កាសែត Express ដែលដកស្រង់សម្តីរបស់អ្នកកាសែតអាមេរិក Will Ripley កំពុងស្នាក់នៅក្រុងព្យុងយ៉ាងបានពណ៌នាថា ស្នូស៊ឺរ៉ែននេះ ពិតជាចម្លែកខុសធម្មតា។ លោកប្រាប់ថា ថ្វីត្បិតដឹងមុនថា វាជាសមយុទ្ធហ្វឹកហ្វឺន១ក្តី តែស្នូរសំឡេងនេះធ្វើឲ្យមនុស្សម្នាទទួលអារម្មណ៍ភ័យខ្លាច។
ថ្មីៗនេះប្រធានាធិបតីអាមេរិក Donald Trump បានព្រមានប្រធានកូរ៉េខាងជើង Kim Jong-Un ថា “នាវាផ្ទុកយន្តហោះ៣គ្រឿងធំបំផុតពិភពលោក បានស្ថិតនៅទីតាំងសមស្របមួយ” ដើម្បីប្រឈមមុខជាមួយក្រុងព្យុងយ៉ាង។ ភ្លាមៗនោះកូរ៉េខាងជើងមានប្រតិកម្មយ៉ាងខ្លាំងក្លា។
នៅអំឡុងពេលទស្សនៈកិច្ចចិន លោក Trump បានស្នើសុំប្រធាន ស៊ី ជិនពៀន ឲ្យអន្តរាគមន៍នឹងបន្ថយភាពតានតឹង ព្រោះតាមលោកនោះ “ចិនអាចកែសម្រួលបញ្ហានេះងាយស្រួលហើយឆាប់រហ័ស”៕ សូយន