សំបុត្រនេះត្រូវបានប្រតិភូរបស់កូរ៉េខាងជើង ផ្ញើតាមរយៈប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina Matvienko ជូនទៅឲ្យប្រធានាធិបតី Vladimir Putin ដើម្បីប្រាប់ថា ក្រុងព្យុងយ៉ាងបានត្រៀមបំរុងសម្រាប់ប្រតិបត្តិការវាយលុកនុយក្លេអ៊ែរសំដៅអាមេរិក។
ប៉ុន្តែតាមស្ថានីយ៍វិទ្យុ Spumik របស់រុស្ស៊ី អ្នកនាំពាក្យវិមានក្រែមឡាំង Dimitry Peskov ថ្ងៃទី១១ ខែវិច្ឆិកា ឲ្យដឹងថា លោកពុំបានដឹងអ្វីពីសំបុត្រត្រូវបានផ្ញើពីសំណាក់មេដឹកនាំគីម ជុងអ៊ុន ឲ្យប្រធានាធិបតី ពូទីន ទេ។
ភាគីប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី អ្នកស្រី Valentina Matvienko បញ្ជាក់ថា សំបុត្រនេះត្រូវបានកូរ៉េខាងជើង បញ្ជូនមកដល់អ្នកស្រីក្នុងអង្គប្រជុំសម្ព័ន្ធអន្តរសភាពិភពលោកប្រព្រឹត្តទៅកាលពីខែតុលា។
ហេតុការណ៍ខាងលើបានកើតឡើង ក្រោយពីប្រភពក្តាប់បានច្បាស់ពីខ្លឹមសារនៃបណ្តាកិច្ចចរចាអំឡុងខែតុលា បង្ហើបប្រាប់ Spunick ថា ក្រុងវ៉ាស៊ីនតោន បានប្តូរទស្សនៈចំពោះបញ្ហាក្រុងព្យុងយ៉ាង ក្រោយពីទទួលបានការប្រកាសឲ្យដឹងពីខ្លឹមសារនៃសំបុត្រនេះ។
ព័ត៌មានពីការវាយប្រហារនុយក្លេអ៊ែរមួយដែលបានត្រៀមទុកសំដៅវាយលុកអាមេរិក បានលេចឮឡើងបន្ទាប់ពី ប្រធានាធិបតីពូទីន ទើបនឹងថ្លែងសុន្ទរកថា ថ្ងៃ១១/១១ថ្មីៗនេះ ថា រុស្ស៊ីនិងចិនមានទស្សនៈរួម អំពាវនាវឲ្យចរចាដើម្បីដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ។
បញ្ហាកូរ៉េខាងជើងជាផ្នែកលេចធ្លោរមួយ ក្នុងកម្មវិធីការងាររបស់ប្រធានាធិបតី ត្រាំ ក្នុងអំឡុងពេលទស្សនៈកិច្ចទ្វីបអាស៊ី។ មេដឹកនាំអាមេរិកឲ្យដឹងថា លោកសង្ឃឹមសមភាគីរុស្ស៊ីនឹងជួយដោះស្រាយវិបត្តិកូរ៉េខាងជើង។
ស្ថានការណ៍នៅឧបទ្វីបនេះ បានអាក្រក់ឡើងៗ យ៉ាងច្បាស់ក្រឡែត អំឡុងប៉ុន្មានខែចុងក្រោយនេះ ក្រោយពេលក្រុងព្យុងយ៉ាងបានដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី៦ ទាំងល្មើសបំពានចំពោះសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ សូយន