Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវទឹកព្រែកជីកពីទន្លេបាសាក់ ទៅកំពង់ផែសមុទ្រខេត្តកំពត មិនមានផលប៉ះពាល់ទេ

spot_img

ភ្នំពេញ ៖ ការសិក្សាពីគម្រោងផ្លូវទឹកព្រែកជីកពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត ដើម្បីជាផលប្រយោជន៍ ក្នុងការដឹកជញ្ជូនតាមផ្លូវឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយបានទាំងការចំណាយពេលពេលានិងថវិកា។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងជំនួបជាលោក Rajeev Kannan នាយកប្រតិបត្តិសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking Corporation (SMBC) ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងនេះក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ ហើយប្រសិនបើរកបានដៃគូអភិវឌ្ឍន៍នោះ គម្រោងនេះនឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាទាំងផ្នែកពាណិជ្ជកម្មនិងទេសចរណ៍ផងដែរ។

ឯកឧត្តម បានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការអភិវឌ្ឍវិស័យកំពង់ផែក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត និងបានបន្ថែមថារាជរដ្ឋាភិបាលមានគម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន និងបានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា៕

spot_img
×