូលទៅក្នុងព្រៃ ទោះបីជាគាត់មិនមានថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីធ្វើការពេញមួយថ្ងៃក៏ដោយ។
ប្រពន្ធរបស់ Adam Kalinin ជួយគាត់ឱ្យរស់រានមានជីវិត ដោយតែងតែនាំយកអាហារជូនគាត់ទៅកន្លែង ដែលពួកគេអាចជួបមុខគ្នាបានមួយភ្លែត។ ក្នុងនាមជាអ្នកស្រលាញ់ការរស់នៅខាងក្រៅ គាត់មានឧបករណ៍ទាំងអស់ដែលត្រូវការដើម្បីរស់ក្នុងព្រៃ ប៉ុន្តែវានឹងពិបាកសម្រាប់គាត់ ក្នុងការរស់នៅតាមរបៀបដែលគាត់ធ្វើ ដោយគ្មានជំនួយពីប្រពន្ធរបស់គាត់។
បុគ្គលិកផ្នែក IT រូបនេះ បច្ចុប្បន្នត្រូវបានលើកលែងពីការចុះឈ្មោះយោធា ហើយ Adam ខ្លួនគាត់ផ្ទាល់ មិនទាន់បានទទួលបញ្ជាការចល័តរបស់គាត់នៅឡើយទេ ប៉ុន្តែគាត់មិនចង់ប្រថុយវាទេ ជាពិសេសចាប់តាំងពីមានរបាយការណ៍ថា ការលើកលែងនេះត្រូវបានគេមិនអើពើច្រើនដង។
លោក Kalinin ក៏បានត្អូញត្អែរថា៖ «យើងមានរដ្ឋផ្តាច់ការដែលមានឥទ្ធិពលខ្លាំង។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ច្បាប់ត្រូវបានធ្វើឡើងក្នុងល្បឿនមិនគួរឱ្យជឿ។ បើមនុស្សម្នាក់និយាយប្រឆាំងនឹងសង្គ្រាម រដ្ឋនឹងដេញតាមចាប់ពួកគេ មិនឲ្យរួចខ្លួននោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


