ថ្មីៗនេះ ទង្វើដ៏គ្មានបេះដូង គ្មានក្តីមេត្តា ពីសំណាក់សន្តិសុខសណ្តាប់ធ្នាប់ម្នាក់ នៅផ្សារព្រែកលាប បានធ្វើឲ្យមហាជនសម្តែងការស្អប់យ៉ាងខ្លាំង ក្រោយពីបានចុះរៀបសណ្តាប់ការលក់ដូរ នៅតាមចិញ្ចើមផ្លូវ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដោយគ្មានលើកលែងសូម្បីលោកយាយលក់ដូរដ៏កំសត់ម្នាក់។ ហើយអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថាបានប្រើពាក្យសម្តីដ៏ឆោតល្ងង់ (ហាក់ដូចខ្លួនមានអំណាចអស្ចារ្យ) ទៅកាន់លោកយាយថា «យាយឯងមើលឯកសណ្ឋាន មើលផ្លាកឈ្មោះ» ទេ!?។
ពិតណាស់ ក្នុងអំឡុងពេលនោះ គឺច្បាស់ណាស់ លោកយាយនឹងត្រូវសន្តិសុខគ្មានចិត្តធម៌រូបនោះ អូសរបស់របរលក់ដូរបន្តិចបន្តួចរបស់គាត់ គ្រាន់ដើម្បីបានចិញ្ចឹមជីវិត យកទៅបាត់ហើយ បើកុំមានស្រ្តីម្ចាស់ផ្ទះចិត្តធម៌ និងបុរសម្នាក់ចេញមុខជួយការពារ ដោយបានដាក់ទៅកាន់សន្តិសុខរូបនោះយ៉ាងខ្លាំងៗថា «ម៉ែគេម៉ែយើង ឲ្យគាត់លក់បន្តិចអីក៏មិនបាន? ឯកសណ្ឋានស្អីគេហ្នឹង អីក៏កន្តេរថីម្ល៉េះ! អាងអី មកលើករបស់គាត់គ្រវែង ខ្លួនឯងដាក់ម៉ូតូលៀនដល់ថ្នល់គេមិនមាត់មួយម៉ាត់… បើគេធ្វើបាបម្តាយលោកឯង លោកឯងឈឺចាប់ដែរអត់….»។
ទោះយ៉ាងណា ក្រោយទង្វើដ៏គ្មានចិត្ត គ្មានបេះដូង របស់សន្តិសុខរូបនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម ជាមួយមតិមហាជនរិះគន់ និងខឹងសម្បារយ៉ាងខ្លាំងរួចមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បាននាំយកអង្ករមួយបាវ ទៅជួនលោកយាយ និងបានណែនាំឲ្យសន្តិសុខរូបនោះទៅសុំទោសលោកយាយ និងបានព្រមានថា បើសិនជាមានរូបភាពបែបនេះ កើតឡើងម្តងទៀត នឹងដកបញ្ឈរជើងតែម្តង។
ជាមួយគ្នានោះ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានជួយសម្របសម្រួល រៀបចំកន្លែងឲ្យលោកយាយលក់ដូរត្រឹមត្រូវ នៅជាប់នឹងម្ចាស់ផ្ទះចិត្តធម៌មួយកន្លែងនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











