ថ្មីៗនេះ រូបភាព២សន្លឹក បង្ហាញឪពុកម្តាយវ័យចំណាស់មួយគូ ទៅទទួលសញ្ញាប័ត្រ ជំនួសកូនប្រុសជាទីស្រលាញ់ ដែលបានបាត់បង់ជីវិត បានកំពុងអង្រួនបេះដូងមហាជន ឲ្យរំជួលចិត្ត និងសោកស្រណោះជាពន់ពេកក្រៃ។
ទន្ទឹមនឹងនេះ គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ Sam Thavy បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់វីដេអូដ៏រំជួលចិត្ត រៀបរាប់ទាំងអួលដើមកថា៖ «វាជាអារម្មណ៍ខ្លោចផ្សារសោកសង្រែងបំផុត ប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រាន្តឈរជើងនៅគោលដៅលានជល់ដំរី មកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់»។
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹង និងសម្តែងការសោកស្តាយថា៖ «ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះ សន្ធា អាយុខ្លី ចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំ និងរួមការងារជាមួយ សន្ធា មិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ🥹🥹🥹 កូនអើយ គេមកទទួលទាំងអស់ បាត់តែកូនម៉ែ កូនអើយ ម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ 🥹 ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធា ហើយ»។
រីឯមូលហេតុ នៃការស្លាប់របស់អតីតនិស្សិតពូកែផ្នែកគណិតមួយរូបនេះ បើប្រភពពីមិត្តភក្តិម្នាក់ដែលធ្លាប់រៀនជាមួយគ្នាតាំងពីបឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ បានប្រាប់ឲ្យដឹងថា លោក សទ្ធា បានបាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់នៅស្រុកកំណើត ពេលសម្រាកពីការងារ។ មិត្តភក្តិរូបនោះបន្តថា សន្ធា ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើផ្ទះ ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈកំពុងផ្សារដែកធ្វើដំបូល ដែលបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
មិត្តភក្តិនោះក៏បានឲ្យដឹងថា លោក សទ្ធា ជាមនុស្សស្លូតបូត ស្គាល់ចាស់ទុំ មិនចេះដើរដូចគេទេ ពោលគឺដឹងតែខំប្រឹងរៀនសូត្រតាំងពីតូច និងទំនេរការសិក្សា តែងឆ្លៀតជួយការងារឪពុកម្ដាយនៅផ្ទះប៉ុណ្ណោះ។ លើសពីនេះ ដោយសាររូបគេជាកូនច្បង ហេតុនេះ រាល់កិច្ចការងារជាច្រើន គឺ សន្ធា ចេះស្ទើរទាំងអស់។
តែអ្វីគួរឲ្យសោកស្តាយខ្លាំងបំផុតនោះ គឺខណៈរូបគេកំពុងខិតខំស្រាវជ្រាវមេរៀន ដើម្បីប្រឡងការងារក្របខណ្ឌមន្ត្រីរាជការ និងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ពុំទាន់បានបំពេញក្តីស្រម៉ៃផង មិនគួរណារូបគេអាយុខ្លី ត្រូវបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏អកុសលមួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






