ក្នុងនាមជាមន្រ្តី គឺមានភាពគត់មុត និងស្វាហាប់ណាស់ ពោលគឺមិនបង្ហាញអាកប្បកិរិយាទន់ជ្រាយនោះឡើយ។ ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺវីដេអូថ្មីមួយដែលកំពុងល្បីនៅលើបណ្តាញសង្គម TikTok បានបង្ហាញទាហានស្រីៗប៉ុន្មាននាក់ទាំងនេះ ប្រហែលទើបចូលថ្មី បែរជានាំគ្នាបញ្ចេញឥរិយាបទម្ញិម្ញ៉ក់ ឡិឡក់បែបនេះទៅវិញ ដោយគ្មានគិតធ្វើឲ្យអាប់ឱនតម្លៃកងទ័ពសោះឡើយ។
តាមរយៈវីដេអូ ២៣ វិនាទី បានបង្ហាញនារីជាទាហានចំនួន ៧ នាក់ បានតម្រង់ជួរនៅមុខកាមេរ៉ា និងចាប់ផ្តើមបញ្ចេញកាយវិការបែបប្រលងបវរកញ្ញា ដោយបានណែនាំខ្លួនម្នាក់ម្តងៗ មកពីខេត្តនេះខេត្តនោះ ហើយអ្វីដែលពិសេសនោះ គឺបានពោលពាក្យប្រាប់ថា «នៅ Singel នៅទំនេរ ជិតបានប្តីហើយ និងចង់បានប្តីខ្លាំងណាស់» ដែលឃើញហើយ លឺហើយ រកនិយាយមិនចេញនោះទេ។
ពិតណាស់ ក្រោយពីបានឃើញចេញមករបៀបៗនេះ មហាជនបានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងរិះគន់ចំៗថា៖ «យូរៗទៅនាំគ្នាបែកៗអស់ហើយ, ចប់ហើយមន្ត្រីខ្ញុំ, បើយ៉ាងនេះៗ តើការពារជាតិម្ដ៉េចកើតទៅ លោកស្រីៗអើយ, ចិត្តចង់ក្លាយជាបវរកញ្ញា តែម៉ែបង្ខំឲ្យធ្វើទាហាន យ៉ាប់មែនហ្មង!!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






