មហាជនពិតជាក្តៅក្រហាយ និងផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពីបានដឹងថា ភាពអសន្តិសុខដ៏រ៉ាំរ៉ៃ បង្កឡើងដោយពួកក្មេងពាល បណ្តាលឲ្យអ្នកដំណើររងគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតករណីខ្លះបាត់បង់អាយុជីវិតក៏មាន តែបែរជាសមត្ថកិច្ចមូលដ្ឋាន នៃចំណុចផ្លូវបំបែក «បែកគូស មកអង្គតាសោម» អសមត្ថភាពមិនដែលចេញល្បាតបង្រ្កាប និងវែកមុខរកឃើញពួកក្មេងពាលទាំងនោះបានម្តងណាឡើយ ដោយទុកឲ្យពួកវាបន្តស្ទាក់គប់ដុំថ្មទៅលើឡានអ្នកដំណើរ បង្កគ្រោះថ្នាក់មកទល់ពេលនេះ។
ជាក់ស្តែង នារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Emmy TinTin ដែលក្រុមគ្រួសាររបស់នាងរងគ្រោះថ្នាក់ដោយសារពួកក្មេងពាលប្រចាំចំណុចទីតាំងនោះ គប់ដុំបណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវបញ្ជូនទៅសង្គ្រោះនៅក្រៅប្រទេសជាបន្ទាន់ បានបង្ហោះសារសួរទៅកាន់សមត្ថកិច្ចនៅទីនោះ និងរៀបរាប់ទាំងការឈឺចាប់ថា៖ «ថ្ងៃនេះ ខ្ញុំសូមនិយាយពាក់ពន្ធ័នឹងករណីអសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខបី ចំនុចទីតាំង ពីផ្លូវបំបែក បែកគូស មកអង្គតាសោម ខេត្ត តាកែវ ថ្ងៃទី 23 មករា វេលាម៉ោង 5ល្ងាច កន្លងមកនេះ ដែលក្រុមគ្រួសារខ្ញុំជួបគ្រោះថ្នាក់ ដោយក្មេងពាលមួយក្រុម បានគប់ដុំថ្មចូលមកក្នុងកញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្ស ទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង សង្គ្រោះបឋម ពីទីតាំងផ្ទាល់ ដល់ទីរួមខេត្ត តាកែវ បញ្ជូនមកពេទ្យធំ ភ្នំពេញ ឈានដល់បញ្ជូនទៅក្រៅប្រទេសជាបន្ទាន់»។
គណនីខាងលើបន្តថា «ចំពោះករណីនេះ នាងខ្ញុំបានផ្តល់ដំណឹងដល់សមត្ថកិច្ច ក្នុងមូលដ្ឋានរួចរាល់ហើយ តែនៅមិនទាន់ទទួលបានដំណឹង ការកំនត់ពីជនពាលបង្កនៅឡើយទេ ក្នុងករណីនេះ គឺខ្ញុំបានលឺមកថា វាកើតឡើងជាញឹកញាប់ណាស់ នៅតំបន់ទីតាំងនោះ ករណីគប់ដុំថ្ម ចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលបានឆ្លងកាត់ គឺមានករណីរងគ្រោះមុនៗ រួចមកហើយ ខ្ញុំទទួលបានដំណឹង ពីសមត្ថកិច្ចនៅរូបភាពតាមកាមេរ៉ាសុវត្ថិភាព តែបន្តទៅទៀតយ៉ាងណា គឺ ខ្ញុំកំពុងរង់ចាំតើគួរមានវិធានការបែបណាបន្តទៀត ចំពោះភាពអសន្តិសុខបែបនេះ?។ រូបនាងខ្ញុំផ្ទាល់ និងក្រុមគ្រួសារ មានការឈឺចាប់ណាស់ និងមិនអាចទទួលយកបានឡើយ នូវទង្វើក្មេងពាលបែបនេះទេ សូមសមត្ថកិច្ច មេត្តាវែកមុខជនបង្កអោយបានឆាប់ៗ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវនោះផង។
បងប្អូនប្រជាពលរដ្ឋ ពិតជាធ្លាប់ជួប ធ្លាប់យល់ពីការឈឺចាប់ របស់ក្រុមគ្រួសារខ្លួនយើង ដែលត្រូវរងគ្រោះ រងការឈឺចាប់ ស្ទើរតែបាត់បង់ជីវិត ទាំងមិនដឹងខ្លួនបែបនេះ។ បើមិនអាចរកជនដៃដល់ ឃើញ តើថ្ងៃខាងមុខ នឹង កើតលើអ្នកណា??»។
ជាមួយគ្នានេះ ក៏បានឃើញអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកបានដឹងពីអសន្តិសុខនៅតំបន់នេះច្បាស់ បានប្រាប់ឲ្យដឹងថា «ផ្លូវជាតិលេខ3 យប់ឡើង ពីម្តុំផ្សារត្រាំខ្នារ មកដល់ថ្នល់បែកគូសហ្នឹង អសន្តិសុខណាស់ ។ ករណីហ្នឹងកើតឡើងមករាប់ឆ្នាំហើយ តែគ្មានចាប់បានអីមួយសោះ? អត់យល់ៗៗៗ ហើយមិនដឹងពួកអាក្មេងពាលគប់កញ្ចក់អស់ហ្នឹង វាមានបំណងអីអោយប្រាកដ? វាចង់ប្លន់? ព្រោះអ្នកដំណើរខ្លះក៏គេចរួច។ រីឯអ្នកខ្លះទៀត ក៏បានប្រាប់ឲ្យដឹងដែរថា «ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ជួបដែរ បួនឆ្នាំមុនពួកម៉ាកខ្ញុំស្លាប់ក៏ដោយសារករណីហ្នឹងដែរ, ខ្ញុំធ្លាប់ជួបច្រើនដងដែរ ព្រោះខ្ញុំជាអ្នករត់ឡាននៅទីនោះតែដូចជាគ្មានវិធានការទប់ស្កាត់សោះ ហើយភាគច្រើនវាគប់នៅម៉ោង 3 ម៉ោង 4រៀបភ្លឺ គប់ត្រូវឡានគ្នាខ្ញុំពីរដងដែរ តែសំណាងល្អអត់អី គប់ត្រូវជញ្ជាំងឡាន,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








