Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាស្រី២ដួង លាភាពនៅលីវ ដោយសម្រេចចូលរោងការនៅដើមខែនេះ

spot_img

ភ្នំពេញ ៖ តារាស្រី២ដួងគឺនាង លី ឌីណា ហៅ ភីយ៉ា និងនាង ជា ស្រីរ័ត្ន បានសម្រេចចូលរោងការលាភាពនៅលីវនាដើមខែកុម្ភៈនេះ បន្ទាប់អ្នកទាំងពីរបានរកឃើញបុរសដែលល្អសម្រាប់សាងគ្រួសារទៅថ្ងៃអនាគត។

តាមគម្រោងតារាសម្តែង និងជាផលិតករភាពយន្តនាង ជា ស្រីរ័ត្ន នឹងចូលរោងការជាមួយតារាប្រុសលោក ស្រេង វុធថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលតារាសម្តែងសច់សខ្ចីនាង លី ឌីណា ហៅ ភីយ៉ា ចូលរោងការជាមួយអនាគតស្វាមីជាមន្ត្រីរាជការមួយរូបនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ។

តារាសម្តែងនាង លី ឌីណា ឬ ភីយ៉ា បានលើកឡើងងថា នាងនឹងចូលរោងការនាពេលឆាប់ៗនេះ ក្នុងពេលដែលអ្វីៗបានត្រៀមរៀបចំទុករួចរាល់អស់ហើយ។

នាងបញ្ជាក់ថា តាមគម្រោងនាងនឹងរៀបចំពិធីមង្គការនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយពីធិនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលព្រីមាសែនសុខ។
នាងបន្ថែមថា មង្គលការរបស់នាងនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសដែលមានមុខមាត់ក្នុងសង្គមមួយចំនួន ព្រមទាំងសាច់ញាតិទាំងសងខាង ជាពិសេសនោះគឺបណ្តាអ្នកសិល្បៈជាច្រើនរូបផងដែរ។

នាងបន្តថា ស្វាមីរបស់នាងគឺជាមន្ត្រីរាជការនៅក្នុងក្រសួងមួយដែលមានវ័យ៤០ប្លាយ ដែលបានស្គាល់ និងសាកមើលចិត្តគ្នាអស់រយៈពេលប្រមាណជា៧ឆ្នាំមកហើយ ទម្រាំឈានមកដល់ពិធីមង្គលការជាផ្លូវការនាពេលនេះ។
នាងបានបញ្ជាក់ថា ចំណុចល្អរបស់អនាគតស្វាមីនាងមួយចំនួនដែលធ្វើឲ្យនាងសម្រេចរៀបការនាពេលនេះ គឺគាត់ជាមនុស្សមានចារិកចាស់ទុំ មានក្តីមេត្តា ចិត្តល្អ ហើយជាមនុស្សម្នាក់ដែលចិត្តធ្ងន់ ។

យ៉ាងណាបើតាម ភីយ៉ា ក្រោយពីរៀបការរួចហើយនោះ សម្រាប់ការងារសិល្បៈគឺនាងនៅតែបន្តដដែល ដោយអនាគតស្វាមីរបស់នាងមិនបានហាមឃាត់ចំពោះរឿងនេះឡើយ ប៉ុន្តែនាងក៏ត្រូវពិចារណាចំពោះការទទួលការសម្តែងនេះផងដែរ។
ដូចគ្នានេះតារាសម្តែងលោក ស្រេង វុធថា បានប្រកាសពីពេលវេលាចូលរោងការជាផ្លូវការជាមួយតារាសម្តែងស្រីនាង ជា ស្រីរ័ត្ន បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ ។

តារាសម្តែងលោក ស្រេង វុធថា បានប្រកាសថា លោក នឹងចូលរោងការជាមួយ ជា ស្រីរ័ត្ន នៅ ថ្ងៃ ព្រហស្បតិ៍ ទី២ខែ កុម្ភៈ ឆ្នាំ ខាងមុខនេះ នៅវិមានពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មង្គលការរបស់ពួកគេនឹងមានអ្នកសិល្បៈចូលរួមច្រើន ដោយសារតែក្រៅពីអាជីពសម្តែងអ្នក ទាំងពីរក៏ជាអ្នកដឹកនាំរឿង ហើយស្នាដៃរបស់ពួកគេក៏ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនផងដែរ។

កន្លងមកតារាសម្តែងនាង ជា ស្រីរ័តុ្ន ធ្លាប់បានអះអាងថា នាងបានសម្រេចភ្ជាប់ពាក្យជាមួយតារាសម្តែងប្រុសលោក ស្រេង វុធថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីបានស្គាល់គ្នាអស់រយៈពេលប្រមាណជា៥ឆ្នាំ ហើយរឿងរ៉ាវស្នេហាក្រៅឆាករបស់នាងនាពេលនេះ ក៏មានការលាក់លៀមដែរ ពោលគឺមានការដឹងលឺច្រើននៅក្នុងសង្គមសិល្បៈ និងមានការចុះផ្សាយតាមបណ្តាញសារព័ត៌មានជាបន្តបន្ទាប់ផងដែរ។
ទោះជាយ៉ាងណា មង្គលការរបស់ពួកគេមិនអាចកើតមានឡើងភ្លាមៗនោះឡើយ ដោយសារមូលហេតុអ្នកទាំងពីរមានការមមាញឹកខ្លាំងទៅលើការងារសិល្បៈដោយមិនអាចកំណត់ថ្ងៃមង្គលការ ណាមួយអំឡុងពេលនោះកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែលកំពុងញាំញីដោយសារជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយទស្សនិកជន ក៏ដូចជាបណ្តាអ្នកគាំទ្ររំពឹងថា ការសម្រេចភ្ជាប់ទំនាក់ទំនងស្នេហ៍ជាប្តីប្រពន្ធ រវាងគូស្នេហ៍តារាទាំងពីរគូខាងលើនេះនឹងទទួលបានសុភមង្គល និងអាចរស់នៅជាមួយគ្នារហូតដល់ចាស់រៀងខ្លួន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×